មិនមែនជាកីឡាករអាជីព ប៉ុន្តែអ្នកនិយមកីឡារត់៧នាក់ បានរួមចំណែកបំផុសស្មារតីកីឡា និងលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ តាមរយៈការបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Berlin Marathon 2025 នាក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ ទី២១ ខែកញ្ញា កន្លងមក។
ចំណោមអ្នកចូលរួមជាង៥៥០០០នាក់ នាឆ្នាំ២០២៥នេះ មាន លោក ជីម គង់ហ៊ុយ, លោក ហុង វណ្ណថេត, លោក ឡេង តុង, លោក លី ម៉េងឃាង, លោក ពន្លឺ តុលា, លោក សុខ ហេង និងលោក ជា សុថេង ពីកម្ពុជា។ ក្រៅពីនេះ ក៏មានអ្នករត់ដើមកំណើតខ្មែរ ឬជាប់សាច់ឈាមខ្មែរមួយចំនួនផងដែរ ប៉ុន្តែសារព័ត៌មានឌីជីថលថ្មីៗ សូមលើកយកតែក្រុមអ្នករត់ស្ថិតក្នុងបញ្ជីសញ្ជាតិកម្ពុជា ដែលចុះផ្សាយនៅលើ https://berlin.r.mikatiming.com/2025 តែប៉ុណ្ណោះ។
Berlin Marathon ជាស៊េរីមួយក្នុងចំណោមព្រឹត្តិការណ៍ទាំង៧ របស់កម្មវិធីម៉ារ៉ាតុងលំដាប់កំពូលលើពិភពលោក Abbott World Marathon Majors (AbbottWMM) ដែលក្រៅពីនោះ មានព្រឹត្តិការណ៍នៅតូក្យូ, បូស្តុន, ឡុងដ៍, ស៊ីកាហ្គោ, ញូវយ៉កស៊ីធី និងស៊ីដនី។
តាមប្រមាញ់ Six Star Medal..
ការរត់នៅព្រឹត្តិការណ៍នីមួយៗ និងទីតាំងផ្សេងៗក្នុងចំណោមព្រឹត្តិការណ៍៦ គឺជាការសន្សំ «ផ្កាយ» (Star)។ ក្រៅពីមេដាយបញ្ចប់ទី អ្នកដែលរត់រហូតដល់៦ព្រឹត្តិការណ៍ផ្សេងៗគ្នា នឹងទទួលបានបណ្តុំមេដាយពិសេស «Six Star Medal» និងកិត្តិយស «Six Star Hall of Fame» ពី AbbottWMM។
បើទោះបីជា Sydney Marathon ក្លាយជាសមាជិកថ្មីរបស់ AbbottWMM ឬ Majors ចាប់ពីឆ្នាំ២០២៥ នេះ ក៏ដោយ ប៉ុន្តែមេដាយនេះ មិនត្រូវបានបញ្ចូលក្នុង Six Star Medal ឡើយ។ បើតាមការផ្សាយរបស់ The Running Channel បណ្តុំ Six Star Medal គឺផ្តោតតែលើលទ្ធផលនៃការចូលប្រកួតក្នុងព្រឹត្តិការណ៍ដើមចំនួន៦ប៉ុណ្ណោះ គឺនៅតូក្យូ, បូស្តុន, ឡុងដ៍, ស៊ីកាហ្គោ, ញូវយ៉កស៊ីធី និងប៊ែរឡាំង។
ប្រសិនបើអ្នករត់ចូលរួមបាន៧ព្រឹត្តិការណ៍ផ្សេងៗគ្នា មានន័យថា ពួកគេមានឈ្មោះនៅក្នុង Seven Star Hall of Fame ប៉ុន្តែមិនមានបណ្តុំមេដាយ «Seven Star Medal» ឡើយ។ មេដាយដែលទទួលបាននៅស៊ីដនី ត្រូវបានចាត់ទុកជា «ផ្កាយ» មួយសម្រាប់បណ្តុំមេដាយ «Nine Star Medal» ពីព្រោះថា AbbottWMM នឹងបញ្ចូលសមាជិក២បន្ថែមទៀត។ ព្រឹត្តិការណ៍នៅចិន Shanghai Marathon ត្រូវបានប្រកាសជាបេក្ខភាពផ្លូវការ ជំនួស Chengdu Marathon រីឯបេក្ខភាពមួយទៀត គឺ Cape Town Marathon នៅអាហ្វ្រិកខាងត្បូង។ ចំណែក Singapore Marathon ដែលប្រកាសបេក្ខភាពកាលពីឆ្នាំ២០១៧ មិនមានឈ្មោះក្នុងបញ្ជីទៀតឡើយ។
សម្រាប់ព្រឹត្តិការណ៍ Berlin Marathon កាលពីថ្ងៃទី២១ ខែកញ្ញា លោក ជីម គង់ហ៊ុយ ប្រមាញ់បានផ្កាយទីបីរបស់ខ្លួនក្នុង AbbottWMM បន្ទាប់ Chicago Marathon នៅឆ្នាំ២០២៣ និង Tokyo Marathon ឆ្នាំ២០២៥។ កំណត់ត្រារបស់លោកនៅប៊ែរឡាំង គឺ ៣:៣២:១៥ ដែលទាបជាងព្រឹត្តិការណ៍២លើកកន្លងមក។
ខណៈលោក ជីម គង់ហ៊ុយ ស្ថិតនៅពាក់កណ្តាលផ្លូវនៃ Six Star Medal លោក សុខ ហេង និងលោក ហុង វណ្ណថេត ក៏ទទួលបានមេដាយទី៣រៀងៗខ្លួនពី AbbottWMM ផងដែរ។ សម្រាប់លោក សុខ ហេង នេះជាមេដាយទី៣ក្នុងឆ្នាំតែមួយ ជាមួយនឹងថិរវេលា ៣:៣៨:៥៩ ដែលប្រសើរជាងនៅ London Marathon ប៉ុន្តែយឺតជាង Sydney Marathon ប្រមាណ១០នាទី។
ចំពោះលោក ហុង វណ្ណថេត លទ្ធផលនៅប៊ែរឡាំង គឺ ៤:០២:១៣ ខណៈការរត់នៅ Sydney Marathon និង New York City Marathon ឆ្នាំ២០២៤ លោកសុទ្ធតែសម្រេចបានក្រោម៤ម៉ោង។ រីឯលោក ពន្លឺ តុលា វិញ វាជាការចូលរួមពីរលើកជាប់គ្នាក្នុងព្រឹត្តិការណ៍ AbbottWMM នាឆ្នាំ២០២៥នេះ។ នៅប៊ែរឡាំង លោក ពន្លឺ តុលា ប្រើថិរវេលា ៤:៣៩:០៩ ខណៈនៅស៊ីដនី គឺ ៤:៣១:៤៦។
លោក ឡេង តុង, លោក លី ម៉េងឃាង និងលោក ជា សុថេង បានវត្តមានជាលើកដំបូងក្នុងស៊េរីនៃព្រឹត្តិការណ៍នេះ ដោយលោក ឡេង តុង ប្រើថិរវេលា ៤:៣៧:០៥, លោក លី ម៉េងឃាង ចំណាយពេល ៣:៤០:៥៤ ប៉ុន្តែមិនមានការបង្ហាញលទ្ធផលឡើយសម្រាប់លោក ជា សុថេង៕
ប្រភព៖ THMEYTHMEY