សហព័ន្ធកីឡាទោចក្រយានបានបញ្ជាក់ថា គិតមកដល់ពេលនេះអ្នកចុះឈ្មោះចូលរួមការប្រកួតប្រណាំងកង់ក្នុងព្រឹត្តិការណ៍ «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» បានជិត ១០០នាក់ហើយ ស្របពេលការទទួលចុះឈ្មោះនៅតែបន្ត។
អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន លោក នូ ចំរើន បានឲ្យដឹងថា ព្រឹត្តិការណ៍លើកស្ទួយវិស័យទេសចរណ៍នៅខេត្តព្រះសីហនុមានអ្នកចុះឈ្មោះបានប្រហែលជិត ១០០នាក់ហើយនៅពេលនេះ។ ក្នុងនាមសហព័ន្ធជឿជាក់ថានឹងមានអ្នកចុះឈ្មោះចូលរួមប្រកួតតទៅ ព្រោះសន្ទុះនៃការគាំទ្រវិស័យកីឡាទោចក្រយានមានចំនួនកើនឡើង និងជាព្រឹត្តិការណ៍កម្សាន្តសប្បាយលើកស្ទួយវិស័យទេសចរណ៍ផង។
សហព័ន្ធក៏នៅតែបន្តទទួលការចុះឈ្មោះពីមហាជនផងដែរដែលមានបំណងចង់ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ដែលនឹងធ្វើនៅខេត្តព្រះសីហនុលើកនេះ។ ចូលរួមលើកស្ទួយវិស័យកីឡាក្នុងស្រុកឲ្យកាន់តែផុលផុស និងបង្កើនការផ្សព្វផ្សាយឲ្យបានដល់ភ្ញៀវជាតិ-អន្តរជាតិបន្ថែមទៀត។
ប្រសិនបើមហាជនចង់ចុះឈ្មោះចូលរួមការប្រកួតប្រណាំងកង់ភ្នំ ចម្ងាយ ៣០គីឡូម៉ែត្រអាចទាក់ទងទៅកាន់សហព័ន្ធបាន។ ការចុះឈ្មោះចូលរួមមិនតម្រូវឲ្យបង់ថវិកានោះទេស្របពេលអ្នកឈ្នះទទួលបានប្រាក់រង្វាន់លើកទឹកចិត្តទៀតផង។ ព្រឹត្តិាករណ៍ «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» ខាងផ្នែកប្រណាំងកង់ភ្នំនេះនឹងធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕
ប្រភព៖ KAMPUCHEATHMEY