ជឿខ្ញុំទៅ ម៉ារ៉ាតុង មិនមែនជា Fun Run នោះឡើយ!

សៀមរាប៖ សាក្សីរស់នៅទីនេះ! ចម្ងាយ​ដល់ទៅជាង៤២.១៩៥គីឡូម៉ែត្រ ជាការរត់កម្សាន្ត (Fun Run) គឺមិនពិតនោះឡើយ។ តាមពិតទៅ អ្នកណាក៏ដឹងដែរ ប៉ុន្តែ​ឆ្លងតាមបទពិសោធន៍ផ្ទាល់​ពីការ​រត់ក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ (Angkor Empire Marathon) លើកទី​១០ នៅបរិវេណរមណីយដ្ឋានអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី​៣១ ខែសីហា ខ្ញុំ​លើកយក​ទឡ្ហីករណ៍ជាក់ស្តែងនេះ មកបញ្ជាក់​បន្ថែម។

គេងពីព្រលប់ ព្រោះត្រូវប្រញាប់​ក្រោក ប៉ុន្តែ​ជឿទៅ ទាំងខ្ញុំ ទាំងគេ ច្បាស់ជាមិនសូវលក់ស្កប់ស្កល់នោះ​ឡើយ ជាពិសេស​អ្នកដែល​ទើប​ចូលរួម​លើក​ដំបូង (មាន់ថ្មី) ដោយសារ​​តែការរំភើប ក្តីបារម្ភ និងអារម្មណ៍​ច្របូក​ច្របល់​ផ្សេងៗ ហើយ​​​បើទោះបីជាកំណត់ម៉ោងរោទិ៍ហើយក៏ដោយ ក៏មិន​សូវ​ជឿជាក់លើនាឡិកា​នោះដែរ។

ចេញដំណើរពីម៉ោង​៣យប់ ដើម្បីឆ្ពោះទៅកាន់​បរិវេណប្រាសាទអង្គរវត្តឱ្យបានមុន​ម៉ោង​៤កន្លះ​។ នេះជា​វិញ្ញាសាដ៏លំបាក​មួយ​ទៅ​ហើយសម្រាប់អ្នក​រត់ដែលមិនមែនជាក្រុមលំដាប់ខ្ពស់ (Elites) ឬអ្នក​ធ្លាប់មាន​បទពិសោធន៍ពីមុន​។

ដំណើរ​ចេញពីម៉ោង​៤ និង៣០នាទីយប់

ការប្រកួត​បាន​ចាប់ផ្តើម​តាម​ពេល​វេលាដែលបាន​កំណត់ គឺម៉ោង​៤ និង​៣០នាទី ក្រោយ​ការ​ថ្លែង​សុន្ទរកថា​របស់​លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន​គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា។ ជំហាន​របស់​អ្នក​រត់គ្រប់រូប មិនមែនតែ​ដើម្បីសុខ​ភាព និងការផ្សព្វផ្សាយ​តំបន់ទេសចរណ៍នោះទេ ប៉ុន្តែ​វាជាជំហាន​ដើម្បី​បង្ហាញសារ «សន្តិភាព» បង្ហាញជំហរ​ការពារសម្បត្តិ​បេតិកភណ្ឌមនុស្សជាតិ លើកទឹក​ចិត្តវីរកងទ័ពជួរមុខ​នៅ​តាម​បណ្តោយ​ព្រំដែន និង​នឹក​រលឹក​ដល់​ការ​លំបាករបស់ជន​ភៀសសឹក ដោយសារតែការយាយីពីសំណាក់​យោធាថៃ។​

ទាំងនេះ ពិតជាកម្លាំង​ចិត្តដ៏មាំ​សម្រាប់អ្នកចូលរួម​​រត់ទាំងអស់ ប៉ុន្តែ​ស្ថានភាព​ផ្ទាល់នៅ​លើផ្លូវចម្ងាយ​ជាង​៤២គីឡូម៉ែត្រ​​ គឺ​ស្ថិត​លើ​បុគ្គលម្នាក់ៗ។

