Liverpool ទំនងពិន័យ Ekitike ៦សែនដុល្លារ ចំពោះការទទួលបានកាតក្រហមនៅជំនួប EFL Cup

កីឡាករ Hugo ​Ekitike ខ្សែប្រយុទ្ធចំណូលថ្មីក្រុម Liverpool ប្រឈមរងពិន័យកាត់ប្រាក់ពលកម្មចំនួន ២សប្តាហ៍ ប្រមាណ ៦៦៦ ០០០ដុល្លារ ក្រោយទទួលកាតក្រហម អំឡុងការប្រកួតឈ្នះក្រុម Southampton ក្នុងជំនួប EFL Cup ជុំទី៣។ ដោយសារកាតក្រហនេះ Ekitike រងពិន័យ ១ប្រកួត នៅពេល Liverpool ធ្វើដំណើរទៅប៉ះក្រុម ​Crystal Palace ក្នុងកីឡដ្ឋាន Selhurst Park ក្នុងជំនួប Premier League សប្តាហ៍នេះ។

អំឡុងការប្រកួតដែល Liverpool ផ្តួលក្រុម Southampton លទ្ធផល ២-១ ជុំទី៣ ពានរង្វាន់ EFL Cup ខ្សែប្រយុទ្ធសញ្ជាតិបារាំង ដែលរួមចំណែកស៊ុតបាល់បញ្ចូលទី ១គ្រាប់ ត្រូវបានអាជ្ញាកណ្តាលលោក ​Thomas Brammall ផ្តល់ការពិន័យកាត់លឿង ២លើក រហូតទទួលបានកាតក្រហម។ នៅនាទី៥៣ Ekitike ប៉ះទង្គិចជាមួយកីឡាករគូប្រជែងរួចក៏បានកាតលឿងម្តង និង​នាទី៨៦ គេបានដោះអាវក្រុមដើម្បីអបអរ ក្រោយស៊ុតបាល់ចូលទីក្នុងនាទី៨៥។

ស្របពេល Liverpool ត្រៀមប្រឈមមុខនឹងក្រុមកំពុងឡើងជើង Crystal Palace ជំនួបក្របខណ្ឌ Premier League នៅថ្ងៃទី២៧ ខែកញ្ញា​ ខ្សែប្រយុទ្ធបារាំងវ័យ ២៣ឆ្នាំ នឹងគ្មានវត្តមានក្នុងការប្រកួតនោះឡើយ ព្រោះតែរងពិន័យកាតក្រហម។

យ៉ាងណាមិញ បន្ទាប់ពីរងពិន័យប៉ុន្មានប្រកួតពីសំណាក់សហព័ន្ធបាល់ទាត់អង់គ្លេស (FA) កីឡាករបារាំងទំនងនឹងរងពិន័យធ្ងន់ពីសំណាក់ក្លិប Liverpool របស់គេផ្ទាល់​ផងដែរ។ បើតាមការចុះផ្សាយរបស់កាសែត Daily Mail ក្លិប Liverpool នឹងដាក់ពិន័យលើខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ ដោយកាត់ថ្លៃហត់នឿយរបស់គេចំនួន ២សប្តាហ៍។

របាយការណ៍របស់ទូរទស្សន៍ Sky Sport កាលពីថ្ងៃបើកទីផ្សារដោះដូរកីឡាករ ខ្សែប្រយុទ្ធ Ekitike ក្រោយចុះកិច្ចសន្យាផ្លាស់ទៅទឹកដីអង់គ្លេស រូបគេនឹងអាចរកបានប្រាក់ចន្លោះពី ១៧,៥ ទៅ ១៨,៦លានដុល្លារក្នុងមួយឆ្នាំ។ ថ្លៃនឿយហត់របស់កីឡាករវ័យ ២៣ឆ្នាំ ទទួលបានក្នុងមួយសប្តាហ៍ប្រមាន ២៥០ ០០០ផោន(៣៣៣​ ០០០ដុល្លារ) ដូច្នេះគេនឹងអាចត្រូវក្លិបរហស្សនាមហង្សក្រហមកាត់ពិន័យប្រាក់ ៦៦៦ ០០០ដុល្លារ។

រំលឹកក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតទល់ Southampton លោក Arne Slot អ្នកចាត់ការក្រុមហង្សក្រហមហាក់មិនបង្ហាញការចាប់អារម្មណ៍អ្វីខ្លាំងលើទង្វើរបស់កូនក្រុមឡើយ ប៉ុន្តែលោកគ្រាន់តែលើកឡើងអំពីវិន័យក្នុងក្រុម និងការពិន័យផ្សេងៗ ដែលក្រុមបានដាក់តាំងពីដើមរដូវកាល ទៅលើកីឡាករគ្រប់រូប។ បុរសសញ្ជាតិហូឡង់ក៏បានដាស់តឿនកីឡាករឱ្យរៀនចេះទប់ចិត្តទប់អារម្មណ៍នៅការប្រកួតដទៃទៀត ព្រោះសុទ្ធសឹងតែជាការប្រកួតសំខាន់ៗរបស់ក្រុម ក្នុងនាមជាក្រុមការពារជើងឯក៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top