ក្រុមកីឡាករប្រដាល់មកពីសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក ស្រប ស្រឿយ នឹងវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញនៅថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥ ខណៈកីឡាករពីររូបបន្តស្នាក់នៅ និងដើរលេងប្រហែល ១-២ សប្ដាហ៍ទៀតសិន។
បន្ទាប់ពីធ្វើការប្រកួតរួចរាល់ និងបានដើរលេងកម្សាន្តតាមរមណីដ្ឋាននានា ទស្សនាប្រាសាទបុរាណខ្មែរ ជាច្រើនថ្ងៃរួចមកក្រុមប្រដាល់មកពីសហរដ្ឋអាមេរិកនឹងវិលត្រឡប់ទៅកាន់ប្រទេសខ្លួនវិញនៅថ្ងៃអាទិត្យនេះហើយ។ ចំណែកកីឡាករ Juan Jackson និងកីឡាករ Ryan Teal បន្តស្នាក់នៅប្រហែល ១-២ សប្ដាហ៍ទៀត។
កីឡាករ និងក្រុមការងារទាំងអស់សប្បាយរីករាយជាខ្លាំងចំពោះដំណើរមកកាន់កម្ពុជានៅពេលនេះ។ ក្រោយពីប្រកួតរួចបានដើរលេងទស្សនាប្រាសាទនានារបស់ខ្មែរដែលខ្លួនមិនធ្លាប់បានឃើញផ្ទាល់ពីមុនមក និងបានសាកញុំម្ហូបខ្មែរទៀតផង។
បញ្ជាក់ដែរថា កីឡាករ និងក្រុមការងារដែលមកពីសហរដ្ឋអាមេរិកមានគ្នាសរុបប្រហែលជាង១០នាក់បានមកចូលរួមការប្រកួតគុនខ្មែរ Land Of Peace កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅឯខេត្តសៀមរាប។ ការមកចូលរួមប្រកួតនេះគឺដឹកនាំដោយលោក ស្រប ស្រឿយ ដែលជាគ្រូបង្វឹកនៅឯទីនោះ៕
ប្រភព៖ KAMPUCHEATHMEY