កីឡាជឺជីតស៊ូ​កម្ពុជា​ ឈ្នះ​មេដាយ​មាស ២ ប្រាក់​ ១ ពី​ការ​ប្រកួត Grand Slam កម្រិត​ពិភព​លោក​នៅ​ចិន

ក្រុម​កីឡាករជឺជីតស៊ូ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ ២០២៥ ទទួល​បាន​មេដាយ​ចំនួន ៣ គ្រឿង​ពី​ការ​ប្រកួត​កីឡា​ជឺជីតស៊ូ​​អាជីព​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភព​លោក Abu Dhabi Grand Slam Jiu-Jitsu World Tour 2025–2026 នៅ​ប្រទេស​ចិន។

លោក Jasper Paas អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានផ្តល់រូបភាព និងព័ត៌មានខ្លះៗមកកាន់«កម្ពុជាថ្មី»ថា កីឡាករជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា ធ្វើបានយ៉ាងល្អឥតខ្ចោះដោយគិតចាប់ពីការប្រកួតដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រ រូបគេបានឃ្លេដៃគូឲ្យចុះចាញ់ទាំងអស់ដើម្បីទទួលបានមេដាយមាស។

ជាមួយគ្នានេះ កីឡាករបរទេសហ្វឹកហាត់កម្ពុជាប្រកួតតំណាងឲ្យក្លិបកម្ពុជា CamEd Jiu Jitsu Club ក៏ទទួលបានមេដាយមាសដែរ។

អនុប្រធាន​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជារូប​នេះ​បាន​សង្កត់​ធ្ងន់​ថា អ្វី​ដែល​ថ្នាក់​ដឹក​នាំ និង​លោក​ផ្ទាល់​មាន​មោទនភាព​បំផុត​គឺ​ការ​បណ្តុះ​បណ្តាល​ថ្នាល​យុវជន​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ប្រសើរ។ កីឡាករ​អាយុ​១៥​ឆ្នាំ មឿនលីម សុវិរៈ ដែល​ជា​ថ្នាល​យុវជន​របស់​សហព័ន្ធ​ បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។

កីឡាករថ្នាលវ័យ ១៥ឆ្នាំ មឿនលីម​ សុវិរៈ បានបោះជំហ៊ានទៅវគ្គផ្តាច់ព្រ័ត្រ និង​ទទួល​បាន​មេដាយ​ប្រាក់ បន្ទាប់​ពី​ចាញ់​យុវជន​ប្រេស៊ីល​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។ ទោះ​ជា​មិន​បាន​មេដាយ​មាស ប៉ុន្តែ​នេះ​ជា​ផ្លែផ្កា​​ដ៏​សំខាន់​នៃ​ការ​បណ្តុះ​បណ្តាល​ថ្នាល​យុវជន ហើយ​ឈាន​ដល់​ការ​ប្រកួត​កម្រិត​ពិភព​លោក ដូច្នេះ​រូប​គេ​ជា​ទំពាំង​ដ៏​ល្អ​សម្រាប់​អនាគត​ជម្រើស​ជាតិ​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍ The Abu Dhabi Grand Slam Jiu-Jitsu World Tour ​ដែល​ត្រូវ​បាន​ស្គាល់ Abu Dhabi Grand Slam ជាកម្មវិធី​ប្រកួត​កម្រិត​អន្តរជាតិ​របស់​​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​អន្តរជាតិ ត្រូវ​បាន​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ ដោយ​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​អារ៉ាប់រួម (UAEJJF) នៅ​តាម​បណ្តា​ទី​ក្រុង​ធំ​ៗ​ទូទាំង​ពិភព​លោក។ កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​លើក​ដំបូង​កាល​ពី​ឆ្នាំ ២០១៥ ដោយ​មាន​វិញ្ញាសា​ប្រកួត​ជា​ច្រើន​ប្រភេទ ទាំង​បុរស និង​នារី។ ប្រទេស​​ដែល​ធ្លាប់​បាន​រៀបចំ​កន្លង​មក​ដូច​ជា ជប៉ុន អាមេរិក ប្រេស៊ីល អង់គ្លេស អារ៉ាប់រួម ចិន រុស្ស៊ី និង អូស្ត្រាលី​ ជា​ដើម។

សហព័ន្ធកីឡា​ជឺជីតស៊ូកម្ពុជា ទើប​ត្រូវ​បាន​បង្កើត​ឡើង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ប៉ុន្តែ​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ប្រមាណ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top