Yamal មានមហិច្ឆតា និងជំនឿចិត្តអាចឈ្នះ Ballon d’Or លើសពី១ដង

វ័យ ១៨ឆ្នាំ ខ្សែប្រយុទ្ធឆ្នើម Lamine Yamal បង្ហាញមហិច្ឆតា និងការតាំងចិត្តរបស់ខ្លួន ដើម្បីទទួលបានពានរង្វាន់កីឡាករឆ្នើមបំផុតលើលោក Ballon d’Or ច្រើនជាងមួយលើក។

«ខ្ញុំឧស្សាប្រាប់មិត្តខ្ញុំណាស់ថា ខ្ញុំមិនសុបិនចង់បានតែមួយទេ សម្រាប់ Ballon d’Or ប៉ុន្តែខ្ញុំចង់ឈ្នះច្រើនក្នុងអាជីពរបស់កីឡាករបាល់ទាត់របស់ខ្ញុំ»។ ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអេស្ប៉ាញបង្ហាញជំនឿចិត្តរបស់ខ្លួនបែបនេះនៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃទី១០ ខែកញ្ញា។ Yamal ថែមទាំងមានជំនឿចិត្តលើខ្លួនឯងថា រូបគេមានសមត្ថភាពឈ្នះ Ballon d’Or។ 

កីឡាករយុវជន FC Barcelona រៀបរាប់ថា៖«ប្រសិនបើខ្ញុំធ្វើមិនបាន នោះមកពីខ្ញុំនៅមិនទាន់ធ្វើបានល្អគ្រប់គ្រាន់ ឬខ្វះការតាំងចិត្ត។ ខ្ញុំសុបិនចង់ឈ្នះ Ballon d’Or ច្រើន ហើយប្រសិនបើថ្ងៃនោះមកដល់ ខ្ញុំពិតជារីករាយណាស់។ ក្រៅពីឈ្នះពាននេះ ខ្ញុំក៏មានមហិច្ឆតា និងធានាឈ្នះគ្រប់ពានរង្វាន់សម្រាប់ក្លិបរបស់ខ្ញុំផងដែរ»។

ទើបឈានចូលវ័យ ១៨ឆ្នាំ Yamal អាចក្លាយជាកីឡាករក្មេងបំផុតដែលអាចឈ្នះ Ballon d’Or លើកដំបូងក្នុងប្រវត្តិសាស្ត្រ។ សមាជិកក្រុម FC Barcelona រូបនេះ ត្រូវបានគេចាត់ទុកថាជាបេក្ខភាពដ៏លេចធ្លោម្នាក់ក្នុងចំណោមកីឡាករលេចធ្លោផ្សេងទៀត ដូចជា Ousmane Dembele និងសមាជិកក្រុម PSG ដូចជា Vitinha និង Achraf Hakimi 

ដែលមានភាគរយខ្ពស់ទទួលបានពានរង្វាន់កីឡាករបំផុតលើលោកមួយនេះ។

នេះបើយោងតាម ​​Mundo Deportivo។

Ronaldo Nazario អតីតខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល កាន់កំណត់ត្រាកីឡាករក្មេងជាងគេ ដែលទទួលបាន Ballon d’Or នៅឆ្នាំ ១៩៩៧ នៅអាយុ ២១ឆ្នាំ និង៣ខែ។ ប្រសិន Yamal ឈ្នះ Ballon d’Or ឆ្នាំ ២០២៥ នោះរូបគេនឹងបង្កើតកំណត់ត្រាកីឡាករក្មេងជាងគេនៅអាយុ ១៨ឆ្នាំ និង ២ខែ ព្រមទាំងនឹងក្លាយជាកីឡាករអេស្ប៉ាញទី៣ ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពី Luis Suarez ក្នុងឆ្នាំ ១៩៦០ និង Rodri របស់ Manchester City នៅឆ្នាំ ២០២៤។

ពិធី​ប្រគល់​ពាន Ballon d’Or ឆ្នាំ ២០២៥ គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២២ ខែ​កញ្ញា នៅ​រោង​មហោស្រព Le Chatelet ក្នុង​ទីក្រុង​ប៉ារីស ប្រទេសបារាំង។ ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលរៀបចំដោយ France Football និង សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) មានគណៈវិនិច្ឆ័យ ដែលជាអ្នកសារព័ត៌មានកីឡាចំនួន ១០០ នាក់នៅជុំវិញពិភពលោក ចាប់ផ្តើមបោះឆ្នោតបន្ទាប់ពីបញ្ជីបេក្ខភាពត្រូវបានប្រកាសនៅថ្ងៃទី៧ ខែសីហា ដល់ថ្ងៃទី២៥ ខែសីហា៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top