ម្យ៉ាងដែរ លន បញ ឆ្លើយបែបនេះ៖ យើងល្អប៉ុណ្ណឹងល្អក្នុងស្រុកទេ យើងមិនទាន់ប៉ះជើងខ្លាំងពិតប្រាកដនៅក្រៅប្រទេសឡើយ
កីឡាករ លន បញ្ញា ដែលជើងខ្លាំងលើប្រភេទទម្ងន់ ៦៧គីឡូក្រាមនៅកម្ពុជា មិនទទួលថាខ្លួនល្អដាច់គេ ឬល្អដល់កំពូលប្រចាំស្រុកខ្មែរនោះទេ ពោលសព្វថ្ងៃប៉ះបរទេសល្មមៗដូច្នេះមិនចាត់ទុកថាខ្លួនខ្លាំងបំផុតនោះឡើយនាពេលបច្ចុប្បន្ននេះ។ អ្នកប្រដាល់ លន បញ្ញា បានឲ្យដឹងថា លទ្ធផលឈ្នះជាបន្តបន្ទាប់នេះរូបគេចាត់ទុកថាសមត្ថភាពល្អហើយ ប៉ុន្តែល្អបែបនៅក្នុងស្រុកនោះទេ។ បើនិយាយថាឲ្យល្អដាច់គេ ឬកម្រិតសមត្ថភាពដល់កំពូលនោះគឺមិនទាន់ទេ ព្រោះសព្វថ្ងៃនេះខ្លួនប៉ះកីឡាករបរទេសល្មមៗ។ កូនសិស្សលោក ធន់ សុភា រូបនេះបន្ថែមទៀតថា សព្វថ្ងៃអាចនិយាយបានថាជោគជ័យហើយក្នុងស្រុក ប៉ុន្តែនៅលើឆាកអន្តរជាតិមិនទាន់ធ្វើបាននៅឡើយទេ។ ការប្រកួតក្រៅស្រុកធំៗ ឬប៉ះកីឡាករបរទេសល្អៗខ្លាំងនោះគឺរូបគេមិនទាន់បានឆ្លងកាត់ឡើយ។ យ៉ាងណា បញ្ញា មើលឃើញសមត្ថភាពរបស់ខ្លួនប៉ុណ្ណឹងមិនជាល្អណាស់ណាទេគឺត្រូវពង្រឹងចំណុចខ្វះខាតបន្ថែម។ បញ្ជាក់ដែរថា លន បញ្ញា បច្ចុប្បន្ននេះកំពុងគ្រងខ្សែក្រវាត់ ១១គ្រឿងក្នុងដៃបន្ទាប់ពីរូបគេប្រឡូកគុនខ្មែរអស់ជាច្រើនឆ្នាំមកនេះ។ ៣ប្រកួតចុងក្រោយរូបគេឈ្នះខ្សែក្រវាត់ ៣គ្រឿងចូលក្លឹបលោក ធន់ សុភា។ រូបគេត្រូវបានអ្នកគាំទ្រគុនខ្មែរចាត់ទុកថាជាកីឡាករល្អប្រចាំទម្ងន់ ៦៧គីឡូក្រាមនេះហើយនៅកម្ពុជា៕ ប្រភព៖ KAMPUCHEATHMEY






