ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើកទី១០ បានប្រព្រឹត្តទៅដោយរលូនកាលពីថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ ២០២៥ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលមានអ្នកចូលរួមជាតិ និងអន្តរជាតិជាង ៤០០០នាក់។
លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើកទី១០ បានដំណើការទៅដោយរលូន និងជោគជ័យ ដោយសារប្រទេសជាតិមានសុខសន្តិភាព។
លោកមានប្រសាសន៍ថា ៖«អារម្មណ៍ស្ងប់ហើយ តែនៅមិនទាន់សុខស្រួលទេ ដោយសារបញ្ហាជាច្រើនត្រូវដោះស្រាយបន្តទៀត ប៉ុន្តែប្រជាពលរដ្ឋ បងប្អូនអត្តពលិកជឿជាក់រដ្ឋាភិបាល។ គាំទ្រចំណាត់ការរបស់រដ្ឋាភិបាល។ អ្វីៗកំពុងត្រូវបានដោះស្រាយជាបណ្តើរៗដែលគោរពទៅតាមច្បាប់អន្តរជាតិ។ ចំណុចនេះសំខាន់ណាស់ ខ្ញុំសូមគោរពអរគុណចំពោះស្មារតីរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់»។
លោក ថោង ខុន បានបន្តថា ៖«កម្ពុជាទាំងមូលមានសុខសន្តិភាព ជាពិសេសនៅតំបន់ដែលយើងរត់គឺមានសុវត្ថិភាពពេញលេញ ដូច្នេះយើងឃើញថា អត្តពលិកជាតិក៏កើន អត្តពលិកអន្តរជាតិក៏កើន។ អ្វីដែលមានមោទនភាពដោយសារវិញ្ញាសាចម្ងាយ ៤២គីឡូម៉ែត្រ មានអត្តពលិកជាង ៥០០នាក់ ក្នុងនោះមានខ្មែរ ៣៧០នាក់។ ចម្ងាយ៤២គីឡូម៉ែត្រពិបាករត់ណាស់ តែយើងឃើញលទ្ធផលហើយគឺកីឡាករខ្មែរយកបានទាំងលេខ១ លេខ២ និងលេខ៣។ ការចូលរួមសកម្មភាពក្នុងវិស័យកីឡាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អ។ នេះដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល។ អ្វីដែលសំខាន់គឺប្រទេសយើងមានសុខសន្តិភាព។ បញ្ហានៅព្រំដែនប៉ះពាល់សតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋច្រើន ប៉ុន្តែយើងជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំ»។
តាមផែនការគ្រោងទុក ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរអង្គរ លើកទី១០ ត្រូវធ្វើនៅថ្ងៃអាទិត្យ ទី៣ ខែសីហា ប៉ុន្តែដោយសារមានជម្លោះដែនខ្មែរ-ថៃ ទើបត្រូវបានលើកពេលមកនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៥។ ទោះបីជាយ៉ាងណា កីឡាករ កីឡាការិនីបរទេសដែលបានចុះឈ្មោះជាង៣០០នាក់ នៅតែបានធ្វើដំណើរមកកម្ពុជាកាលពីដើមខែសីហា បើទោះបីជាកម្មវិធីត្រូវបានលើកពេល។
លោក ថោង ខុន បានបញ្ជាក់ថា កីឡាករ កីឡាការិនីអន្តរជាតិមួយចំនួនបានធ្វើដំណើរមកកម្ពុជា ដោយសារពួកគាត់កក់សំបុត្រយន្តហោះ និងសណ្ឋាគាររួចហើយ បើទោះបីជាលើកពេលក៏ដោយ។ ពួកគាត់មកទស្សនាប្រាសាទអង្គរ។ ក្នុងនាមជាម្ចាស់ផ្ទះ ក្រុមការងារក៏បានរៀបចំឲ្យពួកគាត់បានរត់កម្សាន្តក្រៅផ្លូវការចំនួន ៣៨០នាក់នៅខេត្តសៀមរាប។ ចាប់តាំងពីពេលនោះមកគឺរយៈពេលជិតមួយខែហើយដែលបានពន្យារពេល ប៉ុន្តែនៅតែនាំមនុស្សច្រើនមកចូលរួមរត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១០ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ នេះរៀបចំឡើងដើម្បីទី១. រត់ដើម្បីសន្ដិភាព សាមគ្គីភាព និងភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ទី២-រត់ដើម្បីគាំទ្រ និងការពារបេតិកភណ្ឌរបស់មនុស្សជាតិ និងទី៣-រត់ដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ អ្នកចូលរួមចំនួន ៤២២៤ នាក់ ក្នុងនោះអត្តពលិកជាតិមានចំនួន ៣៤៦២នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៧៦២នាក់ មកពី ៤៧ប្រទេស លើវិញ្ញាសាចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ៕
ប្រភព៖ KAMPUCHEATHMEY