អ្នកគាំទ្រ​ Crystal Palace យកលុយក្លែងក្លាយទៅចោលនៅស្នាក់ការ UEFA ដែលដកក្រុមខ្លួនពី Europa League

អ្នកគាំទ្រក្លិប Crystal Palace បានយកវ៉ាលីពោរពេញដោយប្រាក់ក្លែងក្លាយ ទៅចោលនៅស្នាក់ការកណ្តាលរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដោយលាយជាមួយលិខិតគោលបំណងផ្ញើសំណើទៅប្រធានសហព័ន្ធលោក Aleksander Ceferin ទាមទារឱ្យបញ្ចូលក្លិបត្រឡប់ទៅការប្រកួត UEFA Europa League វិញ។ ការតវ៉ាពីសំណាក់អ្នកគាំទ្រ Crystal Palace កើតឡើងយ៉ាងគំហុក ក្រោយសេចក្តីសម្រេចរបស់ UEFA ទម្លាក់ក្រុមជើងឯក FA Cup ទៅលីគកម្រិតទី៣ Europa Conference ដោយចោទប្រកាន់ថាក្លិបមានម្ចាស់តែមួយគ្រង់គ្រងជាមួយនឹងក្លិប Olympique Lyonnais។

ការតវ៉ាពីសំណាក់អ្នកគាំទ្រ Crystal Palace កើតឡើងតាំងពីថ្ងៃទី២២ ខែកក្កដា ទាំងនៅអង់គ្លេស និងជាពិសេសនៅទីស្នាក់ការរបស់ UEFA ស្ថិតក្នុងទីក្រុង Nyon ប្រទេសស្វ៊ីស។ គេឃើញមានក្រុមអ្នកគាំទ្រមួយចំនួន បានយកវ៉ាលីដាក់ប្រាក់ក្លែងក្លាយ ទៅចោលនៅទីនោះ បង្ហាញការប្រឆាំងទៅនឹងការសម្រេចចិត្តរបស់ UEFA។

ក្រុមអ្នកគាំទ្រក្លិបជើងឯក FA Cup បានដាក់លិខិតក្នុងវ៉ាលីនោះផ្ញើរសំដៅទៅប្រធាន UEFA ទាក់ទងនឹងរឿងទម្លាក់ក្លិបរបស់ពួកគេចេញពីពាន Europa League ដោយចោទថាសហព័ន្ធស៊ីសំណូក គ្មានតម្លាភាព ហើយបានទាមទារស្វែងរកយុត្តិធម៌មកវិញ។

បន្ទាប់ពីការប្រឆាំងតវ៉ាទៅកាន់ទីស្នាក់ការ UEFA រួចក្រុមអ្នកគាំទ្រទាំងនោះ ក៏នឹងបន្តធ្វើដំណើរទៅកាន់តុលាការអាជ្ញាកណ្តាលកីឡា (CAS) ទីកន្លែងក្លិបបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចចិត្ត ដើម្បីបន្តការទាមទារឱ្យមានការដោះស្រាយដោយយុត្តិធម៌។

ពេលថ្មីៗនេះ ក្លិបមកពីអង់គ្លេស ក៏បានអះអាងថាខ្លួនបានផ្លាស់ប្តូរម្ចាស់ថ្មី ស្ថិតក្រោមម្ចាស់ថ្មីជាមហាសេដ្ឋីអាម៉េរិក Woody Johnson ដែលបានទិញយកភាគហ៊ុនរួចស្រេច ហើយក៏ត្រូវបាន Premier League ទទួលស្គាល់ មិនមែនជាក្លិបស្ថិតក្រោមការគ្រប់គ្រងរបស់លោក John Textor ទៀតឡើយ។

ក្លិប Crystal Palace នៃលីគកំពូលអង់គ្លេស បានឈ្នះកៅអី Europa League ឆ្នាំ ២០២៥-២៦ ក្រោយខ្លួនគ្រងជើងឯក ​FA Cup ប៉ុន្តែត្រូវបានសម្រេចទម្លាក់ឱ្យទៅលេងនៅក្លិបកម្រិតទី៣ របស់អឺរ៉ុបវិញ ពេលថ្មីៗនេះ។ UEFA ចោទក្លិបនេះថា ស្ថិតក្រោមការគ្រង់គ្រងរបស់ម្ចាស់តែមួយ គឺលោក John Textor អ្នកជំនួញគ្រប់គ្រងក្រុមហ៊ុនវិនិយោគ Eagle Football ដែលជាម្ចាស់ក្លិប Lyon នៃលីគកំពូលបារាំងមួយថែមទៀត។

UEFA ថែមទាំងចោទ Crystal Palace ថាពុំបានបំពេញតាមលក្ខខណ្ឌពហុម្ចាស់ក្លិបទាន់ពេលវេលា មុនពេលខ្លួនឈ្នះកៅអី Europa League។ ក្លិប Lyon របស់បារាំងឈ្នះកៅអី Europa League ពីសំណាក់ចំណាត់ថ្នាក់ល្អក្នុងលីគកំពូល Ligue 1៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top