ក្រុមបាល់ទះជម្រើសជាតិ ហ្វីលីពីន អាចមានឱកាសឆ្លងផុតវគ្គចែកពូលពានរង្វាន់បាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ២០២៥ នេះ ដ្បិតនេះជាលើកដំបូង ដែលពួកគេមានឈ្មោះលេងក្នុងព្រឹត្តិការណ៍បាល់ទះដ៏ធំកម្រិតពិភពលោកនេះក៏ដោយ។
នេះជាលើកដំបូងបង្អស់សម្រាប់ក្រុមបាល់ទះជម្រើសជាតិ ហ្វីលីពីន ដែលទទួលបានកៅអីចូលលេងពានបាល់ទះជើងឯកពិភពលោក ដោយសារពួកគេមានកៅអីស្វ័យប្រវត្តិ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ។ ពិតណាស់សម្រាប់ក្រុមបាល់ទះទាំង ៣២ ដែលមានឈ្មោះលេងពានរង្វាន់មួយនេះ គឺសុទ្ធតែជាក្រុមខ្លាំងៗក្នុងពិភពលោក។ ជាក់ស្តែងពូល A ដែលជាពូលរបស់ ហ្វីលីពីន មានដូចជា អ៉ីរ៉ង់ អេហ្ស៊ីប និងទុយនីស៊ី។
តាមរយៈសមាសភាពក្រុមទាំងអស់នេះ ត្រូវបានគេមើលឃើញ ថា ហ្វីលីពីន អាចនឹងពិបាកឆ្លងផុតវគ្គចែកពូល ដោយសារក្រុមទាំង ៣ នោះ សុទ្ធតែជាក្រុមមានកម្រិតលើ ហ្វីលីពីន។ អ៉ីរ៉ង់ ស្ថិតនៅចំណាត់ថ្នាក់លេខ ១៣ ពិភពលោក។ អេហ្ស៊ីប ស្ថិតនៅចំណាត់ថ្នាក់លេខ ២៣ និង ទុយនីស៊ី ស្ថិតនៅចំណាត់ថ្នាក់លេខ ៤៣។ ចំណែក ហ្វីលីពីន វិញស្ថិតនៅចំណាត់ថ្នាក់លេខ ៨២ ឯណោះ។
ទោះបីយ៉ាងណា មានកក្តាមួយចំនួន ក៏អាចធ្វើឱ្យ ហ្វីលីពីន មានប្រៀបលើក្រុមទាំង ៣ នោះ ហើយអាចមានឱកាសឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល។ ចំពោះការលើកឡើងនេះ តើមានកត្តាណាខ្លះ ដែលអាចនាំឱ្យ ហ្វីលីពីន ឆ្លងផុតវគ្គសន្សំក្នុងពូលបាន?
នៅក្នុងពូល A ក្រុម ដែលជាឧបសគ្គធំបំផុតសម្រាប់ ហ្វីលីពីន គឺមានតែ អ៉ីរ៉ង់ ប៉ុណ្ណោះ ដោយសារពួកគេគឺជាក្រុមខ្លាំង និងតែងតែមានសកម្មភាពប្រកួតជាញឹកញាប់។ ជាក់ស្តែងការប្រកួតពាន FIVB Men’s Volleyball Nations League ២០២៥ កន្លងទៅថ្មីៗនេះ ពួកគេក៏មានឈ្មោះប្រកួតផងដែរ ហើយថែមទាំងធ្វើបានល្អទៀតផង ដោយស្ថិតនៅលេខរៀងទី ៨ ក្នុងវគ្គជម្រុះបឋម ស្ទើរតែនឹងទទួលបានកៅអីឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ។
ដោយឡែក អេហ្ស៊ីប និង ទុយនីស៊ី វិញ នាមួយរយៈចុងក្រោយនេះ ពោលគឺនៅឆ្នាំ ២០២៥ ពួកគេមិនមានការប្រមូលផ្តុំក្រុម ប្រកួតផ្លូវការណាមួយនោះទេ។ អេហ្ស៊ីប បានធ្វើការប្រកួតចុងក្រោយ តាំងពីខែ សីហា ឆ្នាំ ២០២៤។ រីឯ ទុយនីស៊ី វិញ បានធ្វើការប្រកួតចុងក្រោយតាំងពីខែ តុលា ឆ្នាំ ២០២៣។
ជាមួយគ្នានេះ បើមើលតាមស្ថិតិជាក់ស្តែង ក្នុងការប្រកួតប៉ុន្មានប្រកួតចុងក្រោយ ក្រុមទាំង ២ ក៏ធ្វើពុំសូវបានល្អនោះដែរ ដោយពួកគេមានលទ្ធផលចាញ់ ច្រើនជាងឈ្នះ។ ដូច្នេះ ប្រសិនបើ ហ្វីលីពីន អាចយកឈ្នះលើក្រុមទាំង ២ នេះបាន នោះពួកគេនឹងអាចឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលបាន ព្រោះមួយពូល គេកំណត់យក ២ ក្រុម ដើម្បីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ។
ប្រភព៖ KAMPUCHEATHMEY