ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងត្រូវបើកយុទ្ធនាការ ក្នុងពូលពានរង្វាន់ក្លិបអាស៊ីកម្រិតទី ៣ ប្រចាំតំបន់ខាងកើត AFC Challenge League ក្នុងខែ តុលា ឆ្នាំ ២០២៥។
នៅរដូវកាល ២០២៥-២០២៦ ជារដូវកាលដ៏ពិសេសមួយសម្រាប់ កម្ពុជា ដែលមានក្លិបដល់ទៅ ២ រួមមានព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានឈានចូលវគ្គសន្សំពិន្ទុក្នុងពូលពាន AFC Challenge League ដែលផ្ទុយពីរដូវកាលមុន មានតែ ព្រះខ័នរាជស្វាយរៀង ។
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពាន AFC Challenge League នឹងចូលមកដល់ នៅក្នុងខែ តុលា នេះហើយ។ ក្នុងនោះតាមកាលវិភាគកំណត់ គឺ ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល D ដោយត្រូវជួបជាមួយក្រុម SP Falcons នៅថ្ងៃទី ២៦ ខែ តុលា, ជួបក្រុម Ezra នៅថ្ងៃទី ២៩ ខែ តុលា និងចុងក្រោយ ត្រូវជួបក្រុម Manila Digger FC នៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៥។
ភ្នំពេញក្រោន វិញ គឺស្ថិតនៅក្នុងពូល E។ ពួកគេនឹងត្រូវហោះទៅប្រកួតនៅប្រទេស ឥណ្ឌូណេស៊ី ដែលក្រុម Dewa United ត្រូវទទួលធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតដំបូង ភ្នំពេញក្រោន ត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះ Dewa United នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥។ ប្រកួតទី ២ ពួកគេត្រូវជួបក្រុម Shan United នៅថ្ងៃទី ២៩ ខែ តុលា និងការប្រកួតចុងក្រោយ ត្រូវជួបក្រុម Taiwan Steel នៅថ្ងៃទី ០១ ខែ វិច្ឆិកា។
គួរបញ្ជាក់ផងដែរថា ការប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូលក្នុងពាន ACGL នេះ គេកំណត់យក ២ ក្រុម។ ដូច្នេះក្រុមលេខ ១ និងលេខ ២ នឹងត្រូវទទួលបានកៅអីបន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
ប្រភព៖ KAMPUCHEATHMEY



