ចាញ់ ភ្នំពេញក្រោន យប់​មិញ លោក McConkey ថា ក្រុម​របស់​លោក​មានកំហុស​ក្នុងជួរ​ការពារ

លោក Matthew McConkey គ្រូបង្គោលរបស់ក្រុម ព្រះខ័នរាជស្វាយរៀង បានទទួលស្គាល់អំពីការបរាជ័យទល់នឹងក្រុម ភ្នំពេញក្រោន និងចាត់ទុកការបរាជ័យនេះ «មិនមានលេសអ្វីឡើយ» ដ្បិតក្រុមលោកនៅក្នុងសប្តាហ៍នេះមានភារិកិច្ចប្រកួតញឹក ដោយរយៈពេលត្រឹម ៤ ថ្ងៃត្រូវប្រកួតជាមួយក្រុមខ្លាំងដល់ទៅ ២ ប្រកួតក៏ដោយ។

កាលពីថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៥ កន្លងទៅ ក្រុម ព្រះខ័នរាជស្វាយរៀង បានប្រកួតជាមួយក្រុម Nam Dinh FC នៅទឹកដី វៀតណាម ក្នុងពាន ASEAN Club Championship Shopee Cup ខណៈការប្រកួតនោះ ពួកគេបានបរាជ័យក្នុងលទ្ធផល ២-១។

ដោយឡែកកាលពីយប់មិញនេះ ថ្ងៃ អាទិត្យ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៥ ពួកគេបានបន្តធ្វើការងារធ្ងន់ទៀត ដោយបានជួប ភ្នំពេញក្រោន ក្នុងក្របខណ្ឌលីគ កម្ពុជា Cambodian Premier League ហើយជាលទ្ធផល គឺបានបរាជ័យក្នុងលទ្ធផល ២-៣។ គ្រាប់បាល់ ២ គ្រាប់របស់ ព្រះខ័នរាជស្វាយរៀង គឺរកបានដោយកីឡាករ Cristian Roque នៅនាទីទី ៦៣ និងមួយគ្រាប់ទៀត រកបានដោយ Kwame Peprah នៅនាទីទី ៦៥។ ចំណែកគ្រាប់បាល់ ៣ គ្រាប់របស់ ភ្នំពេញក្រោន គឺរកបានដោយ សារ ទី នៅនាទីទី ៤២, Makerlo Tellez នៅនាទីទី ៦៦ និងចុងក្រោយរកបានដោយ Moses Dyer នៅនាទីទី ៩០+៩។

ក្រោយបញ្ចប់ការប្រកួតទល់នឹង ភ្នំពេញក្រោន លោក McConkey បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា លីគគួរតែជួយដល់ក្រុមដែលលេងពានអន្តរជាតិ ប៉ុន្តែវាមិនមែនជាលេសសម្រាប់ថ្ងៃនេះនោះទេ ។ វាមិនមែនជាមូលហេតុយើងចាញ់ការប្រកួតនោះទេ»

បន្ថែមលើនេះទៀត គ្រូបង្វឹកសញ្ជាតិ អៀរឡង់ វ័យ ៣២ ឆ្នាំបានទិដ្ឋភាពប្រកួតយ៉ាងដូច្នេះ ថា៖ «លទ្ធផលវាមិនមែនជាអ្វី ដែលយើងរំពឹងទុកទេ។ ជាពិសេស នៅក្នុងវគ្គទី ១ គឺយើងមានឱកាសច្រើន ដែលយើងអាចទាត់បញ្ចូលទីបាន ដូចជានៅពេលបាល់ដាច់ ៤ ទល់ ១ និងពេលខ្លះ ៥ ទល់ ២។ យើងគួរតែរកគ្រាប់បាល់បាន។ ពេលចូលវគ្គទី ២ វាកើតឡើងចេញពីកំហុសបន្តិចបន្តួចអំពីជួរការពាររបស់យើង។ មុនកើតឡើងបាល់ប៉េណាល់ទី ក៏យើងអត់ដឹង ថា កំហុសហ្នឹងរបៀបម៉េច ដោយសារយើងអត់ទាន់បានមើលវីដេអូ។ ប៉ុន្តែមុនហេតុការណ៍បាល់ប៉េណាល់ទីកើតឡើង យើងគួរតែបញ្ចប់បាល់ហ្នឹងឱ្យហើយ»។

ការប្រកួតកាលពីយប់មិញ ព្រះខ័នរាជស្វាយរៀង ក៏មានឱកាសរកបានគ្រាប់បាល់ច្រើនដែរ។ ជាពិសេស ការប្រកួតនៅក្នុងវគ្គទី ១ ដោយពេលខ្លះមានបាល់ដាច់ដល់ទៅ ៤ ទល់ ១ ហើយពេលខ្លះទៀត មានបាល់ដាច់ដល់ ៥ ទល់ ២ ប៉ុន្តែចុងក្រោយកូនក្រុមរបស់លោកមិនអាចសម្រេចទីបាន។ យ៉ាងណា លោក McConkey មើលឃើញ ថា ក្រុមរបស់លោកហាក់មានបញ្ហាត្រង់តំបន់ខ្សែការពារ សម្រាប់ការប្រកួតវគ្គទី ២ ដែលជាហេតុធ្វើឱ្យបញ្ចប់ការប្រកួត ក្រុមរបស់លោកបានបរាជ័យក្នុងលទ្ធផល ៣ ទល់នឹង ២៕

ប្រភព៖​ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top