កីឡាករដោលថ្នោល Mondo Duplantis សញ្ជាតិស៊ុយអែត បានបំបែកកំណត់ត្រាពិភពលោក និងឈ្នះមេដាយមាស ជាលើកទី១៤ ក្រោយសម្រេចបានក្នុងរយៈកម្ពស់ ៦,៣០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោក នៅទីក្រុងតូក្យូ ឆ្នាំ ២០២៥។
កីឡាករកូនកាត់អាម៉េរិក-ស៊ុយអែត ដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍អត្តពលកម្មពិភពលោកទីក្រុងតូក្យូ នៅថ្ងៃទី១៥ កញ្ញា និងជាការបំបែកកំណត់ត្រាខ្ពស់ជាងគេជាលើកទី១៤ជាប់ៗគ្នា។ កាលពីកំណត់ត្រាលើកទី១៣របស់គេ Duplantis សម្រេចបាន កម្ពស់ ៦,២៩ម៉ែត្រ អំឡុងកីឡាអត្តពលកម្មពិភពលោកទីក្រុង Budapest កាលពីខែសីហាកន្លងទៅ។
នៅការប្រកួតក្នុងទីក្រុងតូក្យូ កីឡាករវ័យ ២៥ឆ្នាំ នៅការព្យាយាមលោតចំនួន ២លើកដំបូងរបស់គេ ធ្វើមិនបានល្អឡើយ ដោយតែងតែបរាជ័យ។ នៅមុនការព្យាយាមលោតលើកទី៣ អ្នកគាំទ្រក្នុងកីឡដ្ឋានជាមានប្រមាណជាង៧ម៉ឺននាក់ បាននាំគ្នាស្រែកលើកទឹកចិត្តដល់រូបគេ រហូតធ្វើឱ្យគេអាចលោតរំលងរបាបានសម្រេចក្នុងរយៈកម្ពស់ ៦,៣០ម៉ែត្រ។
អ្នកគាំទ្រក្នុងកីឡដ្ឋានជាតិជប៉ុន បានស្រែកអបអរ និងទះដៃ ខណៈកីឡាករសញ្ជាតិអ៊ុយអែត បានរត់ទៅអបអរជ័យជម្នះ និងកំណត់ត្រាថ្មីរបស់គេជាមួយក្រុមគ្រួសារ ដែលទៅលើកទឹកចិត្តផ្ទាល់។ កីឡដ្ឋានជាតិជប៉ុន ដដែលនោះ ក៏ជាទីតាំងដូចគ្នា កាលពី ៤ឆ្នាំមុន ដែលកីឡាករ Duplantis បានឈ្នះមេដាយមាសអូឡាំពិក លើកដំបូង ស្ថិតក្នុងទីក្រុងតូក្យូ តែកាលនោះការប្រកួតធ្វើឡើងដោយបិទខ្ទប់ព្រោះតែបញ្ហាជំងឺរាតត្បាតកូវីដ-១៩។
ការប្រកួតដដែល អត្តពលិកលោតរបាចំនួន ៧ ចំណោម ១២នាក់ អាចលោតបានត្រឹមតែកម្ពស់ ៥,៩០ម៉ែត្រ ប៉ុណ្ណោះ ក្នុងការប្រកួតវគ្គជម្រុះដ៏ស្វិតស្វាញ ប៉ុន្តែមានតែកីឡាករកំពូលចំនួន ២នាក់ប៉ុណ្ណោះ រួមមាន Duplantis និងកីឡាករសញ្ជាតិក្រិក Emmanouil Karalis ដែលប្រជែងគ្នាខ្លាំង។
Karalis ម្ចាស់មេដាយសំរិទ្ធនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស លោតបានត្រឹមកម្ពស់តែ ៦ម៉ែត្រ ហើយការព្យាយាមលោតកម្ពស់ ៦,១០ម៉ែត្រ, ៦,១៥ម៉ែត្រ និង ៦,២០ម៉ែត្រ គេលោតមិនផុតបានល្អឡើយ ទោះគេព្យាយាមដាក់សម្ពាធលើកីឡាករវ័យ ២៥ឆ្នាំ ក៏ដោយ។
Duplantis បានព្យាយាមលោតកម្ពស់ ៦,១០ម៉ែត្រ និង ៦,១៥ម៉ែត្រ បានសម្រេច មុនពេលគេបានព្យាយាមលោតកម្ពស់ ៦,៣០ម៉ែត្រ ចំនួន ៣លើក រហូតបានសម្រេច ផ្តល់ឱ្យអ្នកគាំទ្រនិងស្ថាប័នអត្តពលិកពិភពលោក នូវអ្វីពួកគេចង់បាន និងចង់ឃើញ គឺកំណត់ត្រាពិភពលោក។ កីឡាករស៊ុយអែតរូបនេះ បានបំបែកកំណត់ត្រាដំបូងនៅឆ្នាំ២០២០ ដោយធ្វើបានក្នុងកម្ពស់ ៦,១៧ម៉ែត្រ និង ១៣លើកបន្តបន្ទាប់ ក្នុងកម្ពស់ ៦,១៨ម៉ែត្រ, ៦,១៩ម៉ែត្រ, ៦,២០ម៉ែត្រ, ៦,២១ម៉ែត្រ, ៦,២២ម៉ែត្រ, ៦,២៣ម៉ែត្រ, ៦,២៤ម៉ែត្រ, ៦,២៥ម៉ែត្រ, ៦,២៦ម៉ែត្រ, ៦,២៧ម៉ែត្រ, ៦,២៨ម៉ែត្រ, ៦,២៩ម៉ែត្រ និងចុងក្រោយ ៦,៣០ម៉ែត្រ៕
ប្រភព៖ THMEYTHMEY