ក្រុមព្រះខ័នរាជស្វាយរៀង អាយុ ១៨ ឆ្នាំ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ ស្វាយរៀងខាប់ លើកទី៧ បន្ទាប់ពីបានយកឈ្នះ លើក្រុម កាំភ្លើងធំ ដោយលទ្ធផល ៣-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីរសៀលថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីលាវិទ្យាល័យ ស្វាយរំពារ។
គ្រាប់បាល់ទាំង ៥ កើតឡើងក្នុងវគ្គទី១ ក្នុងនោះ ៣ គ្រាប់របស់ក្រុម U18 ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករតែម្នាក់គត់គឺកីឡាករ សុខ ស៊ីណេ នៅនាទី៨ ២០ និង ២២ ខណៈ ២គ្រាប់របស់ ក្រុមកាំភ្លើងធំ រកបានដោយកីឡាករ មី សុធារិទ្ធ នាទី ២៦ និង សុខ គារ៉ា នៅទី៣០។ ចំពោះការប្រកួតនៅវគ្គទី២គ្មានគ្រាប់បាល់កើតឡើងទេ។
តាមរយៈជ័យជម្នះនេះ ក្រុម U18 ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជួបយុវជនសាមគ្គី ដែលបានឡើងវគ្គផ្តាច់ព្រ័ត្រ តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៥។ ពួកគេបានយកឈ្នះ ក្រុម CRS Sport ដោយលទ្ធផល ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រុម U18 ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើ ក្រុម លីងគួយ អេហ្វស៊ី ដោយលទ្ធផល ២-១ ខណៈក្រុម យុវជនសាមគ្គី បានយកឈ្នះ លើក្រុម United SEZ ដោយលទ្ធផល ១-០ នៅវគ្គ៨ក្រុមចុងក្រោយ។
រហូតដល់ពេលនេះ កីឡាករ សុខ គារ៉ា រកបានគ្រាប់បាល់ច្រើនជាងគេ (៣០គ្រាប់) ដែលរំពឹងឈ្នះស្បែកមាស ខណៈកីឡាករផ្សេងទៀតតាមពីក្រោយឆ្ងាយដោយកីឡាករ ទិន កាណូ (១៥គ្រាប់ និង នៅ សុភាព (១៥គ្រាប់)៕
ប្រភព៖ KAMPUCHEATHMEY



