លេច​មុខ​អ្នក​គាំទ្រយ៉ាង​​សកម្ម​នៅ​ឯ​វៀតណាម លោក​ ណុប​ វ៉ាន់ថេត​ ឲ្យ​តែ​ខ្មែរ​មក​ប្រកួត​ឆ្លៀត​ជា​និច្ច​

លេច​មុខ​អ្នកគាំទ្រ​ក្រុម​កីឡា​កម្ពុជា​យ៉ាង​សកម្ម​នៅ​ឯ​ប្រទេស​វៀតណាម​កន្លង​ទៅ​ថ្មីៗ​នេះ​ពិសេសការ​ប្រកួត​របស់​​ក្រុម​បាល់ទះ​វិសាខា​ក្នុង​ពាន​​រង្វាន់​ International Police Cup ដែល​ទើប​បញ្ចប់​​ ខណៈ​អ្នក​គាំទ្រ​ម្នាក់​នោះ​គឺ​ជា​លោក​ ណុប​ វ៉ាន់ថេត​ ដែល​បាន​ទៅ​សិក្សា​វគ្គ​ជំនាញ​នៅ​ទីនោះ​រយៈពេល​ ៣ខែ។​

អ្នកគាំទ្រដែលទូរទស្សន៍វៀតណាមបានចាប់យករូបភាពជាច្រើនដងនៅពេលក្រុមបាល់ទះវិសាខាប្រកួតពានរង្វាន់ International Police Cup នោះគឺជាក្រុមលោក ណុប វ៉ាន់ថេត ដែលគេស្គាល់ថាជាមន្ត្រីចៅក្រម អាជ្ញាកណ្ដាល នៃសហព័ន្ធប្រដាល់គុនខ្មែរ-សហព័ន្ធប្រដាល់សកល។

លោក ណុប វ៉ាន់ថេត បានឲ្យដឹងថា នៅពេលនេះលោកកំពុងនៅឯប្រទេសវៀតណានៅឡើយទេ។ លោកទៅវៀតណាមនោះគឺរយៈពេល ៣ខែចាប់ពីខែកក្កដាមកម្ល៉េះក្នុងនាមជាមន្ត្រីកងរាជអាវុធហត្ថ ខេត្តកណ្ដាល ដែលត្រូវសិក្សាជំនាញពិសេសនៅទីនោះ។ ចៃដន្យអំឡុងពេលសិក្សាកន្លងទៅនេះគឺមានក្រុមកីឡាកម្ពុជាទៅប្រកួតនៅទីក្រុមហូជីមិញផងនោះដូចជាក្រុមប្រដាល់គុនខ្មែរមាន គោរមៈ ច័ន្ទរាជ្យ រិន សារ័ត្ន ឡុង ឡា ក៏រូបលោកទៅគាំទ្រផ្ទាល់ដល់សង្វៀនដែរ។

ចំណែកការប្រកួតបាល់ទះពានរង្វាន់ប៉ូលិសវៀតណាមដែលមានវិសាខាតំណាងឲ្យកម្ពុជានោះក៏លោក រួមទាំងសិក្ខាកាមកម្ពុជាជិត ១០០នាក់បានទៅទស្សនា និងលើកទឹកចិត្តដល់កន្លែងប្រកួតផងដែរ។

លោក ណុប វ៉ាន់ថេត បន្ថែមទៀតថា បើទោះជាត្រូវជិះឡានមកឆ្ងាយ និងចំណាយថវិកាមួយចំនួនក្ដីក៏មិនខ្ចិល ឬស្ដាយថវិកានោះដែរគឺចង់មកលើកទឹកចិត្តដល់ក្រុមកម្ពុជាឲ្យប្រកួតកាន់តែល្អ និងមានកម្លាំងចិត្តខ្លាំងជាងមុនទៅទៀត។ ក្រុមកីឡាករកម្ពុជាមានចិត្តរីករាយនៅពេលដែលឃើញមានខ្មែរទៅគាំទ្រដល់កន្លែងប្រកួតបែបនេះជាហេតុធ្វើឲ្យលោកក៏មានចិត្តសប្បាយរីករាយដូចគ្នាដែរ។

បញ្ជាក់ដែរថា ការប្រកួតបាល់ទះពានរង្វាន់ International Police Cup ដែលមានក្រុមវិសាខាបានចូលរួមប្រកួតនៅឯទីក្រុងហូជីមិញ វៀតណាម កន្លងទៅនេះគឺឃើញមានក្រុមអ្នកគាំទ្ររបស់កម្ពុជាជាច្រើនទៅទស្សនាផ្ទាល់ និងបានរាំលើកទង់ជាតិបង្ហាញការគាំទ្រយ៉ាងសកម្ម។ កាំមេរ៉ាថតអំឡុងពេលប្រកួតនោះក៏បានចាប់មុខអ្នកគាំទ្រកម្ពុជាជាច្រើនលើកពិសេសនៅពេលបាល់កម្ពុជាស៊ីម្ដងៗ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top