កីឡាករ​កំពុង​ល្អ​នៅ​លីគ​កម្ពុជា​ Maksym ឈ្នះ​ពាន​កីឡាករល្អ​ប្រចាំ​ខែ​លើក​ទី​២​ក្នុង​អាជីព

កីឡាករ Maksym Pryadun សញ្ជាតិ​​អ៊ុយក្រែន​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​លីគ​បាល់​ទាត់កំពូល​កម្ពុជា បន្ទាប់​ពី​រូប​គេ​រួម​ចំណែក​ដ៏​សំខាន់​ជួយ​ឲ្យ​ភ្នំពេញ​ក្រោន​មិន​ទាន់​​ស្គាល់​បរាជ័យ​សោះ។

កីឡាករ Maksym Pryadun បានចូលរួមជាមួយក្លិបភ្នំពេញក្រោន កាលពីដើមរដូវកាលនេះដោយបង្ហាញខ្លូនជាផ្លូវការចំនួន ៧ ប្រកួតហើយ។ ការប្រកួតទី១ រូបគេបានបង្ហាញខ្លួនក្នុងពានបើករដូវកាលថ្មី ដោយភ្នំពេញក្រោន បានចាញ់ ព្រះខ័នរាជស្វាយរៀង តាមរយៈការទាត់កាត់សេចក្តី១១ម៉ែត្រ ៣-៥ បន្ទាប់ពីស្មើគ្នា ២-២។

ចំពោះការប្រកួត ៦ លើកដំបូងក្នុងលីគ កីឡាករ Maksym Pryadun ស៊ុតចូល ៥ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ៤ លើក ដើម្បីស្ថិតនៅលេខ ៣ ក្នុងចំណោមកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបំផុត។ រូបគេស៊ុតចូល ក្រុមកងយោធពលខមេរភូមិន្ទ ១ គ្រាប់, ស៊ុតចូល ឡាយហ្វ ខេត្តព្រះសីហនុ ៣ គ្រាប់ និង ស៊ុតចូល គិរីវង់សុខសែនជ័យ ១ គ្រាប់។

ការ​រួម​ចំណែក​ដ៏​សំខាន់​ដល់​ក្រុម​​នេះ​ហើយ​បាន​ផ្តល់​ឲ្យ​រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត ២ លើក​គឺ​នៅ​ពេល ភ្នំពេញ​ក្រោន ឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ៤-៣ និង​នៅ​ពេលឈ្នះ គិរីវង់សុខសែន​ជ័យ ៤-១ ហើយ​ក៏​បានឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​សីហា។

នេះ​ជា​លើក​ទី​ ២ ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​​ដែល​កីឡាករ Maksym Pryadun បាន​ឈ្នះ​​ពាន​រង្វាន់​កីឡាករ​ល្អ​ប្រចាំ​ខែ បន្ទាប់​ពី​លើក​ទី១ រូប​គេ​បានឈ្នះពាន​នៅ​លីគ​បាល់ទាត់​កំពូល​អ៊ុយក្រែន។ ពេល​នោះ រូប​គេ​បាន​ចូល​រួម​ជា​មួយ​ក្លិប FC Zirka ​នា​ពាក់​កណ្តាល​រដូវ​កាល នៅ​ខែ​ឧសភា​​ ឆ្នាំ ២០១៧ ហើយ​​​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​ប្រចាំ​ខែ​សីហា។

រហូត​ដល់​ពេល​នេះ កីឡាករ Maksym បាន​ឆ្លង​កាត់​ក្លិប​ជា​ច្រើន​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៤ រហូត​ដល់ ឆ្នាំ ២០២៥ ហើយ​ក្លិប ​ភ្នំពេញ​ក្រោន អាច​ចាត់​ទុក​ជា​ផ្ទះ​ដ៏​ជោគជ័យ​​​មួយសម្រាប់​ខ្លួន​ដោយ​ទើប​លេង​បាន ៦ ប្រកួត រក​បាន ៥ គ្រាប់ និង​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ខែ​១​លើក៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top