ចេញពី​បរិវេណ​ប្រាសាទអង្គរ​វត្ត​ ឆ្ពោះទៅកាន់​ព្រះរាជដំណាក់ក្រុង​សៀមរាប ហើយ​បន្តទៅវត្តព្រហ្មរ័ត្នដែលជាវត្តមានវ័យចំណាស់​៦៥០ឆ្នាំ។ ស្ពាន​មុខ​វត្តគឺស្ថិតត្រង់ចំណុច​៧គីឡូម៉ែត្រ ដោយ​អ្នករត់ឆ្លងស្ពាន​​ទៅ​ផ្លូវម្ខាងទៀត ហើយ​រត់តាម​មាត់ស្ទឹង​សៀមរាបរហូត​ដល់​ផ្លូវ​៦០ម៉ែត្រ ដែលជាគោលដៅ​១០គីឡូម៉ែត្រ។

ស៊ីផុយសម្រាប់អ្នក​មាន​បទពិសោធន៍​រត់​ Fun Run ចម្ងាយ​៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ប៉ុន្តែនេះគ្រាន់តែជា​១០គីឡូម៉ែត្រ​ដំបូងប៉ុណ្ណោះ ខណៈដំណើរនៅ​សល់​រហូតដល់ទៅជាង​៣២គីឡូម៉ែត្រទៀតឯណោះ។ ចេញពីផ្លូវ​៦០ម៉ែត្រ អ្នក​រត់​បន្ត​ចូល​ទៅផ្លូវអប្សរា ហើយ​ចំណាយ​ជាង​៥គីឡូម៉ែត្រទៀត ទើបទៅដល់​ចំណុច​ត្រួតពិនិត្យ​សំបុត្រ​ទស្សនាអង្គរ (Angkor Pas Checkpoint)។

លើស១០គីឡូម៉ែត្រហើយ មិនមែនជា Fun Run ទៀតទេ គឺ Long Run។ កម្លាំង​​របស់ខ្ញុំ​ក៏ចាប់ផ្តើមថម​ថយ​ជាបណ្តើរ​ៗ ប៉ុន្តែនៅអាច​បោះជំហាន​ទៅមុខ ដោយសារ​ទទួល​បាន​នូវ​ការ​ផ្គត់ផ្គង់​ទឹក និងភេសជ្ជៈ​កីឡា ជា​ប្រចាំ​រៀង​រាល់​ចំណុច២គីឡូម៉ែត្រម្តង។

បន្ថែមពីលើនេះ ខ្ញុំ​​បៀម​ស្ករអំបិល និងញ៉ាំ​ជែលថាមពល ទៅតាម​ការណែនាំ​របស់​រៀមច្បងដែលមាន​បទពិសោធន៍ ប៉ុន្តែសូម​មិនបញ្ជាក់ថា បាន​ប្រើ​ប្រាស់នៅពេល​វេលាណាមួយជាក់លាក់នោះឡើយ ដើម្បីកុំឱ្យអ្នក​អាន​អនុវត្តតាម​ទាំងខុស។

ប្រធានសក្តិក៏បាន​កើតឡើង..

ការរត់​បាន​បន្តទៅកាន់​ស្រះស្រង់ ដែលស្ថិតនៅ​ចំណុចគីឡូម៉ែត្រ​ទី​​១៩នៃ​តម្រាយ​ផ្លូវ​។ អ្វីដែល​ចង់ឱ្យ​រួចរាល់នៅ​មុនពេលចេញដំណើរ ប៉ុន្តែ​វា​បានរករឿងនាអំឡុង​ការប្រកួតទៅវិញ នោះ គឺ «អាចម៌ដេញ»​ ដែលជាភាសាសាមញ្ញរបស់អ្នក​រត់។ ពេល​ខ្លះដឹងមុន តែពេល​ខ្លះ​វាប្រៀបដូចជាប្រធានសក្តិ ដែលយើងត្រៀមខ្លួន​សឹងតែមិនទាន់។

ពិបាក​ស្តាប់ និងអាសគ្រាម បន្តិចហើយ ប៉ុន្តែ​បើ​មិននិយាយឱ្យចំៗនោះទេ វាប្រៀប​ដូចជាពេទ្យ​ដែល​ដាក់​ថ្នាំខុសសម្រាប់អ្នកជំងឺយ៉ាងដូច្នោះដែរ​​។ ក្នុងគ្រោះមានលាភ ពេល​ខ្លះ វា​ក៏​បានជួយ​បន្ថែម​ល្បឿនសម្រាប់អ្នករត់ដោយសារ​តែ​ការ​​ប្រញាប់ប្រញាល់រក​បន្ទប់ទឹក ឬកន្លែងសម​គួរ ប៉ុន្តែគ្រប់គ្នា​មិន​បាន​ទិដ្ឋភាពបែបនេះនោះឡើយ ព្រោះវាពិតជារំខាន​ចិត្ត​ខ្លាំងណាស់។

