ក្លិប Manchester United បានបង្ហាញអំពីរបាយការណ៍ហិរញ្ញវត្ថុខ្លួន ដោយរកបានចំណូល ជិត ៦៦៥លានផោន(៩០០លានដុល្លារ) កាលពីរដូវកាលមុន ២០២៤-២៥ និងជាចំណូល បំបែកកំណត់ត្រាមួយ ប្រចាំប្រវត្តិសាស្ត្រហិរញ្ញវត្ថុក្លិប។ រដូវកាលមុន Man Utd គ្មានកៅអីប្រកួតក្នុងពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League ឡើយ ជំនួសដោយការលេងក្នុងពានរង្វាន់កម្រិតទី២ Europa League។ ចុងបញ្ចប់រដូវកាលមុន ក្រុមរហស្សនាមបិសាចក្រហមឈរលេខ ១៥ ជាកំណត់ត្រាអាក្រក់បំផុតរបស់ខ្លួន ក្នុងពេល ៥១ឆ្នាំ។
យ៉ាងណាមិញ ពេលថ្មីៗនេះក្លិបបានបង្ហាញអំពីរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រក្លិប ព្រោះតែក្លិបរកចំណូលបានច្រើន ទោះគ្មានពានរង្វាន់ធំៗលេងក៏ដោយ។
Man Utd រកបានប្រាក់ចំណូលកើនឡើងប្រមាណ ០.៧ភាគរយ ហើយមានតម្លៃសរុបប្រមាណ ៦៦៥,៥លានផោន (៩០០លានដុល្លារ) នៅចុងបញ្ចប់ឆ្នាំហិរញ្ញវត្ថុរបស់ពួកគេ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ Man Utd ក៏បានបន្ថយការខាតបង់ប្រាក់ប្រតិបត្តិការប្រចាំឆ្នាំរបស់ខ្លួន មកនៅត្រឹមតែ ១៨,៤លានផោន (២៤,៨៦លានដុល្លារ) បើធៀបទៅនឹងរដូវកាល ២០២៣-២៤ ក្លិបខាតបង់ប្រាក់ប្រមាណជាង ៦៩,៣លានផោន (៩៣,៦៤លានដុល្លារ)។
ចំណែកប្រាក់ខាតបង់សរុបទាំងអស់ ក៏បានថយចុះពី ១១៣,២លានផោន (១៥២,៩៦លានដុល្លារ) មកនៅត្រឹមតែ ៣៣លានផោន (៤៤,៥៩លានដុល្លារ) ក្រោយពេល លោក Sir Jim Ratcliffe បានចូលមកកែប្រែក្រុមបិសាចក្រហម ក្នុងនាមជាសហម្ចាស់ក្លិប ហើយលោកបានកាត់ការងារមិនចាំបាច់ជាច្រើនក្នុងក្លិប ដើម្បីសន្សំប្រាក់ហិរញ្ញវត្ថុក្លិប។
រដូវកាលមុនទៀតសោត Man Utd បានបង់ប្រាក់ជាច្រើន ទៅលើការចាកចេញរបស់ក្រុមការងារគ្រូបង្វឹករបស់ លោក Erik ten Hag សញ្ជាតិហូឡង់ ដែលក្លិបសម្រេចចិត្តចែកផ្លូវជាមួយ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៦,៦លានផោន (៤៩,៤៦លានដុល្លារ) មុនពេលលោក Ruben Amorim ចូលមកដឹកនាំក្រុមបន្ត។
បើតាមការចុះផ្សាយរបស់កាសែត The Independant ក្លិប Man Utd រំពឹងថានឹងរកបានចំណូលប្រចាំឆ្នាំចន្លោះពី ៦៤០លានផោន (៨៦៤,៨១លានដុល្លារ) ទៅ ៦៦០លានផោន(៨៩១,៨៣លានដុល្លារ) បើទោះជាខ្លួនគ្មានកៅអីលេង ក្នុងពានរង្វាន់អឺរ៉ុបក៏ដោយ៕
ប្រភព៖ THMEYTHMEY