(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលកម្ពុជា កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ បានធ្វើដំណើរទៅកាន់ទីក្រុង Dushanbe នាប្រទេសតាជីគីស្ថានហើយ ដើម្បីចូលរួមការប្រកួតជម្រុះជើងឯកបាល់ទាត់ក្នុងសាលទ្វីបអាស៊ី (AFC Futsal Asian Cup) ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី២០-២៤ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។
បេសកកម្មខាងលើ ក្រុម Futsal កម្ពុជា ស្ថិតនៅក្នុងពូលC ជាមួយក្រុមជម្រើសជាតិក្នុងសាលជប៉ុន ម៉ាកាវ និងក្រុមម្ចាស់ផ្ទះតាជីគីស្ថាន គ្រាដែលការប្រកួតបើកឆាក ក្រុមជម្រើសជាតិក្នុងសាលកម្ពុជា នឹងត្រូវជួបក្រុមខ្លាំងជប៉ុន មុនគេ នាថ្ងៃទី២០ ខែកញ្ញាចុងសប្ដាហ៍នេះ នៅមជ្ឈមណ្ឌលកីឡាក្នុងសាល Dushanebe។
មុនចេញដំណើរទៅតាជីគីស្ថាន តាមរយៈអាកាសយានដ្ឋានអន្ដរជាតិតេជោ កាលពីថ្មីៗ ក្រុមកម្ពុជា ក៏បានចូលរួមប្រកួតពានមិត្តភាពអន្ដរជាតិមួយ នៅប្រទេសចិនផងដែរ តែពុំទទួលបានលទ្ធផលល្អប្រសើរឡើយ។ បែបនេះក្ដី គ្រូបង្វឹកក្រុម Futsal កម្ពុជា បានចាត់ទុកជាបទពិសោធន៍មួយដ៏ល្អ សម្រាប់ការពង្រឹងសមត្ថភាព និងបច្ចេកទេសក្រុមត្រៀមជួបក្រុមខ្លាំងក្នុងពូលC នៃវគ្គជម្រុះជើងឯកបាល់ទាត់ក្នុងសាលទ្វីបអាស៊ី នាចុងសប្ដាហ៍នេះ។
សម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC Futsal Asian Cup 2026 គឺមាន ៣១ក្រុមចូលរួម និងបែងចែកជា ៨ពូល ដើម្បីចម្រាញ់រកក្រុមខ្លាំង ១៥ក្រុមឡើងជុំផ្ដាច់ព្រ័ត្រ គឺមានក្រុមឈរលេខ១ ប្រចាំពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ៧ក្រុម បូកទាំងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដែលត្រូវធ្វើការប្រកួតជែងជើងឯក នៅទីក្រុងហ្សាកាតា ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕
ប្រភព៖ FRESHNEWS