ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជាទាំងកម្រិត អាយុ ១៦ឆ្នាំ ២០ឆ្នាំ និង ២៣ឆ្នាំ បានខកចិត្តជាច្រើនលើកសម្រាប់ក្រុមចំណាត់ថ្នាក់លេខ ២ ល្អបំផុតក្នុងពូលនៃពានរង្វាន់អាស៊ាន និងអាស៊ី។
ស្ថិតិមានចំនួន ៩ លើក ដែលក្រុមបាល់ទាត់យុវជនកម្ពុជា ទទួលបានលេខ ២ ក្នុងពូល ហើយមានឱកាសអ៊ុតមើលចំណាត់ថ្នាក់លេខ ២ ល្អបំផុតក្នុងពូលដើម្បីឡើងទៅវគ្គបន្ត ប៉ុន្តែតែងតែខកចិត្តដោយសារចាញ់គ្រាប់បាល់ និងពិន្ទុតិចជាងគេ។ ទោះបីជាយ៉ាងណា តំណែងលេខ ២ ល្អបំផុតក្នុងពូល ក្រុម U23 កម្ពុជា ទទួលបានជោគជ័យ ១ លើកកាលពីឆ្នាំ ២០២០ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ម្ចាស់ផ្ទះ អ៊ូបេគីស្ថាន បានលុបចោល ដូច្នេះកម្ពុជាអត់បានទៅប្រកួតនៅជុំចុងក្រោយទៀត។
ពាន AFF U16 Championship (កម្ពុជា បានលេខ ២ ក្នុងពូល ១ លើក)
- ឆ្នាំ ២០២៤ ក្រុម U16 កម្ពុជា បានឈ្នះ មីយ៉ាន់ម៉ា ២-១, ឈ្នះ ព្រុយណេ ៦-០ និងស្មើ វៀតណាម ១-១ ដើម្បី រកបាន ៧ ពិន្ទុ ឈរលេខ ២ ក្នុងពូល B ស្មើ ពិន្ទុ វៀតណាម ដែល លេខ១ ក្នុងពូល។ ក្រុមចំណាត់ថ្នាក់លេខល្អបំផុត មាន ៧ ពិន្ទុ ស្មើ ថៃ ប៉ុន្តែចាញ់ គ្រាប់បាល់ អត់បានឡើងវគ្គបន្ត។

ពាន AFF U23 Championship (កម្ពុជា បានលេខ ២ ក្នុងពូល ៣ លើក)
- ឆ្នាំ ២០២២ ក្រុម U23 កម្ពុជា បានឈ្នះ ព្រុយណេ ៦-០, ឈ្នះ ហ្វីលីពីន ១-០ និង ចាញ់ ទីម័រខាងកើត ០-១ ដើម្បីរកបាន ៦ ពិន្ទុ ស្ថិតនៅលេខ ២ ពូល A។ ចំណាត់ថ្នាក់លេខ ២ ល្អបំផុត ក្នុងពូល កម្ពុជា មាន ៣ ពិន្ទុ ស្មើ ថៃ ប៉ុន្តែដោយសារចាញ់គ្រាប់បាល់ កម្ពុជា មិនបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
- ឆ្នាំ ២០២៣ ក្រុម U23 កម្ពុជា បានឈ្នះ ព្រុយណេ ៥-០, ស្មើ មីយ៉ាន់ម៉ា ១-១ ចាញ់ និង ថៃ ២-០ ដើម្បីរកបាន ១ ពិន្ទុ ស្ថិតនៅលេខ ២ ពូល A។ ចំណាត់ថ្នាក់លេខ ២ ល្អបំផុត ក្នុងពូល កម្ពុជា មានតែ ១ ពិន្ទុ មិនបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
- ឆ្នាំ ២០២៥ ក្រុម U23 កម្ពុជា បានស្មើ ឡាវ ១-១ និង ចាញ់ វៀតណាម ១-២ ដើម្បីរកបាន ១ ពិន្ទុ ស្ថិតនៅលេខ ២ ពូល B។ ចំណាត់ថ្នាក់លេខ ២ ល្អបំផុត ក្នុងពូល កម្ពុជា មានតែ ១ ពិន្ទុ មិនបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

