កម្ពុជា កំពុង​រៀបចំ​យុទ្ធសាស្រ្តជាមួយចិន ដើម្បី​ពង្រីក​វិសាលភាព​ការ​ប្រកួតម៉ារ៉ាតុងនៅអង្គរ ឱ្យ​កាន់តែ​ល្បី

កម្ពុជា តាម​រយៈ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​នឹង​កំពុង​រៀបចំ​យុទ្ធ​សាស្រ្ត​ជាមួយ​ដៃគូ​ចិន ដោយបាន​ចុះ​អនុស្សារណៈ​យោគ​យល់​គ្នា (MoU) ជាមួយ​ព្រឹត្តិការណ៍តាលីម៉ារ៉ាតុង នៅ​ខេត្ត​យូណានរបស់​ចិន ដើម្បីកៀរគរ​អ្នក​រត់​ជា​ជន​ជាតិ​ចិន មក​ចូល​រួម​​ទិវារត់ប្រណាំង​ម៉ារ៉ាតុង​អន្ដរ​ជាតិ​ចក្រភព​អង្គរ (Angkor Empire Marathon) ឱ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍។

លោក វ៉ាត់ ចំរើន អគ្គលេខា​ធិការ NOCC បាន​ឱ្យ​ដឹង​ថា តាម​រយៈការ​ចុះ MoU ជាមួយ​ព្រឹត្តិការណ៍​តាលីម៉ារ៉ាតុង នៅខេត្តយូណាន​នេះ គឺ​ដៃ​គូ​ចិន បាន​សន្យា​ថា នឹង​កៀរគរ​អ្នក​រត់​ជាជនជាតិ​ចិន ឱ្យមក​ចូលរួម​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្ដរជាតិ​ចក្រភព​អង្គរ យ៉ាង​ហោច​៥​ពាន់​នាក់ នៅក្នុង​រយៈ​ពេល​២​ទៅ​៣​ឆ្នាំ​ខាងមុខ​។

លោក វ៉ាត់ ចំរើន បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត ស្តីពី​ទិវា​រត់​ប្រណាំង​ម៉ារ៉ា​តុង​អន្ដរ​ជាតិចក្រភព​អង្គរ លើក​ទី​១០ ឆ្នាំ​២០២៥ កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា​ថា៖​ «យើង​កំពុង​តែ​រៀបចំ​នូវផែន​ការ​យុទ្ធ​សាស្ដ្រ​ជាមួយ​ដៃ​គូ​ចិន នៅ​ឆ្នាំ​ក្រោយៗទៀត ព្រោះ​ជា​យុទ្ធ​សាស្ដ្រ​របស់​យើង ក្នុង​ការស្រូប​ទាញ​អ្នក​រត់​ជនជាតិ​ចិន យ៉ាង​ហោច ៥​ពាន់​នាក់ នាប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ដោយ​ភាគី​ចិន បាន​ធានា​ថា ២ ឬ ៣ឆ្នាំទៀត នឹង​អាច​ឈាន​ដល់​គោល​ដៅ​នេះ»។

«អ៊ីចឹង​នេះ​ជា​អ្វី​ដែល​យើង​ខិតខំ​ប្រឹង​ប្រែង​រៀបចំ និង​ធ្វើ​ការ​ជាមួយ​ក្រសួង​ទេសចរណ៍ សហ​ព័ន្ធ​ខ្មែរ​កីឡា​អត្តពល​កម្ម​ស្ម័គ្រ​ចិត្ត និង​អាជ្ញាធរ​ពាក់​ព័ន្ធ ធ្វើម៉េច​ឱ្យ​ការ​រៀបចំ​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​របស់​យើង​បាន​កាន់​តែ​ល្អ​ប្រសើរ និង​មាន​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក​រត់​ទាំង​អស់​គ្នា»។ លោក វ៉ាត់ ចំរើន បាន​បន្ថែម។

ដោយ​ឡែក​ ខួប​លើក​ទី​១០ នៃ​ទិវា​រត់​ប្រណាំង​ម៉ារ៉ា​តុង​អន្ដរ​ជាតិ​ចក្រភព​អង្គរ ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី៣ ខែសីហា ឆ្នាំ​២០២៥​នេះ ភាគី​ចិន បាន​បញ្ជូន​អ្នក​រត់​១០០​នាក់ មកចូលរួម ដោយ​ទទួល​បាន​ការ​អនុគ្រោះ​ទិដ្ឋាការ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយ​ជាមួយគ្នា​នេះ គណៈកម្មការ​រៀបចំ បាន​ផ្ដល់​ការ​ចុះ​ឈ្មោះ​ឥត​គិត​ថ្លៃ​ចំនួន​៥០​នាក់។

មិន​តែ​ប៉ុណ្ណោះ រាជរដ្ឋាភិបាល ក៏អនុញ្ញាត​ឱ្យ NOCC អញ្ជើញ​ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​នៅកម្ពុជា ដើម្បី​ចូលរួម​ទិវា​រត់​ប្រណាំង​ម៉ារ៉ា​តុងអន្តរ​ជាតិ​ចក្រភព​អង្គរ លើក​នេះ​ផង​ដែរ ខណៈ​ដែល​ចំនួន​អ្នកចុះ​ឈ្មោះ​ចូលរួម​មកដល់ពេលនេះ បានប្រមាណ​៣ពាន់នាក់​ហើយ ស្មើនឹង ៥៧ជាតិសាសន៍ ហើយ​ជន​បរទេស​ចូលរួម​ច្រើន​ជាង​គេ មាន​ចិន ជប៉ុន ម៉ាឡេស៊ី និង​អង់គ្លេស​ជា​ដើម។

