Bolt សរសើរ Rashford រត់លឿន ហើយអាចឈ្នះខ្លួនក្នុងការប្រណាំងថែមទៀត

Usain Bolt ម្ចាស់មេដាយមាសកីឡារត់ប្រណាំងអូឡាំពិក មើលឃើញថា Marcus Rashford ខ្សែប្រយុទ្ធ Barcelona អាចយកឈ្នះខ្លួនក្នុងការរត់ប្រណាំងចម្ងាយ ២០ ម៉ែត្រ។

អតីតកីឡាកររត់ប្រណាំងហ្សាម៉ាអ៊ីក ដែលគេឱ្យរហ្សនាមថាស្តេចល្បឿន គឺជាអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិកដែលសម្រេចបានជោគជ័យបំផុតលើលោក ដែលបានឈ្នះការរត់ចម្ងាយ ១០០ម៉ែត្រ និង ២០០ម៉ែត្រក្នុងការប្រកួតកីឡាអូឡាំពិក ចំនួន៣ដងជាប់គ្នាពោលនៅប៉េកាំង ២០០៨ ក្រុងឡុងដ៏ ២០១២ និងរីយ៉ូ ២០១៦។

Bolt ដែលឈ្នះមេដាយមាសអូឡាំពិកដល់ទៅ ៨ ក្នុងអាជីពមុនចូលនិវត្តនៅឆ្នាំ​ ២០១៧ ក៏បានបង្កើតឯតទគ្គកម្មពិភពលោកលើវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រ និង ២០០ម៉ែត្រនៅឯការប្រកួតជើងឯកពិភពលោកឆ្នាំ ២០០៩ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ជាមួយនឹងថិរវេលា ៩.៥៨ វិនាទី និង ១៩.១៩ វិនាទី។

បើទោះបានសាងសមិទ្ធផល និងជាប់ឈ្មោះជាស្តេចល្បឿនក៏ដោយ អតីតអត្តពលិករត់ចម្ងាយ វ័យ៣៩ឆ្នាំរូបនេះ បានសារភាពថា Marcus Rashford ជាកីឡាករបាល់ទាត់ម្នាក់រត់លឿន ហើយអាចនឹងយកឈ្នះខ្លួនថែមទៀត។

ក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ talkSPORT នៅថ្ងៃទី១២ ខែកញ្ញា Bolt ត្រូវបានអ្នកសម្ភាសសួរថា៖«ខ្ញុំបានអានអត្ថបទមួយដែលអ្នកបាននិយាយថា Rashford អាចយកឈ្នះអ្នកក្នុងការរត់ចម្ងាយ ២០ម៉ែត្រ តើត្រឹមត្រូវទេ?»។ Bolt បានផ្តល់ចម្លើយច្បាស់ៗដោយទទួលស្គាល់ចម្ងាយ ២០ម៉ែត្រជាជំនាញរបស់ Rashford ហើយ។

អត្តពលិកហ្សាម៉ាអ៊ីកបន្ថែមថា៖«បាទ! Rashford មានសន្ទុះល្បឿនលឿននៅ២០ម៉ែត្រដំបូង នេះជាអ្វីដែលគាត់ធ្វើបានហើយខ្ញុំពិតជាទទួលស្គាល់។ ក៏ប៉ុន្តែ បន្ទាប់ពី២០ម៉ែត្រក្រោយទៅ គាត់នៅតែ​​ចប់របស់ខ្ញុំដដែល!»។

Rashford ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស បានចេញពី Manchester United ដែលជាក្លិបជាទីស្រឡាញ់របស់ Bolt ទៅចូលរួម Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ២០២៥-២៦។

មកទល់ពេលនេះ ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ មិនទាន់ចាប់ផ្ដើមអាជីពនៅទឹកដី Catalonia ជាផ្លែផ្កានៅឡើយទ ដោយមិនបានស៊ុតបញ្ចូលទី ឬបញ្ជូនបាល់ឱ្យដៃគូស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួន៣លើកនៅ La Liga នោះទេ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top