គ្រូបង្វឹកក្រុមបាល់ទាត់នារីភ្នំពេញក្រោន កញ្ញា ម៉ៅ សាវីន ថាកូនក្រុមរបស់ខ្លួនលេងបានល្អហើយ តែមិនមានសំណាងក្នុងការប្រកួតនៅយប់មិញនេះ ខណៈចំណុចខ្វះខាតត្រូវតែពង្រឹងឲ្យល្អឡើងវិញនោះគឺការគ្រប់គ្រងអារម្មណ៍ឲ្យបានល្អអំឡុងពេលប្រកួត។
កញ្ញា ម៉ៅ សាវីន បានឲ្យដឹងថា ការប្រកួតយប់មិញទល់ជាមួយ East Bengal FC គឺលេងបានល្អ លេងដោយទំនុកចិត្ត និងលេងដោយចន្ទៈតែមិនមានសំណាងអាចរកគ្រាប់បាល់បាន។ កូនក្រុមមានឱកាសច្រើនដងដែរក្នុងការរកគ្រាប់បាល់តែធ្វើមិនបានសម្រេច និងភ្លាត់បន្តិចបែរជារបូតគ្រាប់បាល់ទៅវិញ។
បញ្ជាក់ដែរថា ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ចាញ់ក្រុមមកពីប្រទេសឥណ្ឌា East Bengal FC 1-0 ក្នុងវគ្គជម្រុះពូល E នៃពានរង្វាន់បាល់ទាត់ AFC Women’s Champion League 2025។ វគ្គជម្រុះនេះកំពុងធ្វើឡើងនៅកម្ពុជា ស្របពេលប្រកួតទី២ របស់ក្រុមបាល់ទាត់នារីភ្នំពេញក្រោន នឹងប៉ះក្រុម Kitchee ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥៕
ប្រភព៖ KAMPUCHEATHMEY