ម្ចាស់ជើងឯករត់ឆ្លងឧបសគ្គ Chepngeno រងបម្រាម ២ឆ្នាំ ក្រោយរកឃើញប្រើសារធាតុហាមឃាត់

Joyline Chepngeno កីឡាការិនីរត់ចម្ងាយឆ្លងឧបសគ្គ (Ultra Marathon) សញ្ជាតិកេនយ៉ា ដែលជាម្ចាស់ជើងឯក ព្រឹត្តិការណ៍ ​OCC UTMB Mont Blanc និង Sierre Zinal ឆ្នាំ ២០២៥ ត្រូវបានហាមឃាត់រយៈពេល ២ឆ្នាំ ក្រោយធ្វើតេស្តរកឃើញសារធាតុហាមឃាត់។ កីឡាការិនីចិន Miao Yao ទទួលបានជើងឯក OCC UTMB World Serie ឆ្នាំ២០២៥ ជំនួសវិញ។

កីឡាការិនីវ័យ ២៧ឆ្នាំ ត្រូវបានគេតេស្តរកឃើញសារធាតុហាមឃាត់ ដូចជាថ្នាំបំបាត់ការរលាក និងជំនួយកម្លាំង ក្រោយនាងឈ្នះ ការរត់ប្រណាំងឆ្លងឧបសគ្គ Sierre-Zinal WMRA (World Mountain Running Association) World Cup ឆ្នាំ ២០២៥ នៅក្នុងប្រទេសស្វ៉ីស។ ព្រឹត្តិការណ៍ Sierre Zinal ជាការរត់ប្រណាំងចម្ងាយ ៥០គីឡូម៉ែត្រ ធ្វើឡើងនៅតាមបណ្តោយភ្នំនៅខេត្ត ​Valais ប្រទេសស្វ៉ីស ជាប្រចាំរាល់ខែសីហា ហើយជាការរត់ឆ្លងកាត់ឧបសគ្គឡើងចុះភ្នំ កម្ពស់ជាង ៤ពាន់ម៉ែត្រ។ 

បើតាមអង្គភាពសុច្ចរិតភាពអត្តពលិក (AIU) កីឡាការិនី Chepngeno បានធ្វើតេស្តសុខភាព រកឃើញប្រើប្រាស់សារធាតុហាមឃាត់ ការពារការរលាក និងជំនួយដល់កម្លាំងក្រោយពេលរត់ដល់ទី។ នាងត្រូវបានអ្នករៀបចំហាមឃាត់មិនឱ្យចូលរួមការប្រកួត ២ឆ្នាំ ហើយរាល់សមិទ្ធផលនាងសម្រេចបានក្នុងការរត់ប្រណាំងឧបសគ្គកន្លងមក តាំងពីថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៥ មក ក៏នឹងត្រូវដកសិទ្ធិចេញវិញដូចគ្នា។

តំណែងជើងឯកនៅការរត់ឆ្លងឧបសគ្គនៅព្រឹត្តិការណ៍ ​OCC (Orsieres Chamonix Trient) ជាការរត់ប្រណាំងឧបសគ្គមួយចំណោម ៣ របស់ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គផ្តាច់ព្រ័ត្រ UTMB World Serie តែងធ្វើឡើងនៅប្រទេសបារាំង ដែលកីឡាការិនីវ័យ ២៧ឆ្នាំ បានឈ្នះ ក៏ត្រូវបានដកចេញវិញផងដែរ​។ 

អ្នករៀបចំការរត់ប្រណាំង Sierre-Zinal បានប្រកាសហាមឃាត់ កីឡាករសញ្ជាតិកេនយ៉ា និងក្រុមគ្រូបង្វឹក ក៏ដូចជាក្រុមរត់របស់នាង សម្រាប់ព្រឹត្តិការណ៍រត់នៅពេលអនាគត។ អ្នករៀបចំក៏បានទាមទារឱ្យកីឡាការិនី Joyline Chepngeno សងប្រាក់រង្វាន់ ត្រឡប់ទៅកាន់ស្ថាប័នរៀបចំវិញផងដែរ។ 

បន្ទាប់ពីការប្រកាសហាមឃាត់លើ កីឡាការិនីវ័យ ២៧ឆ្នាំ នោះមក ក្រុមហ៊ុនមួយចំនួនជាអ្នកឧបត្ថម្ភដល់រូបនាង ក៏បានប្រកាសផ្តាច់កិច្ចសន្យាភ្លាមៗដូចគ្នា ដោយលើកឡើងថា កីឡាការិនីសញ្ជាតិកេនយ៉ា ធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃកីឡា ការបំពានច្បាប់ផ្សេងៗដែលពិបាកក្នុងការទទួលយក។

ក្រោយកីឡាការិនី Chepngeno ត្រូវបានដកសិទ្ធិ និងតំណែងជើងឯក កីឡាការិនីចិន Miao Yao ត្រូវបានអ្នករៀបចំដំឡើងឱ្យក្លាយជាជើងឯក ក្រោយនាងបញ្ចប់ចំណាត់ថ្នាក់លេខ ២ អំឡុងព្រឹត្តិការណ៍ OCC UTMB World Serie ឆ្នាំ២០២៥។ ចំណែកកីឡាការិនី Caroline Kimutai សញ្ជាតិកេនយ៉ាម្នាក់ទៀត ត្រូវបានដំឡើងឱ្យក្លាយជាជើងឯកព្រឹត្តិការណ៍ Sierre Zinal ឆ្នាំ២០២៥៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top