លោក​ សេន​ ប៊ុនថេន​៖​ «សូម្បី​តែ​ខ្ញុំ​ក៏​ឆ្ងល់​ដែរ​ មហាម៉ាត់​ យ៉ាស៊ីន​ ប៉ុន្មាន​នាក់នេះ​ហាត់​មិន​ចេះ​ហត់​សោះ»​

លោក​ សេន​ ប៊ុនថេន​ គ្រូ​បង្វឹក​របស់​កីឡាករ មហា​ម៉ាត់​, យ៉ាស៊ីន​, អាលីរ៉េហ្សា​, អាមៀ​ បាន​ឆ្ងល់​​ពី​កូន​សិស្ស​ប៉ុន្មាន​នាក់​ហ្វឹកហាត់​មិន​ចេះ​ហត់​សោះ។

លោក​ សេន​ ប៊ុន​ថេន​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​បរទេស​ ​មហាម៉ាត់​, យ៉ាស៊ីន​, អាលីរ៉េហ្សា,​ អាមៀ​ ដែល​កំពុង​រស់នៅ​ហ្វឹកហាត់​ជា​មួយ​លោក​ប៉ុន្មាន​នាក់​នេះ​មាន​សុខភាព​ល្អ​ខ្លាំង​ និងសួត​ល្អ​​អំណោយ​ផល​ដល់​ការ​ហ្វឹកហាត់​តែ​ម្ដង។​

គ្រូ​បង្វឹក​រូប​នេះ​បន្ត​ទៀត​ថា​ លោក​ក៏​ឆ្ងល់​ដែរ​ពីសុខភាពរបស់​​ពួកគេ​ល្អ​ខ្លាំង​​ដោយ​ហ្វឹកហាត់​មិន​ចេះ​ហត់​សោះ​។ ការ​ហ្វឹក​ហាត់​បច្ចេកទេស​អ្វីដែល​​លោក​ដាក់​ឲ្យ ក៏​ពួក​គាត់​ធ្វើ​បាន​ទាំង​អស់។​ ពួក​គេ​ឧស្សាហ៍ព្យាយាម​ គោរព​ការ​ហ្វឹកហាត់​ ​មិនចេះ​ដើរ​លេង​ មិន​ចេះ​ញុាំគ្រឿង​ស្រវឹង​ ​ស្រឡាញ់​រាប់អាន​ និង​ចេះ​ខ្លាច​ចិត្ត​អ្នក​ដទៃ។​

លោក​​ សេន​ ប៊ុនថេន​ បាន​បន្ត​ថា​ ដោយ​សារ​​ការ​​គោរព​លើ​ការ​ហ្វឹកហាត់​ជាប់លាប់​ និង​ខំប្រឹង​ប្រែង​ព្យាយាម​បំផុត​ទើប​ធ្វើ​ឲ្យ​ពួកគេ​រឹតតែ​មាន​សមត្ថភាព​ល្អ​ខ្លាំង​ក្នុង​ការ​ប្រកួត​កន្លង​ទៅ​ដូច​ប្រិយមិត្ត​បាន​ឃើញស្រាប់។​ កីឡាករ​កម្ពុជា​មួយ​ចំនួន​ហាត់​ខ្លាំង​មែនទែន​អត់​បាន​ទេ​ ហាត់​ឈឺ​ ពោល​សុខភាព​មិន​សូវ​ល្អ​ដល់​បរទេសនោះ​ឡើយ។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​បរទេស​ប៉ុន្មាន​ខាង​លើ​នេះ​ពិសេស​ មហាម៉ាត់​ និង​ យ៉ាស៊ីន​ គឺ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។​ ពួកគេ​ប្រកួត​ម្ដងៗ​អស់​ពី​សមត្ថភាព​ និង​ប្រកួត​បុក​លើ​ដៃគូ​ខ្លាំង​សឹងតែ​មិន​ឲ្យ​ដក​ដង្ហើម​បាន​ផងដែល​នេះ​បង្ហាញ​ពី​កម្លាំង​ស៊ុហ្វ​ដ៏​ល្អ​របស់​ពួកគេ។​ កីឡាករ​ប៉ុន្មាន​នាក់​នេះ​កំពុង​ក្រឡុក​តាម​សង្វៀន​នានា​ក្នុង​ស្រុក​ និង​បង្ហាញ​មុខ​ច្រើនលើ​កម្មវិធី​ធំៗ​។​ កីឡាករ​ទាំង​៤នាក់​នេះ​ជា​ជនជាតិ​អាហ្វហ្កានីស្ថាន និង​បាន​រស់នៅ​ជា​ជា​មួយ​ក្លឹប​សេនប៊ុនថេន​គុនខ្មែរ​ប្រហែល​១០​ខែ​មក​ហើយ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top