ចំពោះ​ការ​ឈឺបន្ទោរបង់​នា​អំឡុងពេលរត់ ខ្ញុំជឿជាក់ថា មាន​ករណីមិន​តិចនោះឡើយ ជាពិសេស​ក្នុងចំណោម​អ្នក​រត់​ថ្មោង​ថ្មី ។ ក្រៅពីរឿងពិត​របស់ខ្លួន​ ខ្ញុំក៏បាន​ឃើញ និងឮផ្ទាល់ត្រចៀកពី​បណ្តា​អ្នករត់​ជាច្រើន ដែលរត់បណ្តើរ​ស្រែក​រក​បន្ទប់​ទឹកបណ្តើរ​។ វា​ជាបទពិសោធន៍មួយ​សម្រាប់ព្រឹត្តិការណ៍​ប្រកួត​លើកក្រោយ។

បញ្ចេញរួច​ស្រស់ស្រាយ ការរត់​បន្ត​ដំណើរនៅ​លើ​ផ្លូវ​ដែលអម​ដោយវាលស្រែពណ៌បៃតងឆ្ពោះ​ទៅភូមិ​ព្រះដាក់ ស្រុក​បន្ទាយស្រី។ ព្រះដាក់ជាគោលដៅទេសចរណ៍អាហារដ៏ល្បីល្បាញ ជាពិសេសនំអាកោរត្នោត ជ្រូក​អាំង មាន់អាំង កង្កែបអាំង និងនំបញ្ចុក​ដ៏មានឱជារស ប៉ុន្តែ​ខ្ញុំ និងអ្នករត់​ភាគច្រើន បានត្រឹម​តែស្រង់ក្លិនប៉ុណ្ណោះ មិន​បាន​ចូលភ្លក្សនោះឡើយ ព្រោះដំណើរនៅវែងឆ្ងាយទៀត។

រត់បានត្រឹមជាងពាក់កណ្តាលផ្លូវ ស្រាប់តែឃើញ កីឡាករ វ៉ាន់ ភារ៉ា រត់​វិលត្រឡប់មក​វិញដោយមាន​ម៉ូតូនាំមុខ​ទៅហើយ។ មិន​ជាថ្វីនោះទេ​ ព្រោះខ្ញុំស្គាល់គាត់យ៉ាង​ច្បាស់​ថា ជាកីឡាករម៉ារ៉ាតុងជម្រើស​ជាតិ​ដ៏មានបទពិសោធន៍​ និងជាគ្រូដែល​បង្ហាត់បង្រៀន​ការរត់​របស់ខ្ញុំ​នៅក្លិប​ Sabay Running Club ផងដែរ។

ចុកជើង ហើយ​សាច់​ដុំចាប់ផ្តើម​កន្ត្រាក់ញឹកញាប់ ដែល​ជា​រោគ​សញ្ញា​នៃការ​រមួយក្រពើ ប៉ុន្តែខ្ញុំ​​បន្ត​បោះជំហាន​ទៅមុខ​មួយៗ ជាមួយនឹងការផ្តល់កម្លាំង​ចិត្តពីអ្នករត់​ដូចគ្នា ដែលស្រែក​ថា «ស៊ូស៊ូបង ជិត​ដល់​គោលដៅហើយ»។ ហាហា បោកសុទ្ធ នៅជិត​២០គីឡូម៉ែត្រទៀតឯណោះ។

ងាកទៅអ្នកភូមិ​វិញ ចាស់ៗ បានជំនុំគ្នា​ទាក់ទង​នឹង​ការរត់​របស់យើង ខណៈក្មេង​មួយចំនួន បាននាំគ្នាឈរលាដៃ ស្វាគមន៍ដើម្បី​ផ្តល់​កម្លាំង​ដល់​អ្នករត់ជាមួយនឹង​ទឹក​មុខ​សប្បាយ​រីករាយ។ ដំណើរបន្ត​រហូតដល់​ចំណុច​បក​ក្រោយ​វិញ (U-Turn) នាចំណុចគីឡូម៉ែត្រទី​២៥។

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top