កីឡាករ Bryan Mbeumo នឹងត្រូវជួយក្រុមថ្មី Manchester United តទល់នឹងក្រុមចាស់ Brentford ក្នុងជំនួបក្របខណ្ឌលីគកំពូលអង់គ្លេស (Premier League) ថ្ងៃទី២៧ ខែកញ្ញា នេះ។ ក្រុមកំពូលតារាង Liverpool ក៏នឹងត្រូវធ្វើដំណើរទៅប៉ះក្រុម Crystal Palace ដែលកំពុងបើកទ្វារកីឡដ្ឋាន Selhurst Park រង់ចាំរួចសម្រេច។
កាលវិលត្រឡប់ទៅទឹកដីចាស់ នឹងអាចធ្វើឱ្យអារម្មណ៍របស់ Mbeumo រងសម្ពាធ ព្រោះតែគេធ្លាប់តែត្រូវបានអ្នកគាំទ្រស្រែកច្រៀងអបអរគេ អំឡុងគេបង្ហាញខ្លួនលេងក្នុងកីឡដ្ឋាន Community របស់ក្លិប Brentford។ តែពេលនេះគេត្រូវពាក់អាវក្រុមថ្មី គឺក្រុមរហស្សនាមបិសាចក្រហម ហើយត្រៀមតទល់នឹងក្រុមចាស់របស់គេ នៅវេលាម៉ោង ៦:៣០ល្ងាច (ម៉ោងនៅកម្ពុជា)។
កីឡាករវ័យ ២៦ឆ្នាំ បានផ្លាស់ទៅក្លិប Man Utd ក្នុងតម្លៃ ៨៧,៤០លានដុល្លារ ហើយគេកំពុងតែបង្ហាញខ្លួនលេងយ៉ាងល្អជាមួយក្រុមបិសាចក្រហម ហើយថែមទាំងរកបានគ្រាប់បាល់ផងដែរ។ រំលឹកកាលនៅក្លិប Brentford កីឡាករសញ្ជាតិកាម៉េរូន រកបានគ្រាប់បាល់ចំនួន ៧០គ្រាប់ ពីការបង្ហាញខ្លួន ២៤២លើក ដែលរឿងនេះធ្វើឱ្យអ្នកគាំទ្រស្រលាញ់ចូលចិត្តលើរូបគេខ្លាំង។
បច្ចុប្បន្នក្លិប Man Utd ឈរនៅលេខ ១១ ក្រោយពួកគេបានផ្តួល់ក្រុម Chelsea លទ្ធផល ២-១ កាលពីសប្តាហ៍មុន ស្របពេលក្រុម Brentford បច្ចុប្បន្នជាក្រុមឈរនៅលេខ ១៧ ក្នុងតារាង Premier League ឈរពីលើក្រុមនៅតំបន់កាត់ចោល។
ដោយឡែកក្រុមកំពូលតារាង Liverpool ក៏នឹងត្រូវតទល់ក្រុមកំពុងឡើងជើង Crystal Palace ជាក្រុមជើងឯក FA Cup រដូវកាលមុន និងជាក្រុមឈ្នះពានរង្វាន់ FA Community Shield កាលពីដើមរដូវកាល ស្ថិតក្នុងកីឡដ្ឋាន Selhurst Park វេលាម៉ោង ៩យប់(ម៉ោងនៅកម្ពុជា)។ ក្រុមរបស់លោក Arne Slot ជាអ្នកចាត់ការ បច្ចុប្បន្នត្រូវបាត់វត្តមានកីឡាករសំខាន់នោះគឺ Hugo Ekitike ដែលជាប់ពិន័យកាត់ក្រហម។
ចំណែកក្រុម Chelsea វិញ ដែលបាត់វត្តមានរបស់អ្នកចាំទី Robert Sanchez ក្រោយគេទទួលបានកាតក្រហមកាលពីសប្តាហ៍មុន ពេលចាញ់ក្រុម Man Utd នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុម Brighton & Hove Albion វេលាម៉ោង ៩យប់ នៅកីឡដ្ឋាន Stamford Bridge។
ក្រុម Leeds United កំពុងឈរនៅលេខ ១២ នឹងត្រូវបើកទ្វារផ្ទះ Elland Road ស្វាគមន៍ភ្ញៀវ AFC Bournemouth ដែលបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាង នៅវេលាម៉ោង ៩យប់។ Manchester City ក៏ត្រូវបើកទ្វារកីឡដ្ឋាន Etihad ស្វាគមន៍ភ្ញៀវ Burnley នៅម៉ោង ៩ ដូចគ្នា មុនពេលក្រុម Nottingham Forest នឹងត្រូវទទួលក្រុមភ្ញៀវ Sunderland នៅវេលាម៉ោង ១១:៣០យប់។
ចំណែកគូចុងក្រោយប្រចាំថ្ងៃទី២៧ ខែកញ្ញា Tottenham Hotspur នឹងត្រូវទទួលក្រុមភ្ញៀវ Wolverhampton Wanderers វេលាម៉ោង ២យប់ (ម៉ោងនៅកម្ពុជា)៕
ប្រភព៖ THMEYTHMEY