កីឡាករវ័យ​ក្មេង​ Alex Nikolov មានសមត្ថភាពជាប់ជាស្មាត់កំពូលក្នុងពានបាល់ទះពិភពលោក

ការប្រកួតកីឡាបាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ឆ្នាំ ២០២៥ បានបញ្ចប់ជាផ្លូវការ ដោយក្រុមជម្រើសជាតិ អ៉ីតាលី​ ក្លាយជាម្ចាស់ជើងឯក ប៉ុន្តែអ្វីដែលចាប់អារម្មណ៍បំផុតមួយទៀត គឺស្មាត់វ័យក្មេងរបស់ក្រុមជម្រើសជាតិ ប៊ុលហ្គារី កីឡាករ Aleksandar Nikolov បានរះឡើង ដោយជាប់ឈ្មោះ ជាស្មាត់កំពូលបំផុតម្នាក់នៅក្នុងព្រឹត្តិការណ៍នេះ។

Aleksandar Nikolov ដែលបច្ចុប្បន្នមានវ័យ ២១ ឆ្នាំ បានក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយឱ្យក្រុមជម្រើសជាតិ ប៊ុលហ្គារី ឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រពានបាល់ទះជើងឯកពិភពលោក ២០២៥។ ថ្វីដ្បិតអ្នកលេងតួនាទីស្មាត់ស្តាំរូបនេះ មិនអាចជួយឱ្យ ប៊ុលហ្គារី ឈ្នះជើងឯក បន្ទាប់ពីចាញ់ អ៉ីតាលី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ សិត ០ ក៏ពិតមែន ប៉ុន្តែកំណត់ត្រាដ៏លេចធ្លោ​របស់គេ ត្រូវបានចារទុកជាដរាបនៅក្នុងព្រឹត្តិការណ៍ដ៏ធំក្នុងពិភពលោកមួយនេះ។

នៅក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក ឆ្នាំ ២០២៥ កីឡាករ Aleksandar Nikolov បានធ្វើរឿងមិននឹកស្មានមួយ ដោយរូបគេបានស្ថិតនៅចំណាត់ថ្នាក់លើស្មាត់កំពូលៗក្នុងពិភពលោកជាច្រើន ក្នុងនាមជាអ្នករកពិន្ទុច្រើនបំផុតសម្រាប់ព្រឹត្តិការណ៍។ កីឡាករ​រកពិន្ទុសរុបបានរហូតដល់ទៅ ១៧៣ ពិន្ទុ ខណៈស្ថិតិនេះបានធ្វើឱ្យគេវ៉ាដាច់អ្នកលេខ ២ គឺស្មាត់របស់ជម្រើសជាតិ ប៊ែលហ្ស៊ិក កីឡាករ Ferre Reggers ដល់ទៅ ៦៧ ពិន្ទុឯណោះ ដែលរកបាន ១០៦ ពិន្ទុ។

ពិន្ទុទាំង ១៧៣ ពិន្ទុរបស់ Aleks Nikolov គឺរកបានពីការវាយផ្តាច់ចំនួន ១៥៤ ពិន្ទុ ការបាំងបាល់ ៧ ពិន្ទុ និងវាយសេវា ចំនួន ១២ ពិន្ទុ។ តាមរយៈស្ថិតិនេះ បានធ្វើឱ្យស្មាត់ស្តាំកម្ពស់ ២.០៧ ម៉ែត្ររូបនេះ ឈ្នះពានឯកត្តជនមួយផងដែរ នោះគឺពានស្មាត់​ស្តាំ​ល្អ​បំផុត។

ក្រៅពីភាពលេចធ្លោ​​​ក្នុងពានបាល់ទះជើងឯកពិភពលោក ២០២៥ កីឡាកររបស់ក្រុម Cucine Lube Civitanova ក្នុងលីគ អ៉ីតាលី រូបនេះ ធ្លាប់បង្ហាញភាពលេចធ្លោ​រួចមកហើយ តាំងពីនៅក្រុមយុវជន ប៊ុលហ្គារី។ រូបគេធ្លាប់ឈ្នះ​ពាន​ឯកត្តជន អ្នករកពិន្ទុល្អបំផុត និងអ្នកវាយសេវាល្អបំផុតក្នុងពាន World Championships អាយុក្រោម ២១ ឆ្នាំ។ ដោយឡែកក្នុងពាន European Championships អាយុក្រោម ២០២១ ឆ្នាំនៅឆ្នាំ ២០២២ រូបគេធ្លាប់បានឈ្នះពានស្មាត់ស្តាំល្អបំផុតចំនួន ១ លើក៕

ប្រភព៖​ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top