បើកឆាករដូវកាលថ្មី វឿន វាសនា ជាប់ជាកីឡាករល្អបំផុតប្រចាំការប្រកួតលីគ​តៃវ៉ាន់​រដូវ​កាល​ថ្មី

ស្មាត់ស្តាំរបស់ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា កីឡាករ វឿន វាសនា បានបង្ហាញសមត្ថភាពរបស់ខ្លួនយ៉ាងលេចធ្លោជាមួយក្រុមបាល់ទះ Win Streak សម្រាប់ការលេងប្រកួតដំបូងក្នុងលីគបាល់ទះ តៃវ៉ាន់ (TVL) សម្រាប់រដូវកាល ២០២៥-២០២៦។

ការប្រកួតលីគបាល់ទះ តៃវ៉ាន់ (TVL) រដូវកាលថ្មី ២០២៥-២០២៦ បានចាប់ផ្តើមជាផ្លូវការហើយ ខណៈការប្រកួតសប្តាហ៍ដំបូងរបស់ក្រុម Win Streak កាលពីថ្ងៃ សៅរិ៍ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៥ កន្លងទៅ គឺពួកគេធ្វើបានល្អខ្លាំងមែនទែន ដោយបានយកឈ្នះលើក្រុម East Power ក្នុងលទ្ធផល ៣ សិតទល់នឹង ០។

ចំពោះជ័យជម្នះដ៏ធំធេងរបស់ក្រុមការពារតំណែងជើងឯកលីគ តៃវ៉ាន់ មួយនេះ គឺមានការចូលរួមចំណែកយ៉ាងសំខាន់របស់ស្មាត់ កម្ពុជា វឿន វាសនា រហូតត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត បន្ទាប់ពីរូបគេរកបានពិន្ទុច្រើនជាងគេជូនក្រុម។

ក្នុងការប្រកួតនេះ វាសនា រកបានពិន្ទុសរុបបានចំនួន ១៩ ពិន្ទុ ដោយឈរនៅលើមិត្តរួមក្រុម ២ រួមមាន HanJia (រកបាន ១៦ ពិន្ទុ) និង WuZongXuan (រកបាន ១២ ពិន្ទុ)៕

ប្រភព៖ KAMPUCHEATHEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top