(ឡុងដ៍)៖ ខ្សែការពារ Djed Spence មានក្តីរំពឹងចំពោះអនាគតបាល់ទាត់របស់គេ ក្រោយពេលត្រូវបានកោះហៅចូលជម្រើសជាតិតោកំណាចអង់គ្លេសលើកដំបូង ក្នុងនាមកីឡាករកាន់សាសនាអ៊ីស្លាម។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Spence ដែលបានផ្តើមអាជីពបាល់ទាត់ក្នុងក្លឹប Middlesbrough មុនពេលចូលរួមជាមួយ Tottenham Hotspur នាឆ្នាំ២០២២ នោះ ត្រូវបានជ្រើសរើសចូលរួមក្រុមធំអង់គ្លេសជាលើកដំបូង ដើម្បីលេងជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបទល់នឹងអង់ដូរ៉ា និងស៊ែប៊ី។
ខ្សែការពារដែលធ្លាប់លេងបាន ៦ប្រកួតក្នុងក្រុមឈុតជម្រើសជាតិ U-21 អង់គ្លេស Spence បានថ្លែងថា «វាពិតជាមហាកិត្តិយសខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំពិតជារកពាក្យអ្វីថ្លែងមិនចេញទេ ដែលបានចូលរួមជាមួយក្រុមធំអង់គ្លេសពេលនេះ។ អរគុណព្រះជាម្ចាស់»។
គួរបញ្ជាក់ផងថា តោកំណាចអង់គ្លេស ត្រូវប៉ះក្រុមជម្រើសជាតិអង់ដូរ៉ា នៅកីឡដ្ឋាន Villa Park របស់ក្លឹប Aston Villa នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ មុនពេលធ្វើដំណើរទៅជួបម្ចាស់ផ្ទះស៊ែប៊ី នៅទីក្រុង Belgrade ៣ថ្ងៃបន្ទាប់ ក្នុងនាមជាក្រុមដែលកំពុងឈរទីកំពូលតារាងបណ្តោះអាសន្ននៃពូល K ក្រោយលេងបាន ៣ប្រកួតមិនចាញ់៕
ប្រភព៖ FRESHNEWS