ជា​មួយ​គ្នា​នេះ លោក វ៉ាត់ ចំរើន បាន​ដាក់​ក្តីរំពឹង​ថា ទម្រាំ​ដល់​ថ្ងៃ​​ប្រកួត​ផ្លូវ​ការ ចំនួន​អ្នក​ចូលរួម​រត់ អាច​មាន​កំណើន​ដល់ ៤ពាន់ ទៅ ៥ពាន់​នាក់ ពោល​គឺ​រំពឹង​មាន​ការ​កើន​ឡើង​យ៉ាងហោច​ពី ២៥​ភាគ​រយ ទៅ ៥០​ភាគ​រយ បើធៀប​នឹង​ឆ្នាំ​មុន ដែល​មា​ន​អ្នក​ចូល​រួម​រត់​ប្រមាណ ២,៨០០​នាក់​ប៉ុណ្ណោះ។

នៅ​ក្នុង​ចំណោម​អ្នកចុះ​ឈ្មោះ​ប្រមាណ​៣ពាន់​នាក់ នា​ពេល​នេះ លោក វ៉ាត់ ចំរើន បាន​បង្ហាញការ​ភ្ញាក់​ផ្អើល ទៅនឹង​អ្នករត់​ជាពល​រដ្ឋខ្មែរ ប្រមាណ ៦០០​នាក់ ដែល​បាន​ចុះ​ឈ្មោះ​រត់ចម្ងាយ ៤២​គីឡូម៉ែត្រ ហើយ​នេះ​ជា​ចំនួន​ដ៏​ច្រើន មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ ដែល​បង្ហាញ​ពីសុខ​ភាព​បេះ​ដូង​ដ៏ល្អ​របស់​ប្រជា​ពល​រដ្ឋ ក៏ដូច​ជា​ចំណង់​ចំណូល​ចិត្ត​កាន់តែ​កើន​ឡើង​លើ​ការ​រត់ចម្ងាយ​ឆ្ងាយ។

លោក​បញ្ជាក់ថា៖ «នេះ​ជា​តួរ​លេខ​ដ៏​ខ្ពស់ និង​គួរ​ឱ្យ​ចាប់​អារម្មណ៍ ដែល​បញ្ជាក់​ពី​សុខ​ភាពកាន់​តែ​ល្អ​ប្រសើរ​របស់​ប្រជាពល​រដ្ឋ​ខ្មែរ ស្រប​ពេល​មាន​ជន​បរទេស​ប្រមាណ ២០០​នាក់​ប៉ុណ្ណោះ ដែល​បាន​ចុះ​ឈ្មោះ​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ ហើយ​នេះជា​ចំណុច​ពិសេសមួ​យ ដែល​យើងមានមោទន​ភាព ចំពោះ​សុខ​ភាព​សាធារណៈ​របស់​ប្រជា​ពល​រដ្ឋខ្មែរ និង​ការ​យល់​ដឹង​ពី​អត្ថប្រយោជន៍របស់​ពលរដ្ឋ​ខ្មែរ ចំពោះ​ការ​រត់ និង​លេង​កីឡា»។

អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បាន​ឱ្យ​ដឹង​ថា ទិវារត់​ប្រណាំង​ម៉ារ៉ា​តុង​អន្ដរ​​ជាតិចក្រភព​អង្គរ​នេះ ត្រូវ​បាន​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ចូល​រួម​ជំរុញ​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​ជួយដល់​ប្រតិបត្តិករ​ទេសចរណ៍ ក្នុង​អំឡុងរដូវភ្លៀង ឬ​រដូវ​បៃតង់ (Green Season) ដែល​មាន​ការថយ​ចុះ​ភ្ញៀវទេសចរណ៍ ហើយ​គណៈកម្មការ​រៀបចំ ក៏បាន​ផ្សារ​ភ្ជាប់​ព្រឹត្តិការណ៍​នេះ ទៅ​នឹងសកម្មភាព​សប្បុរសធម៌ ដោយ​ការ​កៀរគរ​ថវិកា​សេស​សល់​ពី​ការ​រៀបចំ សម្រាប់​បរិច្ចាគ​ជួយ​ដល់មន្ទីរ​ពេទ្យ​កុមារមួយ​ចំនួន​ផង​ដែរ។

ចំណែក​លោក សែម ផល្លា នាយក​ប្រតិបត្តិ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង អមគណៈ​កម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា បានឱ្យ​ដឹងថា ទិវា​រត់​ប្រណាំង​ម៉ារ៉ា​តុង​អន្ដរ​ជាតិ​ចក្រភព​អង្គរ មាន ៤វិញ្ញាសា គឺមាន​រត់​ចម្ងាយ ៤២​គីឡូម៉ែត្រ, ២១ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ និង​រត់​កម្សា​ន្ដលក្ខណៈ​គ្រួសារ ៣គីឡូម៉ែត្រ។
ជាមួយគ្នា លោក ផល្លា បាន​អំពាវ​នាវ​ដល់​អ្នក​មាន​បំណង​ចង់​ចូលរួម​ទិវារត់ប្រណាំង​នេះ រួស​រាន់​ធ្វើការ​ចុះ​ឈ្មោះ​ឱ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​ងាយ​ស្រួល​គណៈកម្មការ​រៀបចំ​សម្ភារៈ​ជូន ពិសេស​គឺ​ការ​ចូល​រួម​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ម៉ារ៉ា​តុង​តែ​មួយ​គត់​នៅ​កម្ពុជា​នេះ ទៅ​លើ​ឆាក​អន្ដរ​ជាតិ ក្នុង​នាម​សមាជិក​គណៈកម្មាធិការ​ម៉ារ៉ា​តុង​អន្ដរជាតិ​មួយ ក្នុងចំណោម​សមា​ជិក​ទាំង ១១២​ប្រទេស​លើ​ពិភព​លោក៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top