សហព័ន្ធហែលទឹកជំរុញឱ្យមានការប្រកួតបាល់ទឹកជាប្រចាំ ដើម្បីការអភិវឌ្ឍស្របគ្នានឹងប្រភេទកីឡាហែលទឹក

(ភ្នំពេញ)៖ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា ការប្រកួតកីឡាបាល់ទឹកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៥ត្រូវបានរៀបចំឡើងក្នុងឆ្នាំដំបូង ដើម្បីជំរុញដល់ដំណើរការអភិវឌ្ឍឱ្យដើរទន្ទឹមគ្នាជាមួយប្រភេទកីឡាហែលទឹក ហែលទឹកពាក់ជើងទា និងកីឡាលោតទឹក។

នេះជាសង្កត់ធ្ងន់របស់លោកអគ្គលេខាធិការ ក្នុងឱកាសបិទការប្រកួតកីឡាបាល់ទឹកថ្នាក់ជាតិដែលបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ហែម គីរី លើកឡើងទៀតថា ការរៀបចំការប្រកួតកីឡាបាល់ទឹកថ្នាក់ជាតិនេះត្រូវបានធ្វើឡើង ក្រោមការចង្អុលបង្ហាញណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដោយធ្វើយ៉ាងណាជំរុញឱ្យប្រភេទកីឡាបាល់ទឹក (Water Polo) នេះមានសកម្មភាពហ្វឹកហាត់ និងការប្រកួតជាប្រចាំ ក្នុងឆ្នាំនីមួយៗតទៅមុខទៀត។ លោករម្លឹកថា ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ កន្លងទៅ ប្រភេទកីឡាបាល់ទឹកនេះត្រូវបានរៀបចំឱ្យមានការប្រកួតដែរ ប៉ុន្តែកម្ពុជាមិនទទួលបានលទ្ធផលចំណាត់ថ្នាក់ល្អនោះទេ ប៉ុន្តែសហព័ន្ធខ្មែរកីឡាហែលទឹកមិនចុះចាញ់ ឬបោះបង់ក្តីសង្ឃឹមក្នុងការបន្តការអភិវឌ្ឍនោះឡើយ ដោយនៅឆ្នាំ២០២៥នេះ សហព័ន្ធបានរៀបចំជាលើកដំបូង សម្រប់ការចូលរួមប្រកួតក្នុងស៊ីហ្គេម និងការប្រកួតអន្តរជាតិនានា នាថ្ងៃអនាគត។

លោកអគ្គលេខាធិការបន្ថែមថា ដោយទទួលបានការគាំទ្រពីសហព័ន្ធក្នុងទឹកអន្តរជាតិ និងជំរុញលើកទឹកចិត្តពីឯកឧត្តមឧបនាយករដ្ដមន្ត្រី ស៊ុន ចាន់ថុល សហព័ន្ធក៏បានរៀបចំការប្រកួតកីឡាបាល់ទឹកថ្នាក់ជាតិជាលើកដំបូង ដោយការចាប់ផ្តើមដំបូងនេះ សហព័ន្ធទទួលបានការចូលរួមពី៤ក្លឹបប៉ុណ្ណោះ ដូចជាក្លឹបព្រឹទ្ធាចារ្យ ហែមថុន ក្លឹបក្រសួងសាធារណការ និងដឹកជញ្ជូន ក្លឹបខេត្តកំពង់ចាម និងក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាគោលដៅ យើងចង់បានការចូលរួមពីក្លឹបច្រើនជាងនេះ ប៉ុន្តែការបណ្តុះបណ្តាលរបស់សហព័ន្ធនៅមានកម្រិត ទើបសហព័ន្ធទទួលបានការចូលរួមត្រឹម៤ក្លឹប ហើយនៅឆ្នាំបន្តបន្ទាប់ យើងនឹងបង្កើនការបណ្តុះបណ្តាលធនធានប្រភេទកីឡាបាល់ទឹកនេះឱ្យបានកាន់តែច្រើន។

សហព័ន្ធខ្មែរកីឡាហែលទឹកមានឆន្ទៈ ក្នុងការជំរុញប្រភេទកីឡាបាល់ទឹកនេះឱ្យមានភាពរីកចម្រើននាថ្ងៃអនាគត ជាក់ស្តែងកីឡាបាល់ទឹកនេះត្រូវបានជំរុញឱ្យមានការប្រកួតថ្នាក់ជាតិឆ្នាំដំបូងឡើង ហើយជាលទ្ធផលគួរឱ្យកត់សម្គាល់នោះ យើងឃើញថា ក្លឹបមកពីខេត្តកំពង់ចាម ដែលឈ្នះជើងឯកថ្នាក់ជាតិបាល់ទឹក ឆ្នាំ២០២៥នេះ។ មន្ត្រីបច្ចេកទេសកីឡាបាលទឹកកម្ពុជាទាំងអស់ក៏ទទួលបានការបណ្តុះបណ្តាលពីគណៈកម្មការបច្ចេកទេសអន្តរជាតិរយៈពេល ២ថ្ងៃ មុនការប្រកួតចូលមកដល់។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទឹកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៥នេះ ក្រុមជើងឯកបានទៅលើក្លឹបនាគរាជ ខេត្តកំពង់ចាម បន្ទាប់ពីបានយកឈ្នះក្លឹបក្រសួងសាធារណ និងដឹកជញ្ជូន ដោយលទ្ធផល ៣-២គ្រាប់ ខណៈក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីបានយយកឈ្នះក្លឹបព្រឹទ្ធាចារ្យ ហែម ថុន ដោយលទ្ធផល ១១-៥គ្រាប់៕

ប្រភព៖ AKP

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top