អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ថាសិក្ខាកាមចំនួន ៧នាក់ទទួលបានពិន្ទុខ្ពស់ក្នុងចំណោម ២២នាក់ ស្របពេលវគ្គបណ្ដុះបណ្ដាលកន្លងទៅនេះបានធ្វើឲ្យចូលរួមទាំងអស់យល់ដឹងកាន់តែច្បាស់អំពីការវិនិច្ឆ័យលើការប្រកួត។
លោកស្រី អេមី អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្មបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលដែលសហព័ន្ធបានរៀបចំកន្លងទៅនេះគឺពង្រឹងសមត្ថភាពសិក្ខាកាមឲ្យយល់ដឹងកាន់តែច្បាស់អំពីការវិនិច្ឆ័យលើលក្ខណះបច្ចេកទេសក្នុងការដាក់ពិន្ទុ កីឡាករ កីឡាការិនី កាន់តែមានភាពសុក្រិត យុត្តិធម៌។
បន្ថែមពីនេះគឺសិក្សាអំពីច្បាប់ និងការទទួលខុសត្រូវរបស់ចៅក្រម និងការវាយតម្លៃក្នុងការដាក់ពិន្ទុ។ ក្នុងចំណោមសិក្ខាកាមទាំង ២២នាក់គឺមានសិក្ខាកាម ៧នាក់ដែលប្រឡងទទួលបានពិន្ទុខ្ពស់ជាងគេ និងជាធនធានថ្មីបន្ថែមទៀតក្នុងការជួយដល់ការប្រកួតនានាដូចជាជើងឯកថ្នាក់ជាតិជាដើម។
បញ្ជាក់ដែរថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ថ្មីៗនេះទើបបញ្ចប់វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល ប្រចាំឆ្នាំ២០២៥ នៅឯទីតាំងសហព័ន្ធផ្ទាល់ឯផ្សារសំណង់១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
ប្រភព៖ KAMPUCHEATHMEY