ក្លិបអេស្ប៉ាញ Alaves នឹងដាក់ពាក្យប្តឹង FIFA ដែលហាមកីឡាករសញ្ជាតិម៉ាឡេស៊ី ក្នុងរឿងអាស្រូវបន្លំឯកសាប្តូរសញ្ជាតិ

ក្លិប Alaves នៃលីគកំពូល La Liga របស់អេស្ប៉ាញ បានដាក់ពាក្យបណ្តឹងបន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានព្យួរកីឡាករ Facundo Garces ដែលជាខ្សែការពារសំខាន់រយៈពេលមួយឆ្នាំ ជុំវិញការចោទប្រកាន់ថាបានក្លែងបន្លំឯកសារចូលសញ្ជាតិម៉ាឡេស៊ី និងបង្ហាញខ្លួនឱ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី។

FIFA បានដាក់ពិន័យ​សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ជាង៤០ម៉ឺនដុល្លារ  និងកីឡាករ ៧រូបមិនឱ្យជាប់ពាក់ព័ន្ធវិស័យបាល់ទាត់ ១២ខែ។ ការដាក់ពិន័យនេះ ក្រោយ FIFA រកឃើញថា FAM បានក្លែងបន្លំឯកសារចូលសញ្ជាតិរបស់កីឡាករបរទេស៧នាក់ អំឡុងការប្រកួតវគ្គជម្រុះជុំចុងក្រោយ​ Asian Cup ឆ្នាំ ២០២៧ ដោយយកឈ្នះវៀតណាម ដល់ទៅ ៤-០។

បើតាមគណៈកម្មាធិការវិន័យរបស់ FIFA កីឡាករបរទេសទាំង៧នាក់ ដែលបញ្ជូលក្រុមម៉ាឡេស៊ី ត្រូវបានរកឃើញថាប្រព្រឹត្តិខុសឯកសារ ដែលក្នុងនោះមានកីឡាករ Gabriel Palmero និង Jon Irazabal សញ្ជាតិដើមអេស្ប៉ាញ, កីឡាករ Facundo Garces, Rodrigo Holgado និង Imanol Machuca សញ្ជាតិដើមអាហ្សង់ទីន ព្រមទាំងកីឡាករ Joao Figueiredo សញ្ជាតិដើមប្រេស៊ីល ហើយនិងកីឡាករ Hector Hevel ដើមកំណើតហូឡង់។ 

ការដាក់ពិន័យ និងបម្រាមរបស់ FIFA លើកីឡាករចូលសញ្ជាតិម៉ាឡេស៊ីទាំង ៧រូប បានធ្វើឱ្យកីឡាករ Garces ដែលជាខ្សែការពារសំខាន់របស់ក្រុម Alaves ត្រូវដកឈ្នោះចេញពីក្រុមក្នុងការប្រកួត La Liga ក្នុងជំនួបទល់នឹង Mallorca កាលពីចុងសប្តាហ៍មុន។

យោងតាមកាសែត ​​Marca ក្លិប Alaves មានការភ្ញាក់ផ្អើលចំពោះព័ត៌មាននេះ ខណៈខ្សែការពារសញ្ជាតិដើមអេស្ប៉ាញ វ័យ ២៦ឆ្នាំ ដែលបានលេង ៩០៩ នាទីពេញក្នុងការប្រកួតលីគកំពូលទាំង ៦ ប្រកួតនៅរដូវកាលនេះ ត្រូវបានហាមឃាត់។ អ្នកចាត់ការទូទៅ Alaves លោក Eduardo Cudet គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ដក Garces ​ចេញ​ពី​ក្រុម​តាម​ការ​សម្រេច​របស់ FIFA នោះទេ។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្លិបនៃលីគកំពូលអេស្ប៉ាញមួយនេះ នឹងដាក់ពាក្យបណ្តឹងទៅកាន់ FIFA ចំពោះការដាក់ពិន័យកីឡាករខ្លួនរយៈពេលមួយឆ្នាំនេះ។

ក្រុមជម្រើសជាតិម៉ាឡេស៊ី បានដាក់កីឡាករទាំង៧នេះចូលសញ្ជាតិ ក្រោមគោលការណ៍ច្បាប់កីឡា ដោយត្រូវបានចុះឈ្មោះផ្តល់ព័ត៌មានរបស់ពួកគេជាមួយនឹង FIFA។ កីឡាករទាំងនោះ ត្រូវបានដាក់ឱ្យចូលលេងទាំងអស់គ្នា អំឡុងការប្រកួតដែលម៉ាឡេស៊ីយកឈ្នះវៀតណាម លទ្ធផល ៤-០ ក្នុងជំនួបវគ្គជម្រុះជុំចុងក្រោយពូល F ពានរង្វាន់ Asian Cup ឆ្នាំ ២០២៧ ក្នុងកីឡដ្ឋាន Bukit Jalil កាលពីខែមិថុនា។

«FIFA បានទទួលពាក្យបណ្តឹងទាក់ទងនឹងសិទ្ធិកីឡាករទាំង ៧នាក់នោះ។ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីបានប្រើឯកសារក្លែងបន្លំដើម្បីអាចឱ្យកីឡាករបរទេសចូលប្រកួតលើទីលានបាន។»។ នេះបើតាមសេចក្តីប្រកាសរបស់ ​FIFA។

FIFA ថែមទាំងបានត្រួតពិនិត្យភស្តុតាងទាំងអស់ និងបានពិន័យសហព័ន្ធបាល់ទាត់ម៉ាឡេស៊ី ជាទឹកប្រាក់ ៤៣៨ ៧០០ដុល្លារ ស្របពេលកីឡាករទាំង៧ ត្រូវរងពិន័យម្នាក់ ២ ៥០០ដុល្លារ និងហាមឃាត់ពីសកម្មភាពបាល់ទាត់រយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃទី២៦ ខែកញ្ញា តទៅ។

​គណៈកម្មាធិការវិន័យ FIFA ក៏បញ្ជូនសំណុំរឿងនេះទៅតុលាការអាជ្ញាកណ្តាលរបស់​ FIFA ដើម្បីពិចារណាបន្ថែមលើករណីខាងលើនេះ។ FIFA ក៏បើកសិទ្ធិឱ្យ FAM ដាក់ពាក្យបណ្តឹងឧទ្ធរណ៍ត្រឡប់ទៅវិញផងដែរ ដើម្បីប្រឆាំងនឹងការសម្រេចខាងលើឭ ហើយម៉ាឡេស៊ីត្រូវរៀបចំឯកសារ និងហេតុផលឱ្យបានគ្រប់គ្រាន់ ស្របពេល FIFA ផ្តល់ពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ។

ចំពោះករណីនេះ FAM បានចេញមុខបកស្រាយក្នុងថ្ងៃតែមួយថា រាល់ឯកសារដែលបានបញ្ជាក់អំពីការចូលសញ្ជាតិរបស់កីឡាករ បានផ្ញើទៅកាន់ FIFA ហើយសុទ្ធសឹងតែធ្វើឡើងស្របទៅតាមការណែនាំរបស់ FIFA ទើបកីឡាករទាំងនោះអាចបង្ហាញខ្លួនផ្លូវការឱ្យក្រុមម៉ាឡេស៊ីបាន។ FAM ក៏ប្រកាសដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចរបស់ FIFA វិញផងដែរ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top