អតីតដៃគូរបស់កីឡាករកម្ពុជា វឿន វាសនា គឺ ស្មាត់ធំរបស់ជម្រើសជាតិ ហ្វីលីពីន កីឡាករ Bryan Bagunas បានបង្ហាញសមត្ថភាពមិននឹកស្មានដល់ក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ឆ្នាំ ២០២៥ ដែលនេះជាសក្ខីភាពបង្ហាញពី រូបគេពិតជាសក្តិសមទទួលបានឱកាសទៅលេងនៅលីគបាល់ទះកំពូលជប៉ុន ពិតមែន។
មុនការប្រកួតបាល់ទះជើងឯកពិភពលោក ឆ្នាំ ២០២៥ ដែល ហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះមកដល់ កីឡាករ Bryan Bagunas បានទទួលដំណឹងយ៉ាងភ្ញាក់ផ្អើល ដោយបានចុះកិច្ចសន្យាទៅចូលរួមជាមួយក្រុម Osaka Bluteon នៃលីគបាល់ទះ ជប៉ុន ដែលជាក្រុមរបស់ស្មាត់កំពូល Yuji Nishida។
ជាការពិត ចំណុចដែលស្មាត់មកពីតំបន់ អាស៊ីគ្នេយ៍ វ័យ ២៧ ឆ្នាំរូបនេះ ត្រូវបានក្លិបកំពូលរបស់ ជប៉ុន មើលឃើញ គឺមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែ វាគឺ ដោយសារសមត្ថភាពយ៉ាងពិតប្រាកដ។ Bryan Bagunas បានធ្វើឱ្យអ្នកគាំទ្របាល់ទះមានការភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពលេចធ្លោខ្លាំងក្នុងព្រឹត្តិការណ៍បាល់ទះពិភពលោក ២០២៥។
ដ្បិតក្រុមបាល់ទះជម្រើសជាតិ ហ្វីលីពីន បានធ្លាក់ចេញពីពានបាល់ទះជើងឯកពិភពលោក ២០២៥ ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលទៅហើយ ប៉ុន្តែការប្រកួតក្នុងពូល A ចំនួន ៣ ប្រកួតកន្លងមក រូបគេពិតជាធ្វើបានល្អខ្លាំងមែនទែន ដោយបានរួមចំណែកជួយឱ្យ ហ្វីលីពីន ឈ្នះ ១ និងចាញ់ ២។
Bryan Bagunas បានបង្កើតស្ថិតិសឹងមិននឹកស្មានដល់ ដោយរូបគេបានជាប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមស្មាត់កំពូលៗក្នុងពិភពលោកជាច្រើន ជាស្មាត់ល្អបំផុតសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនៃពានបាល់ទះជើងឯកពិភពលោក ២០២៥។ កីឡាករ ហ្វីលីពីន កម្ពស់ ១.៩៤ ម៉ែត្ររូបនេះ ធ្វើបានស្ថិតិ ដោយរកពិន្ទុសរុបបាន ៧០ ពិន្ទុ។ រូបគេរកបានពិន្ទុពីការវាយផ្តាច់បានចំនួន ៦១ ពិន្ទុ បាំងបាល់បានដោយជោគជ័យបានចំនួន ៦ លើក និងរកបានគ្រាប់បាល់ពីការវាយសេវាបានចំនួន ៣ លើក។
គួរបញ្ជាក់ថា ការចូលរួមក្នុងពានបាល់ទះជើងឯកពិភពលោក ២០២៥ ជាលើកដំបូង ហ្វីលីពីន បានស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូល A ដោយឆ្លងកាត់ ៣ ប្រកួត ចាញ់ ទុយនីស៊ី ០ សិតទល់។ ប្រកួតបន្ទាប់ ឈ្នះ អេហ្ស៊ីប ៣ សិតទល់ ១ និងការប្រកួតចុងក្រោយ ចាញ់ អ៉ីរ៉ង់ ២ សិតទល់ ៣៕
ប្រភព៖ KAMPUCHEATHMEY