គ្រូបង្វឹកក្លឹបប្រដាល់សេនប៊ុនថេនគុនខ្មែរ ថាសិស្សៗទាំងអស់គួរយកគំរូតាមកីឡាករអាហ្វហ្គានីស្ថាន មហា ម៉ាត់ យ៉ាស៊ីន អាលីរីហ្សា អាមៀ ជាដើមទាំងការរស់នៅប្រចាំថ្ងៃ និងការហ្វឹកហាត់គឺធ្វើបានល្អ។
លោក សេន ប៊ុនថេន បានឲ្យដឹងថា ដោយសារមើលឃើញពីការរស់នៅ និងហ្វឹកហាត់ប្រចាំថ្ងៃរបស់ក្រុមកីឡាករអាហ្វហ្វានីស្ថានដូចជា មហា ម៉ាត់ យ៉ាស៊ីន អាលីរីហ្សា អាមៀ ធ្វើបានល្អជារៀងរាល់ថ្ងៃទើបលោកតែងតែប្រាប់សិស្សក្នុងក្លឹបឲ្យយកគំរូតាម។
ក្រុមរបស់ មហា ម៉ាត់ នេះគឺរស់នៅល្អខ្លាំងណាស់ចេះស្រឡាញ់រាប់អានឲ្យតម្លៃគ្នាទៅវិញទៅមក ការហូបចុកត្រឹមត្រូវ និងមានអនាម័យ។ មិនចេះដើរលេងយប់ផ្ដេសផ្ដាស ទៅណាមកណាមានច្បាប់ទម្លាប់ ស្រឡាញ់ការហ្វឹកហាត់មិនចាំឲ្យគ្រូនិយាយច្រើន។ ចំណុចល្អៗទាំងនេះហើយដែលលោកជាគ្រូស្រឡាញ់ចូលចិត្តជាខ្លាំង និងតែងតែប្រាប់ដល់សិស្សៗខ្មែរឲ្យយកគំរូតាមដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែល្អដូចក្រុមអាហ្វហ្គានីស្ថានទាំងនេះ។
បញ្ជាក់ដែរថា ក្រុមកីឡាករអាហ្វហ្គានីស្ថានដែលមាន មហា ម៉ាត់ យ៉ាស៊ីន អាលីរីហ្សា អាមៀ បានមករស់នៅហ្វឹកហាត់ជាមួយក្លឹបប្រដាល់ប៉ែនកាក់សេនប៊ុនថេនគុនខ្មែរ បានប្រហែល ១០ខែមកហើយ។ បច្ចុប្បន្នកីឡាករប៉ុន្មាននេះមានកេរ្តិ៍ឈ្មោះល្បីខ្លាំងមានទាំងខ្សែក្រវាត់ ពានរង្វាន់ជាច្រើន និងធ្លាប់ឈ្នះជើងខ្លាំងរបស់កម្ពុជាអស់ជាច្រើននាក់មកហើយ៕
ប្រភព៖ KAMPUCHEATHMEY