លោក Zulakbal Abdul Karim អ្នកជំនាញផ្នែកបាល់ទាត់ប្រចាំម៉ាឡេស៊ី សង្ឃឹមថា សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នឹងបន្ថយទណ្ឌកម្ម លើកីឡាករបរទេស ដែលបានក្លែងបន្លំឯកសារចូលសញ្ជាតិ ចូលលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី កន្លងមក។ អ្នកជំនាញរូបនេះ ចាត់ទុកការបន្ថយទណ្ឌកម្មនោះ អាចសង្គ្រោះអាជីពបាល់ទាត់របស់កីឡាករ ទាំង៧នាក់។
កន្លងមក FIFA បានដាក់ពិន័យសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ជាប្រាក់ជាង៤០ម៉ឺនដុល្លារ និងកីឡាករ៧រូប មិនឱ្យជាប់ពាក់ព័ន្ធវិស័យបាល់ទាត់១២ខែ និងពិន័យជាប្រាក់២ ៥០០ ដុល្លារក្នុងម្នាក់។ កីឡាករទាំង៧រូប រួមមាន Gabriel Palmero និង Jon Irazabal សញ្ជាតិដើមអេស្ប៉ាញ, កីឡាករ Facundo Garces, Rodrigo Holgado និង Imanol Machuca សញ្ជាតិដើមអាហ្សង់ទីន ព្រមទាំងកីឡាករ Joao Figueiredo សញ្ជាតិដើមប្រេស៊ីល ហើយនិងកីឡាករ Hector Hevel ដើមកំណើតហូឡង់។
រឿងហេតុនាំឱ្យ FAM និងកីឡាករបរទេសទាំង៧នាក់ ជាប់ទណ្ឌកម្ម ព្រោះតែរឿងក្លែងបន្លំឯកសារចូលសញ្ជាតិម៉ាឡេស៊ី។ កីឡាករទាំង ៧នាក់ ក្លែងបន្លំចូលលេងឱ្យក្រុមជម្រើសជាតិម៉ាឡេស៊ី និងជួយក្រុមយកឈ្នះ ការប្រកួតទល់វៀតណាម លទ្ធផល ៤-០ នៅការប្រកួតវគ្គជម្រុះ Asian Cup ឆ្នាំ២០២៧ ក្នុងពូល F កាលពីខែមិថុនា។
ចាញ់ការប្រកួត ធ្វើឱ្យវៀតណាមសង្ស័យ និងបានស្រាវជ្រាវរហូតប្តឹងទៅ FIFA ទាក់ទងនឹងកីឡាករចូលសញ្ជាតិទាំង ៧នាក់នោះ។ តាមរយៈបណ្តឹងរបស់វៀតណាម គណៈកម្មការវិន័យរបស់ FIFA បានស៊ើបអង្កេត និងរកឃើញភស្តុតាងបញ្ជាក់ថាកី ឡាករទាំង៧នាក់ គ្មានជាប់ឈាមសែស្រឡាយ មានជីដូនជីតា ជាជនម៉ាឡេស៊ីឡើយ។
ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅ លោក Tunku Ismail Idris ទីប្រឹក្សាក្រុមជម្រើសជាតិម៉ាឡេស៊ី បញ្ជាក់ថា ចំពោះករណី FAM ពិបាកប្តឹងឧទ្ធរណ៍ឱ្យឈ្នះ FIFA ខ្លាំងណាស់។ FAM មានតែទទូចសុំឱ្យ FIFA កាត់បន្ថយទណ្ឌកម្មលើសហព័ន្ធ និងកីឡាករតែប៉ុណ្ណោះ។
សម្រាប់លោក Karim អ្នកជំនាញផ្នែកបាល់ទាត់ ក៏យល់ស្រដៀងនេះដែរ។ Karim សង្កត់ ធ្ងន់ថា ការបន្ថយពិន័យលើកីឡាករ នឹងសង្រ្គោះដល់អាជីពបាល់ទាត់របស់ពួកគេ។ បើសិនជា FIFA បានបន្ថយទណ្ឌកម្មចំពោះកីឡាករ នោះពួកគេអាចត្រឡប់ចូលហ្វឹកហាត់ទាន់ពេល ដើម្បីរក្សាទម្រង់លេង និងសមត្ថភាពផ្នែកបាល់ទាត់។ បុរសដែលកាន់សញ្ញាប័ត្រផ្នែកគ្រូបង្វឹកអាជីព ពីសហព័ន្ធបាល់ទាត់អាស៊ី (AFC) ជឿជាក់ថា ការបន្ថយពិន័យពី ១ឆ្នាំ មកនៅត្រឹមតែ ៦ខែ វានឹងមិនប៉ះពាល់ដល់ទម្រង់លេងកីឡាករទាំងនោះឡើយ។
កាលពីពេលថ្មីៗនេះ កីឡាករ Facundo Garces ចំណោមការប្រកួត ៦នាក់ផ្សេងទៀត កំពុងប្រឈមមុខនឹងការត្រូវក្លិប Deportivo Alaves របស់លីគកំពូលអេស្ប៉ាញ (La Liga) ផ្តាច់កិច្ចសន្យាមុនពេលកំណត់ ព្រោះតែជាប់ពាក់ព័ន្ធនឹងបញ្ហាក្លែងបន្លំឯកសារចូលសញ្ជាតិនេះ៕
ប្រភព៖ THMEYTHMEY



