ស្ងាត់ៗ! FIFA រកឃើញ ១៨ប្រទេស កក់កៅអីទៅ World Cup 2026 ក្នុងនោះអាស៊ី និងឡាទីន ច្រើនជាងគេ

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ដោយស្ថិតក្រោមការរៀបចំរបស់ FIFA ពេលនេះរកបាន ១៨ប្រទេស ក្នុងចំណោម ៤៨ក្រុមសរុប ដែលបានកក់កៅអីទៅជុំចុងក្រោយនាឆ្នាំ២០២៦ ក្នុងនោះដែរមានក្រុមតំណាងទ្វីបអាស៊ី និងអាមេរិកឡាទីនច្រើនជាងគេបណ្តោះអាសន្ន។

យុទ្ធនាការដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ ៤ឆ្នាំម្តង ជំនាន់ទី២៣ នឹងធ្វើនៅ ៣ប្រទេសសហម្ចាស់ផ្ទះរួមមាន អាមេរិក មិចស៊ិក និងកាណាដានោះ ចាប់ដំណើរការពីថ្ងៃទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

ជាការកត់សម្គាល់ ការប្រកួតជម្រុះតាមតំបន់នានាទាំង ៦តំបន់តាំងពីឆ្នាំ២០២៣ មកគឺមាន ៥តំបន់បានរកឃើញបេក្ខភាពតំណាងបណ្តើរៗហើយ លើកលែងតែទ្វីបអឺរ៉ុប (UEFA) ដែលមានកៅអីច្រើនជាងគេ ពុំទាន់រកឃើញមួយក្រុមនៅឡើយទេ ដ្បិតកម្មវិធីវគ្គជម្រុះ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា មុនពិធីចាប់ពូលធ្វើឡើងនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។

ទាំង ១៨ក្រុមមកពី ៥តំបន់ ដែលធានាកៅអីទៅលេង World Cup 2026 វគ្គ ៤៨ក្រុមរួមមាន៖
១៖ ទ្វីបអាស៊ី (AFC)-អូស្រ្តាលី អ៉ីរ៉ង់ ជប៉ុន ហ្សកដានី កូរ៉េខាងត្បូង និងអ៊ូសបេគីស្ថាន។
២៖ ទ្វីបអាហ្វ្រិក (CAF)-ម៉ារ៉ុក និង ទុយនេស៊ី។
៣៖ តំបន់អាមេរិកខាងជើង (CONCACAF)-កាណាដា សហរដ្ឋអាមេរិក និងមិចស៊ិក ក្នុងនាមប្រទេសសហម្ចាស់ផ្ទះ។
៤៖ តំបន់អាមេរិកខាងត្បូង (CONMEBOL)-ប្រេស៊ីល កូឡុំប៊ី អេក្វាទ័រ ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ និងម្ចាស់ការពារតំណែងជើងឯក អាហ្សង់ទីន។
៥៖ ទ្វីបអូសេអានី (OFC)-ណូវែលហ្សេឡង់៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top