លោក សេន ប៊ុនថេន គ្រូបង្វឹករបស់កីឡាករ មហាម៉ាត់, យ៉ាស៊ីន, អាលីរ៉េហ្សា, អាមៀ បានឆ្ងល់ពីកូនសិស្សប៉ុន្មាននាក់ហ្វឹកហាត់មិនចេះហត់សោះ។
លោក សេន ប៊ុនថេន បានឲ្យដឹងថា កីឡាករបរទេស មហាម៉ាត់, យ៉ាស៊ីន, អាលីរ៉េហ្សា, អាមៀ ដែលកំពុងរស់នៅហ្វឹកហាត់ជាមួយលោកប៉ុន្មាននាក់នេះមានសុខភាពល្អខ្លាំង និងសួតល្អអំណោយផលដល់ការហ្វឹកហាត់តែម្ដង។
គ្រូបង្វឹករូបនេះបន្តទៀតថា លោកក៏ឆ្ងល់ដែរពីសុខភាពរបស់ពួកគេល្អខ្លាំងដោយហ្វឹកហាត់មិនចេះហត់សោះ។ ការហ្វឹកហាត់បច្ចេកទេសអ្វីដែលលោកដាក់ឲ្យ ក៏ពួកគាត់ធ្វើបានទាំងអស់។ ពួកគេឧស្សាហ៍ព្យាយាម គោរពការហ្វឹកហាត់ មិនចេះដើរលេង មិនចេះញុាំគ្រឿងស្រវឹង ស្រឡាញ់រាប់អាន និងចេះខ្លាចចិត្តអ្នកដទៃ។
លោក សេន ប៊ុនថេន បានបន្តថា ដោយសារការគោរពលើការហ្វឹកហាត់ជាប់លាប់ និងខំប្រឹងប្រែងព្យាយាមបំផុតទើបធ្វើឲ្យពួកគេរឹតតែមានសមត្ថភាពល្អខ្លាំងក្នុងការប្រកួតកន្លងទៅដូចប្រិយមិត្តបានឃើញស្រាប់។ កីឡាករកម្ពុជាមួយចំនួនហាត់ខ្លាំងមែនទែនអត់បានទេ ហាត់ឈឺ ពោលសុខភាពមិនសូវល្អដល់បរទេសនោះឡើយ។
បញ្ជាក់ដែរថា កីឡាករបរទេសប៉ុន្មានខាងលើនេះពិសេស មហាម៉ាត់ និង យ៉ាស៊ីន គឺទទួលបានការគាំទ្រច្រើននៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ ពួកគេប្រកួតម្ដងៗអស់ពីសមត្ថភាព និងប្រកួតបុកលើដៃគូខ្លាំងសឹងតែមិនឲ្យដកដង្ហើមបានផងដែលនេះបង្ហាញពីកម្លាំងស៊ុហ្វដ៏ល្អរបស់ពួកគេ។ កីឡាករប៉ុន្មាននាក់នេះកំពុងក្រឡុកតាមសង្វៀននានាក្នុងស្រុក និងបង្ហាញមុខច្រើនលើកម្មវិធីធំៗ។ កីឡាករទាំង៤នាក់នេះជាជនជាតិអាហ្វហ្កានីស្ថាន និងបានរស់នៅជាជាមួយក្លឹបសេនប៊ុនថេនគុនខ្មែរប្រហែល១០ខែមកហើយ៕
ប្រភព៖ KAMPUCHEATHMEY