សៀមរាប៖ សាក្សីរស់នៅទីនេះ! ចម្ងាយដល់ទៅជាង៤២.១៩៥គីឡូម៉ែត្រ ជាការរត់កម្សាន្ត (Fun Run) គឺមិនពិតនោះឡើយ។ តាមពិតទៅ អ្នកណាក៏ដឹងដែរ ប៉ុន្តែឆ្លងតាមបទពិសោធន៍ផ្ទាល់ពីការរត់ក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ (Angkor Empire Marathon) លើកទី១០ នៅបរិវេណរមណីយដ្ឋានអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែសីហា ខ្ញុំលើកយកទឡ្ហីករណ៍ជាក់ស្តែងនេះ មកបញ្ជាក់បន្ថែម។
គេងពីព្រលប់ ព្រោះត្រូវប្រញាប់ក្រោក ប៉ុន្តែជឿទៅ ទាំងខ្ញុំ ទាំងគេ ច្បាស់ជាមិនសូវលក់ស្កប់ស្កល់នោះឡើយ ជាពិសេសអ្នកដែលទើបចូលរួមលើកដំបូង (មាន់ថ្មី) ដោយសារតែការរំភើប ក្តីបារម្ភ និងអារម្មណ៍ច្របូកច្របល់ផ្សេងៗ ហើយបើទោះបីជាកំណត់ម៉ោងរោទិ៍ហើយក៏ដោយ ក៏មិនសូវជឿជាក់លើនាឡិកានោះដែរ។
ចេញដំណើរពីម៉ោង៣យប់ ដើម្បីឆ្ពោះទៅកាន់បរិវេណប្រាសាទអង្គរវត្តឱ្យបានមុនម៉ោង៤កន្លះ។ នេះជាវិញ្ញាសាដ៏លំបាកមួយទៅហើយសម្រាប់អ្នករត់ដែលមិនមែនជាក្រុមលំដាប់ខ្ពស់ (Elites) ឬអ្នកធ្លាប់មានបទពិសោធន៍ពីមុន។
ដំណើរចេញពីម៉ោង៤ និង៣០នាទីយប់
ការប្រកួតបានចាប់ផ្តើមតាមពេលវេលាដែលបានកំណត់ គឺម៉ោង៤ និង៣០នាទី ក្រោយការថ្លែងសុន្ទរកថារបស់លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ជំហានរបស់អ្នករត់គ្រប់រូប មិនមែនតែដើម្បីសុខភាព និងការផ្សព្វផ្សាយតំបន់ទេសចរណ៍នោះទេ ប៉ុន្តែវាជាជំហានដើម្បីបង្ហាញសារ «សន្តិភាព» បង្ហាញជំហរការពារសម្បត្តិបេតិកភណ្ឌមនុស្សជាតិ លើកទឹកចិត្តវីរកងទ័ពជួរមុខនៅតាមបណ្តោយព្រំដែន និងនឹករលឹកដល់ការលំបាករបស់ជនភៀសសឹក ដោយសារតែការយាយីពីសំណាក់យោធាថៃ។
ទាំងនេះ ពិតជាកម្លាំងចិត្តដ៏មាំសម្រាប់អ្នកចូលរួមរត់ទាំងអស់ ប៉ុន្តែស្ថានភាពផ្ទាល់នៅលើផ្លូវចម្ងាយជាង៤២គីឡូម៉ែត្រ គឺស្ថិតលើបុគ្គលម្នាក់ៗ។
ចេញពីបរិវេណប្រាសាទអង្គរវត្ត ឆ្ពោះទៅកាន់ព្រះរាជដំណាក់ក្រុងសៀមរាប ហើយបន្តទៅវត្តព្រហ្មរ័ត្នដែលជាវត្តមានវ័យចំណាស់៦៥០ឆ្នាំ។ ស្ពានមុខវត្តគឺស្ថិតត្រង់ចំណុច៧គីឡូម៉ែត្រ ដោយអ្នករត់ឆ្លងស្ពានទៅផ្លូវម្ខាងទៀត ហើយរត់តាមមាត់ស្ទឹងសៀមរាបរហូតដល់ផ្លូវ៦០ម៉ែត្រ ដែលជាគោលដៅ១០គីឡូម៉ែត្រ។
ស៊ីផុយសម្រាប់អ្នកមានបទពិសោធន៍រត់ Fun Run ចម្ងាយ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ប៉ុន្តែនេះគ្រាន់តែជា១០គីឡូម៉ែត្រដំបូងប៉ុណ្ណោះ ខណៈដំណើរនៅសល់រហូតដល់ទៅជាង៣២គីឡូម៉ែត្រទៀតឯណោះ។ ចេញពីផ្លូវ៦០ម៉ែត្រ អ្នករត់បន្តចូលទៅផ្លូវអប្សរា ហើយចំណាយជាង៥គីឡូម៉ែត្រទៀត ទើបទៅដល់ចំណុចត្រួតពិនិត្យសំបុត្រទស្សនាអង្គរ (Angkor Pas Checkpoint)។
លើស១០គីឡូម៉ែត្រហើយ មិនមែនជា Fun Run ទៀតទេ គឺ Long Run។ កម្លាំងរបស់ខ្ញុំក៏ចាប់ផ្តើមថមថយជាបណ្តើរៗ ប៉ុន្តែនៅអាចបោះជំហានទៅមុខ ដោយសារទទួលបាននូវការផ្គត់ផ្គង់ទឹក និងភេសជ្ជៈកីឡា ជាប្រចាំរៀងរាល់ចំណុច២គីឡូម៉ែត្រម្តង។
បន្ថែមពីលើនេះ ខ្ញុំបៀមស្ករអំបិល និងញ៉ាំជែលថាមពល ទៅតាមការណែនាំរបស់រៀមច្បងដែលមានបទពិសោធន៍ ប៉ុន្តែសូមមិនបញ្ជាក់ថា បានប្រើប្រាស់នៅពេលវេលាណាមួយជាក់លាក់នោះឡើយ ដើម្បីកុំឱ្យអ្នកអានអនុវត្តតាមទាំងខុស។
ប្រធានសក្តិក៏បានកើតឡើង..
