Man City ដេញបុគ្គលិកម្នាក់ដែលពាក់អាវ Man Utd នៅពេលបំពេញការងារក្នុងកីឡដ្ឋាន

ក្លិប Manchester City បណ្តេញបុគ្គលិកលក់ស្រាម្នាក់ ដោយសាររូបគេពាក់អាវ Manchester United អំឡុងបំពេញការងារ ក្នុងជំនួប Manchester Derby នៅកីឡដ្ឋាន Etihad កាលពីថ្ងៃទី១៤ ខែកញ្ញា។ ​បុគ្គលិករូបនោះត្រូវបានអ្នកគាំទ្រក្រុមរហស្សនាមមេឃខៀវ ថតបានពាក់អាវក្រុមគូប្រជែង រួចបង្ហោះរាយការណ៍ទៅថ្នាក់ដឹកនាំក្លិប។

រឿងហេតុកើតឡើង ក្រោយមានគណនីបណ្តាញសង្គម X មួយឈ្មោះថា Mataniels ជាអ្នកគាំទ្រក្លិប ​Man City ថតជាប់រូបភាព បុគ្គលិកផ្នែកលក់ស្រាក្នុងកីឡដ្ឋាន ម្នាក់កំពុងបម្រើការងារដោយពាក់អាវក្រុម Man Utd ពណ៌ខ្មៅ ហើយលេចចេញស្លាកសញ្ញាក្រុមបិសាចក្រហមច្បាស់ក្រឡែត។

គណនីនោះបានសរសេរអមជាមួយនឹងរូបភាពដូច្នេះថា៖«ជារឿងដ៏អស់សំណើច ដែលក្លិប Man City ឱ្យបុគ្គលិកបាម្នាក់ក្នុងកីឡដ្ឋាន Etihad បម្រើការងារដោយពាក់អាវក្រុម Man United នៅថ្ងៃជំនួបទីក្រុងតែមួយ។»។

​រូបភាពត្រូវបានចែកចាយតៗគ្នា នៅលើបណ្តាញសង្គម រហូតគណនីផ្លូវការរបស់ក្លិប Man City បានឆ្លើយតបថាបានបណ្តេញបុគ្គលិករូបនោះចេញពីការងារ។ «សូមអរគុណសម្រាប់ការផ្តល់ដំណឹងដល់យើងអំពីរឿងនេះ។ យើងអាចបញ្ជាក់បានថាបុគ្គលិករូបនោះពេលនេះត្រូវបានបណ្តេញចេញពីការងាររួចរាល់ហើយ។»។ នេះបើតាមការអះអាងបស់ក្លិបមេឃខៀវ។

យ៉ាងណាមិញ ការសម្រេចចិត្តរបស់ក្លិបក៏មានមតិចម្រូងចម្រាសជាច្រើនកើតឡើង ហើយគណនីឈ្មោះ Mataniels បានបង្ហោះរូបភាពនោះ ក៏បានលុបរូបចោល និងបិទដំណើរការបាត់ទៅ។ ក្លិប Man City ក៏មិនមានការឆ្លើយតបអ្វីទៀតលើករណីខាងលើដែរ។

នៅក្នុងជំនួបទីក្រុងតែមួយ Manchester Derby ក្រុមម្ចាស់ផ្ទះផ្តួលក្រុមភ្ញៀវ លទ្ធផលការប្រកួត ៣-០ ដោយកីឡាករ Phil Foden ស៊ុត ១គ្រាប់ ហើយ Erling Haaland ស៊ុត ២គ្រាប់ម្នាក់ឯង។ Man City ដណ្តើមបាន ៣ពិន្ទុ​ និងជាជ័យជម្នះឡើងវិញ ក្រោយពួកគេចាញ់ការប្រកួត ២លើករួចមកហើយក្តី ហើយក្រុមដឹកនាំដោយលោក Pep Guardiola រកបាន ៦ពិន្ទុ ពីការប្រកួត ៤លើក ឡើងឈរលេខ ៨ ក្នុងក្របខណ្ឌ Premier League។

ចំណែក Man United ធ្លាក់ទៅឈរលេខ ១៤ ហើយដាក់សម្ពាធលើតំណែងរបស់លោក ​Ruben Amorim ជាអ្នកចាត់ការក្រុម ហើយថ្នាក់ដឹកនាំក្លិបក៏កំពុងទន្ទឹងរង់ចាំមើលលទ្ធផល នៅការប្រកួតបន្ទាប់។ នៅប៉ុន្មានប្រកួតខាងមុខ បើក្រុមនៅតែមិនអាចរកឃើញលទ្ធផលល្អវិញបាន លោក Amorim អាចនឹងត្រូវក្លិបបណ្តេញចេញពីតំណែង៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top