AFC U-20 Asian Cup (កម្ពុជា បានលេខ ២ ក្នុងពូល ៣ លើក)
- ឆ្នាំ ២០១៨ ក្រុម U20 កម្ពុជា បានចាញ់ ចិន ០-១, ឈ្នះ មីយ៉ាន់ម៉ា ៣-២ និងស្មើ ហ្វីលីពីន ០-០ ដើម្បីរកបាន ៤ ពិន្ទុ ឈរលេខ ២ ពូល G។ ចំណាត់ថ្នាក់លេខ ២ ល្អបំផុត កម្ពុជា មាន ៣ ពិន្ទុ ស្ថិតនៅលេខ ៦ ក្នុងចំណោម ១០ ក្រុម ខណៈ លេខ១ មាន៤ពិន្ទុ ហើយលេខ ២ ដល់ ៥ មាន ៣ ពិន្ទុដូច កម្ពុជា ប៉ុន្តែពួកគេមានគ្រាប់បាល់ចំណេញច្រើនជាង បានឡើងទៅជុំចុងក្រោយ។ ក្រុមកម្ពុជាអត់បានឡើង។
- ឆ្នាំ ២០២០ ក្រុម U19 កម្ពុជា បានចាញ់ ម៉ាឡេស៊ី ៤-៥, ឈ្នះកោះម៉ារីណា ៩-០, ឈ្នះ ថៃ ២-១ និង ឈ្នះ ព្រុយណេ ៣-០ ដើម្បីរកបាន ៩ ពិន្ទុ ស្ថិតនៅលេខ ២ ក្នុងពូល G។ ក្រុមចំណាត់ថ្នាក់លេខ ២ ល្អបំផុត កម្ពុជា ស្ថិតនៅលេខ ៥ ដែលមាន ៦ ពិន្ទុ បានឡើងទៅជុំចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ សំណាងមិនល្អ ដោយសារវិបត្តិកូវីដ-១៩ ម្ចាស់ផ្ទះអ៊ូបេគីស្ថាន បានលុបចោលកម្មវិធីប្រកួតជុំចុងក្រោយ ដូច្នេះកម្ពុជាអត់បានទៅប្រកួត។
- ឆ្នាំ ២០២៥ ក្រុម U20 កម្ពុជា បានឈ្នះ នេប៉ាល់ ៤-១, ចាញ់ អ៊ូបេគីស្ថាន ០-៧, ឈ្នះ បារ៉ែន ១-០ និងស្មើ ឆាយនីស តៃប៉ិ ១-១ ដើម្បីរកបាន ៧ ពិន្ទុ ឈរលេខ ២ ក្នុងពូល B។ ចំណាត់ថ្នាក់លេខ ២ ល្អ បំផុត កម្ពុជា មាន ៦ ពិន្ទុ ស្ថិតនៅលេខ ៨ ក្នុងចំណោម ១០ ក្រុម។ ក្រុមលេខ ១ ដល់ ៣ មាន ៧ ពិន្ទុដូចគ្នា ហើយក្រុមលេខ ៤ និង ៥ មាន ៦ ពិន្ទុ បានឡើងទៅជុំចុងក្រោយ ខណៈ កម្ពុជា ក៏មាន ៦ ពិន្ទុដែរ តែចាញ់គ្រាប់បាល់ អត់បានឡើងទៅជុំចុងក្រោយ។

AFC U-23 Asian Cup (កម្ពុជា បានលេខ ២ ក្នុងពូល ២ លើក)
- ឆ្នាំ ២០២៤ ក្រុម U23 កម្ពុជា បានឈរលេខ ២ ក្នុងពូល ជាលើកដំបូង វគ្គជម្រុះក្នុងពូលពានរង្វាន់ AFC U23 Asian Cup បន្ទាប់ពីស្មើ លីបង់ ២-២, ឈ្នះ ម៉ុងហ្គោលី ២-១ និង ចាញ់ អារ៉ាប៊ីសាអ៊ូឌីត ១-៦ ដើម្បីរកបាន ៤ ពិន្ទុ និងឈរលេខ ២ ក្នុងពូល J។ ចំណាត់ថ្នាក់លេខ ២ ល្អបំផុត កម្ពុជា ស្ថិតនៅលេខ ១១ មិនបានឡើងទៅជុំចុងក្រោយទេ។
- ឆ្នាំ ២០២៥ ក្រុម U23 កម្ពុជា បានឈរលេខ ២ ក្នុងពូលជាលើកទី ២ បន្ទាប់ពី ស្មើ អូម៉ង់ ០-០, ឈ្នះ ប៉ាគីស្ថាន ១-០ និងស្មើ អ៉ីរ៉ាក់ ០-០ ដើម្បីទទួលបា ៥ ពិន្ទុ ឈរលេខ ២ ក្នុងពូល G។ ចំណាត់ថ្នាក់លេខ ២ ល្អបំផុត កម្ពុជា ស្ថិតនៅលេខ ៩ ក្នុងចំណោម ១១ ក្រុម ដោយមិនបានឡើងទៅជុំចុងក្រោយទៀត។

ទោះបីជាយ៉ាងណា សម្រាប់ឆ្នាំ ២០២៥ កម្ពុជា ធ្វើបានល្អបំផុតនៅវគ្គជម្រុះក្នុងពូល បើគិតចាប់តាំងពីចូលរួមដំបូងនៅឆ្នាំ ២០១៣ ក្នុងនោះរក្សាសំណាញ់ទីមិនឲ្យដៃគូស៊ុតចូល ៣ ប្រកួតជាប់គ្នា រកបានពិន្ទុច្រើនបំផុត និងមិនចាញ់សោះ៕