កម្ពុជានឹងចូលរួមកិច្ចប្រជុំឧត្តមមន្ដ្រី-រដ្ឋមន្ដ្រីកីឡាអាស៊ានហាណូយ និងផ្សព្វផ្សាយពីការត្រៀមធ្វើម្ចាស់ផ្ទះ នាឆ្នាំក្រោយ

(ភ្នំពេញ)៖ ប្រតិភូកីឡាជាន់ខ្ពស់របស់កម្ពុជា ដឹកនាំដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នឹងចូលរួមកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី១៣-១៧ ខែកញ្ញាខាងមុខ ជាមួយការត្រៀមបង្ហាញនូវយុទ្ធសាស្ដ្រមួយចំនួន អំពីត្រៀមខ្លួនរួចរាល់ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់តំបន់ទាំងពីរ នាឆ្នាំ២០២៦-២០២៧ ខាងមុខ។

លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ កាលពីថ្ងៃទី១២ ខែកញ្ញាថា កិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន នៅទីក្រុងហាណូយ នាពេលខាងមុខ មានសារៈសំខាន់ណាស់ ក្នុងការពង្រឹងវិស័យអប់រំកាយ និងកីឡា នៅក្នុងតំបន់ ដោយមានជំនួយពីស្មារតីអាស៊ាន ព្រមទាំងជំនួយពីដៃគូអាស៊ានបូក(ចិន និងជប៉ុន) ដែលតែងចូលរួមកិច្ចការកសាងនូវវិស័យអប់រំ និងកីឡា ក៏ដូចជាកសាងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈនៃសកម្មភាពអប់រំកាយ និងកីឡា ក៏ដូចជាការបញ្ចូលនូវការបណ្ដុះបណ្ដាល និងការជួយគ្នាទៅវិញទៅមកខាងផ្នែកយេនឌ័រក្នុងកីឡាជាដើម។

លោកបន្ដថា «នេះគឺជាកិច្ចការមួយដ៏សំខាន់ ហើយអ្វីដែលរឹតតែពិសេស និងសំខាន់ទៀត បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា ទទួលធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៦ និងកិច្ចប្រជុំរដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ ។ អ៊ីចឹងក្នុងនាមសេនាធិការឲ្យក្រសួងអប់រំ ក្នុងវិស័យកីឡា ការចូលរួមកិច្ចប្រជុំនៅទីក្រុងហាណូយ នឹងត្រូវដាក់ចេញនូវយុទ្ធសាស្ដ្រមួយចំនួន ដែលយើងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ក៏ដូចជាការតាំងបង្ហាញ និងប្រាប់គេ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីបណ្ដាប្រទេសអាស៊ានក្នុងវិស័យកីឡានេះ ហើយនឹងអាស៊ានបូកជាមួយចិន-ជប៉ុន ឲ្យចាប់អារម្មណ៍ និងមានភាពកក់ក្ដៅ នឹងអញ្ជើញមកកម្ពុជានាឆ្នាំក្រោយ»

ទន្ទឹមនឹងនោះ ក្រៅពីការត្រៀមទទួលបដិសណ្ឋារកិច្ច និងផ្ដល់ភាពកក់ក្ដៅដល់ប្រតិភូ ដែលនឹងចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជាម្ចាស់ផ្ទះបន្ទាប់ កម្ពុជាក៏មានគោលបំណងក្នុងការស្នើសុំការគាំទ្រពីប្រទេសប្រទេសអាស៊ាន ក៏ដូចជាលេខាធិការអាស៊ាន ក្នុងការរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួត ឬវេទិការនៃការសម្ដែងមួយខាងផ្នែកកីឡាប្រពៃណីរបស់ប្រទេសអាស៊ាន ដោយផ្ដើមចេញពីខេត្តសៀមរាប ដែលទឹកដីកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ក៏ដូចជាទឹកដីមរតកវប្បធម៌ចម្រុះដ៏សម្បូរបែប ទាំងយុទ្ធគុន និងល្បៃងប្រជាប្រិយជាច្រើនផងដែរ។ លោក វ៉ាត់ ចំរើន បន្ថែម។

រដ្ឋលេខាធិការដដែល បានគូបញ្ជាក់ផងដែរថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់ទាំងពីរ ខាងលើ ក៏នឹងបង្ហាញថា កម្ពុជាជាប្រទេសស្រលាញ់សុខសន្តិភាព ដែលនេះជាសារផ្ញើទៅកាន់ពិភពលោកដែរថា កីឡានាំមកនូវសន្តិភាព កីឡារស់ក្នុងសន្តិភាព និងឲ្យអាស៊ានបានឃើញពីខិតខំរបស់កម្ពុជា ដែលបានប្រឹងប្រែងដើម្បីសុខមាលភាព សេចក្ដីសុខ និងចៀសវៀងពីបញ្ហាវិវាទនានា។ ទន្ទឹមនឹងនេះ ក្រោយពីទទួលបានជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាសាកលវិទ្យាល័យអាស៊ាន ២០២៨ និង កីឡាយុវជនអាស៊ី និង ប៉ារ៉ាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top