អតីតខ្សែការពារជើងចាស់របស់ Manchester United លោក Rio Ferdinand បានណែនាំឱ្យ Marcus Rashford ត្រូវមើលខ្សែប្រយុទ្ធជើងចាស់ Pedro ជាគំរូ ប្រសិនបើគេចង់ជោគជ័យនៅ Barcelona។
នៅរដូវក្តៅនេះ Rashford បានចាកចេញពី Man United ដោយបានផ្លាស់ទៅចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល អមជាមួយជម្រើសទិញផ្តាច់។ យ៉ាងណា ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំក៏បានបង្ហាញខ្លួនរួចហើយដែរជាមួយក្រុមអ្នកមានបុណ្យ នៅក្នុងការប្រកួតមិត្តភាពទល់នឹងក្រុម Vissel Kobe, FC Seoul និង Daegu។
ក្រោយមើលឃើញពីការលេងប៉ុន្មានប្រកួតរបស់ Rashford ជាមួយ Barcelona កន្លងមកនេះ លោក Ferdinand បានណែនាំបន្ថែមទៅកីឡាកររូបនេះថា៖ «ប្រសិនបើខ្ញុំនៅក្នុងក្រុមរបស់គាត់ឥឡូវ ខ្ញុំនឹងមិនមើល Messi, Henry, Eto’o ឬ Villa ឡើយ ប៉ុន្តែខ្ញុំនឹងមើល Pedro។ ហេតុអ្វីខ្ញុំនឹងមើលគាត់? គាត់មិនមែនជាកីឡាករល្អបំផុតទេ។ គាត់មិនមែនជាកីឡាករដែលមានទេពកោសល្យទេ។ គាត់មិនដូច Marcus ទេ។ […] ។ គាត់គឺមោះមុត។ គាត់ជាកីឡាករមានសន្ទុះ ហើយគាត់តែងតែដេញយកបាល់ នៅពេលដែលបាត់បាល់»។
ទាំងនេះជាការផ្តល់ដំបូន្មានរបស់លោក Ferdinand ទៅកាន់ Rashford ដែលរូបគេទើបផ្លាស់ទៅកាន់ Barcelona នៅរដូវកាលនេះ។ បុរសសញ្ជាតិ អង់គ្លេស វ័យ ៤៦ ឆ្នាំបានសង្កត់ធ្ងន់ថា Rashford មិនគួរមើល Messi, Henry ឬកីឡាករល្បីៗមួយចំនួនទៀតឡើយ ប៉ុន្តែកីឡាករ ដែលគេគួរយកគម្រូតាម នោះគឺជា Pedro ដោយសារគាត់ ជាកីឡាករឆន្ទៈខ្ពស់ និងតែងតែរត់នៅលើទីលាន ទោះក្នុងស្ថានភាពណាក៏ដោយ៕
ប្រភព៖ KAMPUCHEATHMEY



