(បរទេស)៖ កីឡាករអន្តរជាតិដាណឺម៉ាក Christian Eriksen បានព្រមព្រៀងចុះកិច្ចសន្យាលេងឱ្យក្លឹប Wolfsburg បន្ទាប់ពីចាកចេញពី Manchester United នៅចុងបញ្ចប់រដូវកាលមុនរួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Eriksen វ័យ ៣៣ឆ្នាំ នឹងលេងនៅក្របខណ្ឌលីគ Bundesliga របស់អាល្លឺម៉ង់រហូតដល់រដូវក្តៅ ឆ្នាំ២០២៧ ខាងមុខ។
កីឡាករនាំលេងរូបនេះបានបង្ហាញខ្លួន ១០៧ប្រកួត និងស៊ុតបាន ៨គ្រាប់ផងដែរ ក្នុងចំណោម ៣រដូវកាលនៅកីឡដ្ឋាន Old Trafford និងរួមចំណែកជួយ Man Utd ដណ្តើមបានជើងឯក League Cup 2023 និងពាន FA Cup នៅឆ្នាំបន្ទាប់ទៀតផង។
Eriksen ដែលបានចូលលេង ១៤៤លើកជាមួយជម្រើសជាតិដាណឺម៉ាកបានថ្លែងថា «Wolfsburg គឺជាក្លឹបអាជីពនៅ Bundesliga លើកដំបូងសម្រាប់ខ្ញុំ។ ខ្ញុំកំពុងទន្ទឹងរង់ចាំចំពោះដំណើរផ្សងព្រេងថ្មី ជាមួយនឹងភាពជោគជ័យថ្មីជាមួយគ្នាផងដែរ។ Wolfsburg គឺជាក្រុមដែលសំបូរទៅដោយកីឡាករដាណឺម៉ាក និងអ្នកចាត់ការទូទៅ Paul Simonis មានបទពិសោធន៍ទៀត»។
ក្នុងនាមខ្សែបម្រើដែលពោរពេញដោយបទពិសោធន៍ Eriksen ដែលធ្លាប់ជួបបញ្ហាជំងឺបេះដូងកាលនៅ Euro 2020 ផងនោះ រូបគេក៏ធ្លាប់លេងឱ្យក្លឹបអាជីព Brentford, Inter Milan, Tottenham Hotspur និង Ajax។ ថ្មីៗនេះរូបគេបានហ្វឹកហាត់នៅក្លឹប Malmo មុនពេលក្លាយជាកីឡាករគ្មានតម្លៃផ្ទេរ៕
ប្រភព៖ FRESHNEWS