តារាចម្រៀងកូនកាត់ថៃ-ជប៉ន Violette Wautier បានសម្តែងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីចូលរួមសម្តែងក្នុងពិធីបើកកីឡាស៊ីហ្គេម លើកទី៣៣ កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៥ ដោយមានបញ្ហាបច្ចេកទេសជាច្រើនបានកើតមាន។
ក្រោយចប់ការសម្តែង តារាស្រីវ័យ៣២ឆ្នាំបានបង្ហោះលើបណ្តាញសង្គមទាំងយប់ដើម្បីបកស្រាយពីបញ្ហាបច្ចេកទេសដែលកើតមានឡើងនៅពេលនាងសម្តែង ហើយទទួលរងការរិះគន់យ៉ាងខ្លាំងពីមហាជន។
នាងបានរៀបរាប់ថា នាងត្រូវបានអ្នករៀបចំកម្មវិធីឲ្យច្រៀងធ្វើត្រាប់តាមការចាក់បទចម្រៀងរបស់នាង។ អ្នករៀបចំកម្មវិធីប្រាប់នាងពីការធ្វើបែបនេះជាជម្រើសល្អ និងងាយស្រួល ដូច្នេះហើយនាងក៏យល់ព្រម។ ប៉ុន្តែអ្វីៗមិនដូចការគ្រោងទុកទេ នាងមិនបានដឹងច្បាស់ពីការរៀបចំ ហើយអ្នករៀបចំបានបើកមេក្រូហ្វូនដែលនាងកាន់ដៃ។ ពេលនាងច្រៀងទៅក៏មានបញ្ហាមិនស៊ីសង្វាក់គ្នា។
នាងបាននិយាយថា ៖«និយាយឱ្យត្រង់ទៅ ខ្ញុំមានអារម្មណ៍ កេរ្តិ៍ឈ្មោះ រូបភាព សេចក្តីថ្លៃថ្នូរ អាជីព និងសុបិនរបស់ខ្ញុំត្រូវបានបំផ្លាញ។ ឥឡូវនេះ ខ្ញុំប្រហែលជាមិនអាចធ្វើអ្វីបានទេ ព្រោះការសម្តែងចប់ហើយ ប៉ុន្តែយ៉ាងហោចណាស់ខ្ញុំចង់ប្រើការបង្ហោះនេះ ដើម្បីបង្ហាញពីអារម្មណ៍របស់ខ្ញុំ។ ខ្ញុំបានការពារខ្លួនឯង និងការពារខ្លួនឯងតាមដែលអាចធ្វើទៅបាន»។
តារាចម្រៀងរូបនេះបានបញ្ជាក់ថា មួយអាជីពរបស់នាងជាតារាចម្រៀងគឺស្ទើរតែមិនធ្លាប់ច្រៀងបន្ទរបែបនេះទេ។ នាងពិតជាសោកស្តាយខ្លាំង។
ជាមួយគ្នានេះ ក្រុមហ៊ុនគ្រប់គ្រងរបស់នាងក៏ចេញលិខិតបកស្រាយ និងសុំការយោគយល់ពីមហាជន៕
ប្រភព៖ KAMPUCHEATHMEY



