Lamine Yamal ខ្សែបម្រើឆ្នើម Barcelona លុបរូបភាពទាំងអស់របស់មិត្តស្រីជាតារាចម្រៀងរ៉េប Nicki Nicole ក្រោយអ្នកទាំងពីរ ទាក់ទងគ្នាមួយសប្តាហ៍ជាសាធារណៈ។ ករណីនេះកំពុងផ្ទុះការចាប់អារម្មណ៍ជាថ្មី អំពីការបែកបាក់ស្នេហាម្តងទៀត របស់កីឡាករ វ័យ១៨ឆ្នាំ។
កាលពីថ្ងៃទី២៥ សីហា Yamal បង្ហោះរូបលើបណ្តាញសង្គម កៀកកើយជាមួយនឹងតារាចម្រៀងរ៉េបអាហ្សង់ទីន វ័យ ២៥ឆ្នាំ អំឡុងពិធីខួបកំណើតរបស់នាង។ យុវជនវ័យ ១៨ឆ្នាំ បានបង្ហោះរូបនោះលើបណ្តាញសង្គម ហើយក៏ជាពេលនៃទំនាក់ទំនងអ្នកទាំងពីរ ចាប់ផ្តើម។
Nicki Nicole ក្រោយមកក៏បានទៅទស្សនាការប្រកួតរបស់ក្លិប Barcelona ហើយបានពាក់អាវលេខ ១០ តំណាងឱ្យមិត្តប្រុសវ័យក្មេងរបស់នាង អំឡុងពេលទៅគាំទ្រនោះ។
យ៉ាងណាមិញ កាលពីថ្ងៃទី១ កញ្ញា រាល់រូបថតរបស់ Nicki Nicole ត្រូវបាន Yamal លុបបាត់ចេញពីបណ្តាញសង្គមរបស់ខ្លួន។ លើគណនីរបស់ Nicole ក៏គ្មានការចុចតាមដានពីសំណាក់ Yamal ផងដែរ។
ទង្វើកីឡាករម្ចាស់ពាន Euro 2024 ធ្វើឱ្យផ្ទុះចចាមអារ៉ាមជាច្រើន លើការបែកបាក់ស្នេហាម្តងទៀត យ៉ាងលឿនរហ័ស ស្របពេលអ្នកគាំទ្រខ្លះទៀតជឿថា ការលុបចោលនោះ ជាសញ្ញាការចែកផ្លូវគ្នាពិតប្រាកដ។ អ្នកគាំទ្រខ្លះទៀត លើកឡើងថា ទាំងកីឡាករអេស្ប៉ាញ និង Nicole ចង់រក្សាទំនាក់ទំនងបែបឯកជន ក្រោយពីទទួលការទាក់ទាញខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយពេលកន្លងមក។
ត្រឹមតែជាការបង្ហោះរូបភាពលើការបង្ហាញរឿងរ៉ាវប្រចាំថ្ងៃ (Story) លើបណ្តាញសង្គម អ្នកគាំទ្រផ្សេងទៀតគិតថា នោះគ្រាន់តែជាការបង្ហោះ ដើម្បីបង្ហាញការអបអរ តែមិនប្រាកដថា អ្នកទាំងពីរ មានទំនាក់ទំនងស្នេហានឹងគ្នាមែននោះឡើយ។
Nicki Nicole ឈ្មោះដើម Nicole Denise Cucco ជាតារាចម្រៀងសញ្ជាតិអាហ្សង់ទីន ធ្លាប់ឈ្នះពានរង្វាន់តារាចម្រៀងឡាទីនល្អឯក (Latin Grammy) ៨លើក ហើយបទល្បីរបស់នាង ចំណងជើង Wapo Traketero បានផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងឆ្នាំ ២០១៩។ Yamal វិញ ជាកីឡាករខ្លាំងបំផុតមួយពេលបច្ចុប្បន្ន គេជាបេក្ខភាពប្រជែង Ballon d’Or ឆ្នាំ ២០២៥ តែមួយរយៈចុងក្រោយនេះ គេមានរឿងអាស្រូវស្នេហាជាច្រើន៕
ប្រភព៖ THMEYTHMEY