Pogba ជាប់ជាកីឡាករត្រឡប់ចូលអាជីពបាល់ទាត់លេចធ្លោបំផុតរបស់ Globe Soccer

Paul Pogba បានទទួល​ពានរង្វាន់ Comeback Award ពីកម្មវិធី BEYOND Developments Globe Soccer លើកទី១៦ ក្នុងនាមជា​កីឡាករវិលត្រឡប់ចូលប្រកបអាជីពកីឡាបាល់ទាត់ដ៏លេចធ្លោបំផុតប្រចាំឆ្នាំ ២០២៥។ កីឡាករបារាំង Ousmane Dembele ជាប់ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ Globe Soccer Awards

ក្នុង​កម្មវិធីរបស់ Globe Soccer ​ដែល​រៀបចំឡើង​ក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មេ​រ៉ា​ត​អារ៉ាប់​រួម នៅ​យប់​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ​២០២៥​ កំពូលកីឡាករគុនចម្រុះដ៏ល្បីល្បាញ Khabib Nurmagomedov បានប្រគល់ពានរង្វាន់ Comeback Award ទៅឱ្យកីឡាករបារាំង Paul Pogba។​

Globe Soccer បានអបអរចំពោះការវិលត្រឡប់ចូលសកម្មភាពកីឡាបាល់ទាត់សារជាថ្មីរបស់ Pogba បន្ទាប់ពីចាកឆ្ងាយពីទីលានបាល់ទាត់ជាងមួយឆ្នាំ។ អតីតកីឡាករ Manchester United រូបនេះ ជាប់បម្រាម ៤ឆ្នាំ ពីសកម្មភាពបាល់ទាត់​ ក្រោយធ្វើតេស្តរកឃើញប្រើប្រាស់សារធាតុញៀន អំឡុងប្រកបអាជីពនៅក្លិប Juventus របស់អ៊ីតាលី។ យ៉ាងណាក៏ដោយ បន្ទាប់ពីប្តឹងឧទ្ធរណ៍ តុលាការអាជ្ញាកណ្តាលកីឡាករអាជីព ក៏បានបន្ថយបម្រាមនៅត្រឹម១ឆ្នាំកន្លះវិញ។ 

Pogba នៅតែជាខ្សែបម្រើដ៏ខ្លាំងបំផុតម្នាក់។ Globe Soccer ចាត់ទុកកីឡាករអន្តរជាតិបារាំង វ័យ ៣២ឆ្នាំ ពិតជាសមនឹងទទួលបានពានរង្វាន់ Comeback Award នេះ។ Comeback Award បង្កើតឡើងក្នុងគោលបំណងផ្តល់តម្លៃឱ្យ Pogba និងជាការស្វាគមន៍ការវិលត្រឡប់របស់គេ ទៅកាន់អាជីពបាល់ទាត់ដោយភាពជឿជាក់ និងទំនុកចិត្ត។

ក្លិប ​AS Monaco នៃលីគកំពូលបារាំង នៅថ្ងៃទី២៩ មិថុនា បានចុះកិច្ចសន្យានាំយកខ្សែបម្រើ Pogba ទៅរួមក្រុម និងជាការផ្តល់ឱកាសដល់រូបគេបង្ហាញសមត្ថភាពលើទីលានបាល់ទាត់ឡើងវិញ។

នៅពេលចាកចេញពី​ Manchester United វិលត្រឡប់ទៅ Juventus ជាលើកទី២ ពុំធ្វើឱ្យ Pogba ដែលជួយបារាំងឈ្នះ FIFA World Cup ឆ្នាំ ២០១៨​ នៅរុស្ស៊ី  រកឃើញពន្លឺអាជីពប្រសើរឡើងឡើយ។ ផ្ទុយទៅវិញ រូបគេតែងជួបបញ្ហារបួសជារឿយៗ និងឈានដល់ការធ្វើតេស្តវិជ្ជមានសារធាតុហាមឃាត់ថែមទៀត។

ដោយឡែក Ousmane Dembele ដែលជួយ Paris Saint-Germain ឈ្នះ Ligue1 និង UEFA Champions League រដូវកាល ២០២៤-២៥ ជាប់ជាកីឡាករ​ឆ្នើម​ប្រចាំឆ្នាំ ២០២៥ (Globe Soccer Awards)៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top