Markovic កីឡាការិនីស្រស់បំផុតលើលោក រកបានក្លិបថ្មីបន្តអាជីពបាល់ទាត់

កីឡាការិនី Ana Maria Markovic ដែលត្រូវបានអ្នកគាំទ្រលើបណ្តាញសង្គមចាត់ទុកជា កីឡាការិនីបាល់ទាត់រូបស្រស់ជាងគេបង្អស់លើពិភពលោក ពេលនេះរកបានក្លិបថ្មីដើម្បីបន្តអាជីព ក្រោយគ្មានក្លិបលេងច្រើនខែរួចមក។

ក្លិប Brooklyn FC នៅអាម៉េរិក ពេលថ្មីៗនេះ បានប្រកាសអំពីសមាជិកថ្មីពួកគេ ជាកីឡាការិនីរូបសស្រស់ Ana Maria វ័យ ២៦ឆ្នាំ។ ភ្លាមៗកីឡាការិនីសញ្ជាតិក្រូអាស៊ី ក៏បានចែករំលែកការបង្ហោះនោះ ជាមួយនឹងអ្នកគាំទ្រនាង អមជាមួយនឹងឯកសណ្ឋានក្រុមថ្មី លើការបង្ហោះរូបភាពនោះ។ បើតាមការចុះផ្សាយរបស់កាសែត Soccerdonna អ្នកគាំទ្រនាងសម្បែងអារម្មណ៍រំភើបខ្លាំង អ្នកខ្លះសន្យានឹងតាមទៅទស្សនាការប្រកួតរបស់នាងដល់អាម៉េរិក។

ការចូលរួមក្លិបនៅអាម៉េរិក ធ្វើឱ្យមិត្តភក្តិនាងជាកីឡាការិនីដូចគ្នា និងតារាល្បីៗមួយចំនួន អបអរសាទរដល់នាង ក្នុងនោះក៏មានកីឡាការិនីអង់គ្លេស Chloe Kelly ដែលទើបឈ្នះពានរង្វាន់ Euro 2025 បានផ្ញើសារជូនពរមិត្តរួមអាជីព។

កីឡាការិនីវ័យ ២៦ឆ្នាំ កន្លងមក លេងនៅក្លិប Sporting Braga ប៉ុន្តែខកខានមានក្លិបលេងតាំងពីខែកុម្ភៈមក ក្រោយក្លិបនៅព័រទុយហ្កាល់ផ្តាច់កុងត្រារបស់នាងចោល។ នៅក្លិបនោះនាងលេងបានតែ ៤ប្រកួតប៉ុណ្ណោះ ហើយក៏បាត់មុខចេញពីក្រុម។

​កីឡាការិនី Ana Maria Markovic បានទាក់ទាញអ្នកគាំទ្រច្រើនសន្ធឹកសន្ធាប់ ឱ្យចុចតាមដានលើបណ្តាញសង្គម តាមរយៈសម្រស់របស់នាង។ រូបរាងនិងរូបសម្រស់ បានធ្វើឱ្យនាងត្រូវបានមនុស្សជាច្រើនគិតថា ទោះគ្មានអាជីពបាល់ទាត់ នាងក៏អាចក្លាយជាតារាបង្ហាញម៉ូដថែមទៀតផង។ បណ្តាញសង្គម Instagram របស់ Ana Maria មានចំនួនអ្នកចុចតាមដានប្រមាណ​ ២,៩លាននាក់នៅពេលនេះ។

Ana Maria Markovic កើនក្នុងប្រទេសក្រូអាស៊ី និងបានផ្លាស់ទៅរស់នៅទីក្រុង Zurich ប្រទេសស្វ៊ីស ជាកន្លែងនាងចាប់ផ្តើមអាជីពបាល់ទាត់ នៅក្រុម FC Zurich មុនផ្លាស់ទៅចូលរួមក្រុម Grasshopper។ បន្ទាប់មក នាងបានទៅលេងឱ្យក្រុម FC Braga។ ​នៅជម្រើសជាតិក្រូអាស៊ី នាងបង្ហាញខ្លួនលេង ២០លើក និងរកបាន ២គ្រាប់៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top