ការរត់បានបន្តទៅកាន់ស្រះស្រង់ ដែលស្ថិតនៅចំណុចគីឡូម៉ែត្រទី១៩នៃតម្រាយផ្លូវ។ អ្វីដែលចង់ឱ្យរួចរាល់នៅមុនពេលចេញដំណើរ ប៉ុន្តែវាបានរករឿងនាអំឡុងការប្រកួតទៅវិញ នោះ គឺ «អាចម៌ដេញ» ដែលជាភាសាសាមញ្ញរបស់អ្នករត់។ ពេលខ្លះដឹងមុន តែពេលខ្លះវាប្រៀបដូចជាប្រធានសក្តិ ដែលយើងត្រៀមខ្លួនសឹងតែមិនទាន់។
ពិបាកស្តាប់ និងអាសគ្រាម បន្តិចហើយ ប៉ុន្តែបើមិននិយាយឱ្យចំៗនោះទេ វាប្រៀបដូចជាពេទ្យដែលដាក់ថ្នាំខុសសម្រាប់អ្នកជំងឺយ៉ាងដូច្នោះដែរ។ ក្នុងគ្រោះមានលាភ ពេលខ្លះ វាក៏បានជួយបន្ថែមល្បឿនសម្រាប់អ្នករត់ដោយសារតែការប្រញាប់ប្រញាល់រកបន្ទប់ទឹក ឬកន្លែងសមគួរ ប៉ុន្តែគ្រប់គ្នាមិនបានទិដ្ឋភាពបែបនេះនោះឡើយ ព្រោះវាពិតជារំខានចិត្តខ្លាំងណាស់។
ចំពោះការឈឺបន្ទោរបង់នាអំឡុងពេលរត់ ខ្ញុំជឿជាក់ថា មានករណីមិនតិចនោះឡើយ ជាពិសេសក្នុងចំណោមអ្នករត់ថ្មោងថ្មី ។ ក្រៅពីរឿងពិតរបស់ខ្លួន ខ្ញុំក៏បានឃើញ និងឮផ្ទាល់ត្រចៀកពីបណ្តាអ្នករត់ជាច្រើន ដែលរត់បណ្តើរស្រែករកបន្ទប់ទឹកបណ្តើរ។ វាជាបទពិសោធន៍មួយសម្រាប់ព្រឹត្តិការណ៍ប្រកួតលើកក្រោយ។
បញ្ចេញរួចស្រស់ស្រាយ ការរត់បន្តដំណើរនៅលើផ្លូវដែលអមដោយវាលស្រែពណ៌បៃតងឆ្ពោះទៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី។ ព្រះដាក់ជាគោលដៅទេសចរណ៍អាហារដ៏ល្បីល្បាញ ជាពិសេសនំអាកោរត្នោត ជ្រូកអាំង មាន់អាំង កង្កែបអាំង និងនំបញ្ចុកដ៏មានឱជារស ប៉ុន្តែខ្ញុំ និងអ្នករត់ភាគច្រើន បានត្រឹមតែស្រង់ក្លិនប៉ុណ្ណោះ មិនបានចូលភ្លក្សនោះឡើយ ព្រោះដំណើរនៅវែងឆ្ងាយទៀត។
រត់បានត្រឹមជាងពាក់កណ្តាលផ្លូវ ស្រាប់តែឃើញ កីឡាករ វ៉ាន់ ភារ៉ា រត់វិលត្រឡប់មកវិញដោយមានម៉ូតូនាំមុខទៅហើយ។ មិនជាថ្វីនោះទេ ព្រោះខ្ញុំស្គាល់គាត់យ៉ាងច្បាស់ថា ជាកីឡាករម៉ារ៉ាតុងជម្រើសជាតិដ៏មានបទពិសោធន៍ និងជាគ្រូដែលបង្ហាត់បង្រៀនការរត់របស់ខ្ញុំនៅក្លិប Sabay Running Club ផងដែរ។
ចុកជើង ហើយសាច់ដុំចាប់ផ្តើមកន្ត្រាក់ញឹកញាប់ ដែលជារោគសញ្ញានៃការរមួយក្រពើ ប៉ុន្តែខ្ញុំបន្តបោះជំហានទៅមុខមួយៗ ជាមួយនឹងការផ្តល់កម្លាំងចិត្តពីអ្នករត់ដូចគ្នា ដែលស្រែកថា «ស៊ូស៊ូបង ជិតដល់គោលដៅហើយ»។ ហាហា បោកសុទ្ធ នៅជិត២០គីឡូម៉ែត្រទៀតឯណោះ។
ងាកទៅអ្នកភូមិវិញ ចាស់ៗ បានជំនុំគ្នាទាក់ទងនឹងការរត់របស់យើង ខណៈក្មេងមួយចំនួន បាននាំគ្នាឈរលាដៃ ស្វាគមន៍ដើម្បីផ្តល់កម្លាំងដល់អ្នករត់ជាមួយនឹងទឹកមុខសប្បាយរីករាយ។ ដំណើរបន្តរហូតដល់ចំណុចបកក្រោយវិញ (U-Turn) នាចំណុចគីឡូម៉ែត្រទី២៥។
ប្រភព៖ THMEYTHMEY