បន្ទាប់ពីមានការផ្ទុះអាវុធជាថ្មីដោយការឈ្លានពានពីសំណាក់សៀមមកលើកម្ពុជារយៈពេលប៉ុន្មានថ្ងៃមកនេះតាមបណ្ដាស្ថានីយទូរទស្សន៍ដែលមានរៀបចំការប្រកួតប្រដាល់ផ្សេងៗត្រូវបានផ្អាកបណ្ដោះអាសន្នជាបន្តបន្ទាប់ ស្របពេលកីឡាករ កីឡាការិនីមួយចំនួនមិនមានអារម្មណ៍ហ្វឹកហាត់ ឬប្រកួតនោះឡើយ។
មហាជនបានដឹងស្រាប់ហើយថាស្ថានការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-សៀម កំពុងផ្ទុះជាខ្លាំង និងរៀលដាលដល់ចម្រើនកន្លែងផ្សេងទៀត។ ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានកំពុងតាមដានពីស្ថានការណ៍ និងកំពុងកៀងគររកជំនួយសប្បុរបុរសធម៌ដើម្បីជួយដល់កងទ័ព និងជនភៀសឹកដែលកំពុងជួបការលំបាក។
យ៉ាងណាចំពោះផ្នែកកីឡាវិញក៏មិនខុសគ្នាដែរ ពោលម្នាក់ៗមិនមានអារម្មណ៍ហ្វឹកហាត់នោះឡើយ និងបានបង្ហោះសារនៅលើបណ្ដាញសង្គមពីការព្រួយបារម្ភសុខសុវត្ថិភាពរបស់កងទ័ពនៅតាមបណ្ដោយព្រំដែន រួមទាំងជនភៀលសឹក។ បន្ថែមពីនេះមានសហព័ន្ធខ្លះ និងកីឡាករ កីឡារិនីតាមប្រភេទកីឡាមួយចំនួនឆ្លៀតទៅបរិច្ចាគឈាមទុកសម្រាប់ជួយដល់កងទ័ពទៀតផង។
ថ្នាក់ដឹកនាំផ្នែកកីឡាដែលកំពុងចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឯប្រទេសថៃនៅពេលនេះក៏បានស្នើសុំដកខ្លួនចេញពីការប្រកួតនេះដើម្បីវិលត្រឡប់មកកម្ពុជាវិញផងដែរដោយយោងតាមស្ថានការណ៍កំពុងតានតឹងផង និងគិតដល់សុវត្ថិភាពក្រុមកីឡាករ កីឡាការិនីផង។
បញ្ជាក់ដែរថា រយៈពេល ៣ថ្ងៃហើយនៃការផ្ទុះអាវុធពីសំណាក់សៀមដែលបានឈ្លានពានមកលើប្រទេសកម្ពុជា ស្របពេលកម្ពុជាក៏បានប្រើសិទ្ធការពារខ្លួនតបតទៅវិញផងដែរ។ ទន្ទឹមនិងស្ថានការណ៍ព្រំដែននេះខាងផ្នែកកីឡាហាក់មានការស្ងប់ស្ងាត់ព្រឹត្តិការណ៍ផ្សេងៗ និងកីឡាករ កីឡាការិនីតាមប្រភេទកីឡាផ្សេងៗមិនសូវមានអារម្មណ៍លើការហ្វឹកហាត់នោះឡើយ៕
ប្រភព៖ KAMPUCHEATHMEY



