ប៉ារីស៖ លោក ប៉ែន ផាត អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលធ្លាប់បានប្រឡូកអាជីពនៅក្នុងក្របខណ្ឌបាល់ទាត់ថៃ សម្តែងការហួសចិត្ត ក្រោយឮអ្នកកាសែត និងអតីតកីឡាករបាល់ទាត់មួយចំនួននៅប្រទេសថៃ បានចោទថា លោកមិនដឹងគុណចំពោះថៃ។ ការលើកឡើងរបស់បុគ្គលជ្រុលនិយមទាំងនេះ គឺក្រោយពេលលោកបញ្ចេញមតិការពារជាតិខ្មែររបស់ខ្លួន ដែលរងការឈ្លានពានពីក្រុមយោធាថៃ។
«ខ្ញុំទៅប្រទេសថៃ ស្រុកខ្ញុំមិនទាន់មានសង្គ្រាមទេ [..] ខ្ញុំមានប៉ាស្ព័រ (លិខិតឆ្លងដែន) ស្រួលបួល ខ្ញុំទៅធ្វើការ ខ្ញុំទៅទាត់បាល់»។ លោក ប៉ែន ផាត ដែលបានប្រឡូកក្នុងអាជីពជាកីឡាបាល់ទាត់នៅក្លិប Rajpracha របស់ថៃពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៧ បានបញ្ជាក់ថា មុនលោកទៅថៃ លោកមានឈ្មោះល្បីល្បាញរួចទៅហើយនៅក្នុងប្រទេស រួមទាំងកម្រិតអាស៊ី មិនមែនទើបតែល្បីក្រោយទៅលេងនៅប្រទេសជិតខាងនេះឡើយ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ នៅគេហដ្ឋានរបស់លោក នាជាយក្រុងប៉ារីស ប្រទេសបារាំង អតីតកីឡាករបាល់ទាត់វ័យ៧៧ឆ្នាំរូបនេះ បានរំលឹកថា ក្នុងនាមជាអ្នកដែលធ្វើការម្នាក់លោកមិនដែលបំភ្លេចគុណអ្នកណានោះឡើយ ហើយការប្រឡូកអាជីពជាកីឡាករបាល់ទាត់នៅថៃ លោកបានសាងគុណសម្បត្តិជាច្រើន និងមានទំនាក់ទំនងដ៏ល្អកន្លងមក ប៉ុន្តែអ្វីៗបានប្រែប្រួល ដោយសារមហិច្ឆតាឈ្លានពានកម្ពុជាពីសំណាក់យោធាថៃ។
«ខ្ញុំបានធ្វើអ្វីៗឱ្យថៃច្រើនណាស់។ ខ្ញុំបង្ហាត់ផង ខ្ញុំលេងបាល់ផង»។ នេះជាការបញ្ជាក់របស់ព្រឹទ្ធចារ្យ ប៉ែន ផាត ដែលបានជួយឱ្យ Rapracha ឈ្នះពានជាច្រើន ពីឆ្នាំមុន១៩៧២ ដល់ឆ្នាំ១៩៧៧ មុននឹងបន្តប្រឡូកអាជីពនៅក្លិប Paris FC របស់បារាំង។
ទោះបីជាអាជីពជាកីឡាករបានចប់ក៏ដោយ ប៉ុន្តែលោក ប៉ែន ផាត ដែលមានរហស្សនាមថា «ពស់កេង កង» រូបនេះ នៅតែបន្តជួយដល់ថៃក្នុងការអភិវឌ្ឍន៍បាល់ទាត់យុវជនផងដែរ។ «គុណសម្បត្តិរបស់ខ្ញុំ ខ្ញុំឱ្យទៅអ្នកឯងទាំងអស់ ដល់អ្នកឯងធ្វើអ៊ឹចឹងដាក់ខ្ញុំវិញទៅ ខ្ញុំជាខ្មែរ ខ្ញុំក៏មានការឈឺចាប់ដែរ»។
ជំពាក់គុណ? សម្រាប់លោក ប៉ែន ផាត វាជារឿងដ៏ហួសចិត្ត ព្រោះកន្លងមក លោកតែងតែព្យាយាមសម្រួលគ្រប់បែបយ៉ាងពេលប្រតិភូក្រុមបាល់ទាត់ Rapracha ថៃ ទៅលេងប្រទេសបារាំង។ ក្រោយពីការសម្របសម្រួលផ្សេងៗ លោកក៏តែងតែទទួលបាយទឹកពួកគេរហូត ដោយមិនតិចជាង១០ដងឡើយ។
«នៅស្រុកថៃ ខ្ញុំមិនទៅដេកស៊ីទេ ខ្ញុំទៅធ្វើការ»។ លោករំលឹកដដែលយ៉ាងដូច្នេះ ដោយបញ្ជាក់ថា លោកពិតជាមានការឈឺចាប់ចំពោះការឈ្លានពានទឹកដី ដែលមិនបំបិទមាត់គាត់មិនឱ្យនិយាយនោះឡើយ ព្រោះលោកតែងតែគិតថាស្រុកទេស និងកូនចៅរបស់ខ្លួនជានិច្ច។
«យើងអត់ហ៊ាននិយាយសោះ បិទតែមាត់ គេជាន់យើងរហូត»។ លោកបានបន្ថែមយ៉ាងដូច្នេះ ដោយអះអាងពីពហិការមិនចូលប្រទេសថៃទៀតនោះឡើយ៕
ប្រភព៖ THMEYTHMEY