ក្លិប Inter Miami កំពុងត្រៀមលក្ខណៈប្រជែងពានរង្វាន់ Leagues Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវតទល់នឹងក្រុម Orlando City មកពីលីគកំពូលអាម៉េរិកដូចគ្នា។ លោក Javier Morales គ្រូជំនួយ Inter Miami បង្ហាញក្តីរំពឹងថា Lionel Messi និង Jordi Alba នឹងអាចវិលត្រឡប់ចូលជួយក្រុមក្នុងជំនួបសំខាន់ បន្ទាប់ពីពួកគេជាពីរបួស។
កីឡដ្ឋាន Chase របស់ Inter Miami ត្រៀមស្វាគមន៍ភ្ញៀវ ជាជើងខ្លាំងមួយប្រចាំលីគកំពូលអាម៉េរិក MLS ក្រុម Orlando City ហើយការប្រកួតគ្រោងធ្វើឡើង នៅថ្ងៃទី២៨ សីហា វេលាម៉ោង ៧:៣០ព្រឹក(ម៉ោងនៅកម្ពុជា)។
កាលពីសប្តាហ៍មុន Messi ខកខានបង្ហាញខ្លួន ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ ពេល Inter Miami ផ្តួលក្រុម Tigres UANL ព្រោះបញ្ហារបួស រហែកសាច់ដុំជើងខាងស្តាំ។ ចំណែក Jordi Alba ខ្សែការពារស្លាបឆ្វេងក្នុងក្រុមវិញ ប្តូរចេញពីការប្រកួតកាលពីថ្ងៃទី២០ សីហា នោះ ព្រោះតែរងរបួសត្រង់ជង្គង់។
យ៉ាងណា អតីតកីឡាករក្រុម Barcelona ទាំងពីរ បានវិលចូលហ្វឹកហាត់ជាក្រុមឡើងវិញ នៅថ្ងៃទី២៥-២៦ សីហា ដែលនេះផ្តល់សញ្ញាល្អ ដល់ក្រុមត្រៀមការប្រជែងពានរង្វាន់ កម្រិតតំបន់ League Cup។ សប្តាហ៍មុន កីឡាករទាំងពីរ ក៏ខកខានលេងឱ្យ Inter Miami ពេលក្រុមតទល់ DC United ក្នុងជំនួបលីគកំពូល MLS។
«Alba និង Messi បានហ្វឹកហាត់ជាមួយយើង ពួកគេបញ្ចប់វគ្គហ្វឹកហាត់ទាំងអស់»។ នេះជាការលើកឡើងរបស់លោក Morales។ គ្រូជំនួយរូបនេះបានអះអាងទៀតថា៖«យើងនឹងសម្រេចចិត្តចុងក្រោយ នៅថ្ងៃស្អែក សម្រាប់ការប្រកួតនោះ ថាតើពួកគេអាចនឹងចូលលេងឱ្យក្រុមបានឬទេ? ស្របពេល Messi បានហ្វឹកហាត់យ៉ាងល្អ ហើយ យើងក៏សង្ឃឹមគេនឹងធ្វើដំណើរជាមួយយើងទៅការប្រកួតនោះ»។
កាលពីថ្ងៃទី១៦ សីហា ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន បានវិលចូលទីលាន ត្រឹមតែ ៤៥នាទី ប៉ុណ្ណោះ ទល់នឹងក្រុម LA Galaxy ស្របពេលរូគេបានរួមចំណែកស៊ុតបាល់បញ្ចូលទី ១គ្រាប់ បញ្ជូន ១គ្រាប់។ ប៉ុន្តែតាំងពីពេលនោះមក កីឡាករវ័យ ៣៨ឆ្នាំ បន្តជួបបញ្ហារបួស និងសម្រាកព្យាបាល។
ក្រៅពីជំនួបរវាង Inter Miami និង Orlando City ការជួបគ្នាមួយគូទៀតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសុទ្ធតែក្រុមពី MLS ងរវាង LA Galaxy តទល់ក្រុម Seattle Sounders។
សូមបញ្ជាក់ថា ពានរង្វាន់ League Cup ជាការប្រកួតដណ្តើមពានរង្វាន់ រវាងក្រុមមកពីលីគកំពូល MLS តទល់នឹងក្រុមមកពីលីគកំពូលម៉ិកស៊ិក Liga MX និងលីគកំពូលកាណាដា។ ក្រុមឈ្នះជើងឯកពីពានរង្វាន់នេះ នឹងឈ្នះកៅអីទៅកាន់ការប្រកួតពានរង្វាន់កម្រិតទ្វីបអាម៉េរិកខាងជើង Concacaf Champions Cup ឆ្នាំ ២០២៦៕
ប្រភព៖ THMEYTHMEY