ខាន​​ចាញ់​យូរ​ ធឿន​ ធារ៉ា​ និង​ អេ អាំម៉ារីន ចាប់ដៃ​គ្នាចាញ់​​ក្នុង​កម្មវិធី​តែ​មួយ​

អ្នក​ប្រដាល់​ល្បីឈ្មោះ​កម្រ​ចាញ់​ និង​ជា​សិស្ស​គុន​របស់​លោក​ អេ​ ភូថង​ គឺ​កីឡាករ​ ធឿន​ ធារ៉ា​ និងកូន​ប្រុសរបស់​លោក​​ អេ អាំម៉ារីន​ ជើង​ខ្លាំង​របស់​កម្ពុជា​ទាំង​ពីរ​ចាញ់​ដូច​គ្នា​ក្នុងកម្មវិធី​ប្រដាល់​តែ​មួយ​កាល​ពី​ថ្ងៃទី២៦ ខែ​កញ្ញា​ ឆ្នាំ​២០២៥ លើ​សង្វៀន​ថោន។​

ការចាញ់របស់ ធឿន ធារ៉ា ហាក់ធ្វើឲ្យអ្នកគាំទ្រគុនខ្មែរមានការភ្ញាក់ផ្អើលខ្លាំង ព្រោះកម្រឃើញកីឡាកររូបនេះចាញ់សន្លប់ណាស់ពិសេសរាល់ការប្រកួតរបស់គេនៅសង្វៀនថោនតែងតែធ្វើបានល្អ។ ការចាញ់នេះហាក់លឿនខ្លាំងពេកត្រឹមទឹកទី១ ខណៈម្នាក់ៗមិនទាន់ចេញស្នៀតអស់នៅឡើយទេ។

ការប្រកួតបែបរុំអំបោះឆៅនេះគឺប្រឈមនិងគ្រោះថ្នាក់ខ្លាំង ដូច្នេះទាល់តែមានការប្រុងប្រយ័ត្នគ្រប់ពេលទើបបាន។ ទឹកទី១ កីឡាករ RUSLAN NAGIYEV រូបនេះគឺទម្រង់វាយល្អចេញចូលលឿន និងឆក់ដៃបានច្រើន ប៉ុន្តែមិនសូវត្រូវ។ ការសន្លប់របស់ ធារ៉ា នេះដោយសារតែរូបគេឆក់វាយឆ្វេងទៅលើពោះរបស់ RUSLAN NAGIYEV ក៏ភ្លាត់ត្រូវដៃឆ្វេងរបស់ដៃគូវិញត្រង់ភ្នែកស្ដាំធ្វើឲ្យឈឺរហូតបោះបង់ការប្រកួតនៅពេលនោះតែម្ដងទៅ។  

ចំណែក​ អេ អាំម៉ារីន​ វិញ​មិន​ចាញ់​សន្លប់​ដូច​ ធារ៉ា​ ឡើយ​ ប៉ុន្តែ​អស់​ស៊ុហ្វ​រលីង​ដោយ​សារ​ប្ដូរ​គ្នា​ផង​ និង​ដៃគូ​វាយ​ត្រូវ​ច្រើន​ផង។​ កូន​ប្រុស​លោក​ អេ ភូថង​ រូបនេះ​ក៏​កម្រ​ចាញ់​ការប្រកួត​ផង​ដែរ​ ពោល​តាម​រយៈ​កាយ​សម្បទា​ខ្ពស់​ វែង​ល្អ​ និង​ចង្វាក់​វាយ​កាច​ រួម​ផ្សំ​ការ​បោះជង្គង់​ល្អ​ផង​នោះ​ទើប​រូប​គេ​កម្រ​ចាញ់​ការ​ប្រកួត​ណាស់។​

អាច​ថា​ជាការ​ចៃដន្យ​ខ្លាំង​ណាស់កូន​សិស្ស​ និង​កូន​បង្កើត​របស់លោក​ អេ​ ភូថង​ ទាំង​ពីរ​បែរ​ជា​បរាជ័យ​ចាញ់​ដៃគូ​ប្រកួត​ដូច​គ្នា​នៅ​លើ​កម្មវិធី​តែ​មួយ​ជា​មួយ​គ្នា​កាល​ពី​យប់​ថ្ងៃ​ទី២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ លើ​សង្វៀន​ថោន​នៅ​ពេល​នោះ៕​

ប្រភព៖​ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top